ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ថាបនិក Huawei ថា​ អាមេរិក​កំពុង​មើលស្រាល​ក្រុមហ៊ុន​ខ្លួន​ពេក​ហើយ​

កាលពី​ថ្ងៃ​អង្គារ ស្ថាបនិក​ក្រុមហ៊ុន Huawei​លោក Ren Zhengfei បាន​ញាក់ស្មា​ធ្វើ​ហី​ចំពោះ​ចេតនា​របស់​អាមេរិក​ក្នុងការ​រារាំង​មហិច្ឆតា​ជា​សាកល​របស់​ក្រុមហ៊ុន​ខ្លួន ដោយ​និយាយថា សហរដ្ឋអាមេរិក​កំពុង​មើលស្រាល​សមត្ថភាព​ក្រុមហ៊ុន​យក្ស​មួយ​នេះ​ពេក​ហើយ​។​

លោក Ren បាន​ថ្លែង​បែបនេះ​ទៅកាន់​សារព័ត៌មាន​របស់​ចិន​ប៉ុន្មាន​ថ្ងៃ ​បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​ បានចេញ​បញ្ជា​ជាច្រើន​ក្នុង​គោលបំណង​បង្អាក់ដំណើរ​ការរកស៊ី​របស់​ក្រុមហ៊ុន Huawei ក្នុង​សហរដ្ឋអាមេរិក ដែលជា​ការគាបសង្កត់​ចុងក្រោយ​ប្រើ​រយៈពេល​ជាច្រើន​ខែ​ដើម្បី​បញ្ឈប់​តួនាទី​របស់​ក្រុមហ៊ុន​ផលិត​ទូរ​ស័ព្ទ​ចិន​មួយ​នេះ​ចេញពី​តារាង​ចំណាត់ថ្នាក់​កំពូល​នៃ​បច្ចេកវិទ្យា 5G​។​

តាម​ការចុះផ្សាយ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ លោក Ren បាន​និយាយថា “​ការអនុវត្ត​របស់​អ្នកនយោបាយ​អាមេរិក​បច្ចុប្បន្ននេះ​គឺ​កំពុង​មើលងាយ​កម្លាំង​របស់​យើង​ហើយ​!”
“​បច្ចេកវិទ្យា 5G របស់ Huawei នឹងមិន​រង​ផលប៉ះពាល់​អ្វី​ទាល់តែសោះ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា 5G ក្រុមហ៊ុន​ផ្សេងទៀត​មិនអាច​ដើរទា​ន់ Huawei ដោយ​ប្រើពេល​ត្រឹម​២​ឬ​៣​ឆ្នាំ​បានឡើយ​!”

គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន លោក​ត្រាំ​បានប្រកាស​អាសន្ន​ជាតិ​ដែល​បានផ្ដល់​អំណាច​ឱ្យ​លោក​ដាក់បញ្ចូល​ក្រុមហ៊ុន​ជាច្រើន​ទៅក្នុង​បញ្ជីខ្មៅ ថា​ជា “​ហានិភ័យ​ដែល​មិនអាច​ទទួលយកបាន​ចំពោះ​សន្តិសុខ​ជាតិ​អាមេរិក​” ជា​ចលនា​មួយ​ដែល​ក្រុមអ្នកវិភាគ​អះអាងថា​ផ្ដោត​គោលដៅ​លើ​ក្រុមហ៊ុន Huawei យ៉ាងច្បាស់​ក្រឡែត​។​

ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​របស់​អា​មេ​រិ​ក​គឺ Google និង​ជា​អ្នក​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែល​គ្រប់គ្រង​លើ​ស្មា​ត​ហ្វូ​ន​ភាគច្រើន​របស់​ពិភពលោក​នោះ ​ក៏បាន​និយាយ​ក្នុង​សប្ដាហ៍​នេះដែរ​ថា​នឹង​កាត់ផ្ដាច់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន Huawei ដោយសារ​ការហាម​ប្រាម​នេះ​។​

ការផ្លាស់ប្ដូរ​នេះ​អាច​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​អ្នក​ប្រើ​ស្មា​ត​ហ្វូ​ន​ទាំងអស់​របស់ Huawei ព្រោះតែ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​មួយ​នេះ​លែង​អាច​ប្រើ​សេវាកម្ម​ទាំងអស់​ដែលជា​កម្មសិទ្ធិ​របស់ Google រួមទាំង Gmail និង Google Maps​ផងដែរ​។ នេះ​បើតាម​ប្រភព​ជិតស្និទ្ធ​មួយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ ក៏ប៉ុន្តែ​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ក៏បាន​ដាក់ចេញ​ការពន្យារពេល​លើ​បម្រាម​នេះ​រយៈពេល​៩០​ថ្ងៃ​លើ​ការផ្ទេរ​បច្ចេកវិទ្យា​ដោយ​អនុញ្ញាត​ឱ្យមាន​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114