ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បី​ថា​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ប្រមូលផ្តុំ​ដើមខែ​ក្រោយ ត្រៀម​ទទួល​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ World Cup វគ្គ​បឋម​កម្រិត​ទ្វីប

ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup ដែល​រៀបចំ​នៅ​ប្រទេស​កាតារ​ក្នុង​ឆ្នាំ​២០២២ នឹង​ចាប់ផ្តើម​ប្រកួត​ជម្រុះ​ក្រុម​មកពី​តាម​ទ្វីប​នីមួយៗ​ហើយ ខណៈ​នៅក្នុង​ទ្វីបអាស៊ី តម្រូវឱ្យ​សមាជិក​ចំនួន​៤៦​ប្រទេស​ប្រកួត​ជម្រុះ​៤​វគ្គ​ផ្សេងៗ​គ្នា ដើម្បី​ស្វែងរក​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​កៅអី​កន្លះ តំណាងឱ្យ​អាស៊ី ឡើងទៅ​ប្រកួត​វគ្គ​៣២​ក្រុម​ចុងក្រោយ​នៅ​ចុងឆ្នាំ​២០២២ ខាងមុខ​។​

​ចំពោះ​ក្រុម​កម្ពុជា ស្ថិតក្នុង​បញ្ជី​ក្រុម​ត្រូវ​ប្រកួត​ជម្រុះ​ដំបូង​ជាមួយ​ក្រុម​ចំនួន​១២​ផ្សេងទៀត ខណៈ​ការចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​កន្លងទៅ នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្រុម​កម្ពុជា​ត្រូវ​ប៉ះ​ប៉ា​គី​ស្ថាន ក្នុង​វគ្គ​ជម្រុះ​បឋម​នេះ​។ ចំណែក​៥​គូ​ផ្សេងទៀត​គឺ​ក្រុម​ម៉ុង​ហ្គោ​លី ប៉ះ​ប្រ៊ុយណេ ហើយ​ម៉ា​កាវ ជួប​ស្រីលង្កា ហើយ​ឡាវ​ប៉ះ​បង់​ក្លា​ដេ​ស ម៉ាឡេស៊ី ជួប​ទី​ម័​រ​ខាងកើត និង​ប៊ូ​តង់ ប៉ះ​កោះ​ហ្គា​ម​។ ក្រុម​ទាំង​៦​គូ​នេះ​ត្រូវ​ប៉ះគ្នា​២​លើក​ដោយ​ប្តូ​រទាំង​ដី​គ្នា ខណៈ​ប្រកួត​ទី​១​ធ្វើឡើង​នៅ​ថ្ងៃទី​៦​ខែមិថុនា និង​ជើង​ទី​២​ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែមិថុនា ឆ្នាំ​២០១៩​ដូចគ្នា​។​

​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​ចំនួន​២​ជើង​ដែលមាន​៦​ក្រុម​នេះ​មានឈ្មោះ​ឡើងទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ដែលជា​ជុំ​ទី​២​ជាមួយ​ក្រុម​ខ្លាំង​៣៤​ផ្សេងទៀត ហើយ​ក្រុម​ខ្លាំង​តាម​ពូ​ល​នីមួយៗ នឹងមាន​ឈ្មោះ​ប្រកួត​បន្ត​នៅ​វគ្គ​ទី​៣​និង​វគ្គ​ទី​៤​រហូតដល់​រកឃើញ​ក្រុម​តំណាងឱ្យ​ទ្វីប​តែម្តង​។ កម្មវិធី​ប្រកួត​ទាំង​៤​វគ្គ​នេះ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០២១​។​

​ចំពោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​ក្រុម Honda Keisuke ត្រូវបាន​ប្រភព​គួរឱ្យ​ទុកចិត្ត​មួយ​បញ្ជាក់ថា​នឹង​ប្រមូលផ្តុំ​កីឡាករ​ឆ្នើមៗ​ចាប់ពី​ថ្ងៃ​ច័ន្ទ ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ តទៅ​ពោលគឺ​លី​គ​កំពូល​កម្ពុជា បញ្ចប់​ការប្រកួត​ត្រឹម​សប្ដាហ៍​ទី​៩​ខាងមុខនេះ​។ ចំណែក​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន វិញ​បានដាក់​បេសកម្ម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ប៉ា​រ៉ែ​ន ១​សប្ដាហ៍​មុន​ធ្វើដំណើរ​មក​ប្រកួត​ជើង​ទី​១ នៅ​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា​កាលពី​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​2018 FIFA World Cup កន្លងទៅ​ក្រុម​កម្ពុជា បាន​យកឈ្នះ​ក្រុម​ម៉ា​កាវ ដោយ​លទ្ធផល​៤​ទល់​១ ក្នុង​វគ្គ​ជម្រុះ​បឋម ហើយ​បន្ត​ឡើងទៅ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២​ជា​បន្ត​ដោយ​ស្ថិតក្នុង​ពូ​ល​ជាមួយ​ជប៉ុន​,​ស៊ី​រី​,​សឹង្ហ​បុរី​,​អា​ហ្វ​ហ្គា​នី​ស្ថាន តែ​កម្ពុជា​ប្រកួត​៨​លើក​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​ចាញ់​ទាំង​៨ ព្រមទាំង​របូត​គ្រាប់​បាល់​២៧​គ្រាប់​និង​ទាត់​បាល់​ចូល​ទី​គេ​វិញ​បាន​១​គ្រាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114