ព័ត៍មានទាន់​ហេតុការណ៏
Search

ត្បូងឃ្មុំ និង​សៀមរាប ដឹកនាំ​គ្នា​ឡើងទៅ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត

ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១៣ ឆ្នាំ​២០១៩ (Hun Sen Cup 2019) ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(​ស​.​ប​.​ក​) បានចាប់ផ្ដើម​ពី​ចុងខែ​កុម្ភៈ មកម្ល៉េះ​ដោយមាន​ការប្រកួត​បែង​ចែកចេញជា ២​វគ្គ​ដូច​កាលពី​ឆ្នាំ​២០១៨ ដែរ​គឺ​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ប្រកួត​ជម្រុះ​ថ្នាក់ជាតិ​។​

​ការប្រកួត​វគ្គ​ថ្នាក់​ខេត្ត​ចាប់ផ្ដើម​មុនគេ​ដោយ​ចាប់​ប្រកួត​ពីថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​មាន​ក្រុម​ទាំងអស់​ចំនួន​២៣​ចូលរួម មកពី​២៣​ខេត្ត ដែល​បែង​ចែកចេញជា ៦​ពូ​ល​ដែល​១​ពូ​ល​មាន ៤​ក្រុម លើកលែងតែ​ពូ​ល F ដែល​មានតែ​៣​ក្រុម​ធ្វើការ​ប្រកួត​ចំនួន​មួយ​ជើង​ប៉ុណ្ណោះ​។ គិត​ត្រឹម​ពេលនេះ​គណៈកម្មការ​បាន​រកឃើញ​ក្រុម​ឡើងទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយ​គឺ​ក្រុម​ខេត្តសៀមរាប និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ​។​

ចំពោះ​លទ្ធផល​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ថ្នាក់​ខេត្ត​ពានរង្វាន់​សម្តេច​តេ​ជោ ដែល​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ​ពុធ ទី​២២ ខែឧសភា ឆ្នាំ​២០១៩ សប្ដាហ៍​នេះ​គឺ​ក្រុម​ខេត្តសៀមរាប បាន​យកឈ្នះ​លើ​ក្រុម​ខេត្តកោះកុង ដោយ​លទ្ធផល ២​ទល់​១ លើ​ទីលាន​ខេត្តសៀមរាប ហើយ​ក្រុម​ខេត្ត​ត្បូងឃ្មុំ ប្រកួត​ឈ្នះ​ក្រុម​ខេត្ត​រតនគីរី ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី ៣​ទល់​២ ក្រោយ​ប្រកួត​ស្មើគ្នា​នៅ​ម៉ោង​ពេញ​២​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​។​

ដូច្នេះ​ក្រុម​ដែល​បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​វគ្គ​ថ្នាក់​ខេត្ត​ចំនួន​២​ក្រុម​គឺ​ក្រុម​ខេត្តសៀមរាប និង​ក្រុម​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​វគ្គ​ថ្នាក់ជាតិ ជា​បន្តទៀត​ជាមួយ​ក្រុម​ចំនួន​១៤ ដែលជា​សមាជិក​នៃ​លី​គ​កំពូល​កម្ពុជា រដូវ​កាល​២០១៩ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ចាប់ពី​ថ្ងៃទី​១៩ ខែមិថុនា​ប្រកួត​ចំនួន​២​ជើង (​ក្នុង​ដី និង​ក្រៅ​ដី​) លើកលែងតែ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ប្រកួត​តែ ១​ជើង​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹងធ្វើ​ឡើង​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114