ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឃ្លាំមើល​និយាយថា គ្មាន​ភស្តុតាង​អំពី​ការវាយប្រហារ​គីមី​ថ្មី​នៅ​ស៊ី​រី​ទេ

ក្រុម​ឃ្លាំមើល​សង្គ្រាម​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​មិនមាន​ភស្តុតាង​ណា​ដែល​បង្ហាញថា កងទ័ព​ស៊ី​រី​បាន​បើក​ការវាយប្រហារ​គីមី​ថ្មី​មួយ​ទេ ​ថ្វីបើ​ទីក្រុង​វ៉ាស៊ីនតោន​ប្រកាសថា ខ្លួន​មានការ​សង្ស័យ​ក៏ដោយ​។​

លោក Rami Abdul Rahman ប្រធាន​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​បាន​ប្រាប់ AFP ថា “​យើង​មិនមាន​ភស្តុតាង​ណាមួយ​ចំពោះ​ការវាយប្រហារ​នោះទេ​”​។ លោក​និយាយថា “​យើង​មិនបាន​កត់ត្រា​ចំពោះ​ការវាយប្រហារ​គីមី​ណាមួយ​នៅក្នុង​តំបន់​ជួរ​ភ្នំ Latakia ឡើយ​”​។​

តំបន់​ជួរ​ភ្នំ​ភាគ​ខាងជើង​មួយ​នេះ​គឺជា​ផ្នែក​តែមួយគត់​នៃ​ខេត្ត Latakia ដែល​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល​។​

វា​គឺជា​ចំណុច​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​ដែល​បាន​ផ្ទុះឡើង​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​រវាង​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​និង​ពួក​ជី​ហាដ​និយម​ដែល​ពួកគេ​បាន​ប្រើប្រាស់​ទីនេះ​ជាទី​តាំង​សម្រាប់​ការបាញ់​រ៉ុក្កែត​និង​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ទៅលើ​មូលដ្ឋាន​អាកាស Hmeimim របស់​រុស្ស៊ី​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​។​

សម្ព័ន្ធភាព Hayat Tahrir al-Sham ដែល​ដឹកនាំ​ដោយ​អតីត​សម្ព័ន្ធ​ក្រុម​អាល់​កៃ​ដា​របស់​ស៊ី​រី​បាន​ចោទប្រកាន់​កងកម្លាំងរ​ដ្ឋា​ភិ​បាល​កាលពី​ថ្ងៃអាទិត្យ​ថា​បាន​បើក​ការវាយប្រហារ​ឧស្ម័ន​ក្ល​រី​ន​ទៅលើ​ក្រុម​អ្នក​ប្រយុទ្ធ​របស់ខ្លួន​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត Latakia​។​

ប្រភព​យោធា​បាន​ប្រាប់​កាសែត Al-Watan គាំទ្រ​រដ្ឋាភិបាល​ថា កងទ័ព​ស៊ី​រី​សូម​ច្រានចោល​របាយការណ៍​នេះ​ថា​ជាការ​ប្រឌិត​។​

ប៉ុន្តែ​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​កំពុង​វាយតម្លៃ​លើ​ការចង្អុលបង្ហាញ​នានា​ដែលថា រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Bashar al-Assad បាន​ប្រើប្រាស់​អាវុធ​គីមី​កាលពី​ថ្ងៃអាទិត្យ​។​

ប្រមុខ​ក្រុម​អង្កេត​ការណ៍​បាន​និយាយថា មានតែ​ពួក​ជី​ហាដ​ប៉ុណ្ណោះ​ដែលមាន​វត្ត​មាននៅ​កន្លែង​នៃ​ការវាយប្រហារ​កាលពី​ថ្ងៃ​អាទិត្យ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​មិនអាច​ទៅរួច​ទេ​ដើម្បី​បញ្ជាក់​អំពី​ហេតុការណ៍​នេះ​។​

លោក Abdel Rahman បាន​និយាយថា “​មិនមាន​ជន​ស៊ីវិល​នៅក្នុង​តំបន់​នោះទេ​”​។​
​ក្រុមអធិការកិច្ច​អន្តរជាតិ​បាន​និយាយថា កងកម្លាំង​របស់លោក Assad បានធ្វើការ​វាយប្រហារ​គីមី​ជាច្រើនលើក​ក្នុងអំឡុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ដែល​បានសម្លាប់​មនុស្ស​ជាង​៣៧០,០០០​នាក់​និង​បម្លាស់​ទី​មនុស្ស​រាប់លាន​នាក់​ចាប់តាំងពី​វា​បានចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១១៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114