ព័ត៍មានទាន់​ហេតុការណ៏
Search

ការប៉ុនប៉ង​ចុងក្រោយ​របស់លោក​ស្រី May ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង Brexit កំពុង​ជួប​ហានិភ័យ

ការប៉ុនប៉ង​ចុងក្រោយ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី Theresa May ដើម្បី​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់លោក​ស្រី​ហាក់ដូចជា​បរាជ័យ​កាលពី​ថ្ងៃ​ពុធ​នៅពេលដែល​អ្នក​អភិរក្សនិយម​គាំទ្រ Brexit និង​សមាជិកសភា​គណបក្សប្រឆាំង​បាន​បដិសេធ​ការប៉ុនប៉ង​របស់លោក​ស្រី​ក្នុងការ​សម្រុះសម្រួល​មួយ​ដើម្បី​បញ្ចប់​ភាពជាប់គាំង​ជាច្រើន​ខែ​។​

មេដឹកនាំ​រូបនេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​កិច្ចប្រជុំ​ដ៏​លំបាក​មួយ​នៅ Prime Minister’s Questions ក្នុង​សភា​មុន​ការបោះឆ្នោត​អឺរ៉ុប​ដែល​ចក្រភព​អង់គ្លេស​មិន​រំពឹងថា​នឹងចូលរួម​, បី​ឆ្នាំ​បន្ទាប់ពី​ការធ្វើប្រជាមតិ Brexit​។​

លោកស្រី May បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អង្គា​រថា​នឹង​ផ្តល់​ឲ្យ​សមាជិកសភា​នូវ​ការបោះឆ្នោត​មួយ​ស្តីពី​ការធ្វើប្រជាមតិ​ជា​សាធារណៈ​លើ Brexit ប្រសិនបើ​ពួកគេ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ដកខ្លួន​របស់លោក​ស្រី​នៅក្នុង​ការបោះឆ្នោត​ជា​បន្តបន្ទាប់​ដែល​នឹង​ចាប់ផ្តើម​នៅ​ដើមខែ​មិថុនា​។​

លោកស្រី​ក៏​រៀបចំ​ការសម្រុះសម្រួល​ផ្សេងទៀត​ផងដែរ​ទៅលើ​កិច្ចព្រមព្រៀង​នេះ​ដោយ​សំដៅលើ​សមាជិកសភា​គណ​បក្សប្រឆាំង​ក្នុង​គោលបំណង​បំបែក​គណបក្សប្រឆាំង​ដែល​បានធ្វើ​ឲ្យ​សភា​ច្រានចោល​ផែនការ​របស់លោក​ស្រី​ចំនួន​បី​ដង​រួចមកហើយ​នៅ​ឆ្នាំនេះ​។​

លោកស្រី​បាន​និយាយថា លោកស្រី​នឹង​ចាក​ចេញពី​តំណែង​ភ្លាមៗ​បន្ទាប់ពី​វិធាន​ការដែល​លោកស្រី​លើកឡើង​ត្រូវបាន​បោះឆ្នោត​ថ្វីបើ​លទ្ធផល​ចេញមក​យ៉ាងម៉េច​ក៏ដោយ​។​
​លោកស្រី May បាន​និយាយថា “​ខ្ញុំ​ទទួលស្គាល់​ពី​អារម្មណ៍​រឹងមាំ​យ៉ាងពិត​ប្រាកដ​និង​ភាពស្មោះត្រង់​នៅ​ទូទាំង​សភា​អំពី​បញ្ហា​ដ៏​សំខាន់​នេះ​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ សមាជិកសភា​មកពី​ទូទាំងប្រទេស​បាន​ប្រតិកម្ម​ទាំង​ខឹងសម្បា​ចំពោះ​សំណើ​ចុងក្រោយ​របស់លោក​ស្រី​នាយករដ្ឋមន្ត្រី​ដោយ​ក្រុម​អ្នក​អភិរក្សនិយម Brexit បាន​អះអាង​អំពី​ការ​ក្បត់​ហើយ​សមាជិកសភា​គណបក្ស​ប្រឆាំង​បាន​និយាយថា លោកស្រី​មិនមាន​ការសម្រុះសម្រួល​គ្រប់គ្រាន់​ទេ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114