ព័ត៍មានទាន់​ហេតុការណ៏
Search

សេចក្តីស្នើច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប គ្រាន់តែ​ដើម្បី​បោកប្រាស់​ចិញ្ចឹម​ចលនា​ប្រឆាំង ដែល​មាន​សម រង្ស៊ី និង មូរ សុខ​ហួរ ជា​មេខ្លោង

ភ្នំពេញ​ ៖ សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប មកពី​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ របស់​អាមេរិក បានរួម​គ្នា​ធ្វើ​ស្នើច្បាប់​ថ្មី​មួយ ដើម្បី​គាំទ្រ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ ហើយ​សេចក្តីស្នើច្បាប់​នេះ ក៏​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដោះលែង និង​ទម្លាក់​ចោល​ការចោទប្រកាន់​ទៅលើ​ក្រុម​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា ច្បាប់​នេះ​ធ្វើឡើង​គ្រាន់តែ​ដើម្បី​បោកប្រាស់ និង​ចិញ្ចឹម​ចលនា​ប្រឆាំង ដែល​មាន សម រង្ស៊ី និង មូរ សុខ​ហួរ ជា​មេខ្លោង​តែប៉ុណ្ណោះ​។​

លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក ជាប់ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​អាមេរិក មិនមែន​ជាប់ឆ្នោត​ដោយសារ​ប្រជាពលរដ្ឋ​កម្ពុជា​ទេ ដូច្នេះ​គេ​ធ្វើការ​បម្រើ​ឲ្យ​អាមេរិក ចំណែក​កម្ពុ​ជាមាន​តំណាងរាស្ត្រ សម្រាប់ធ្វើ​ច្បាប់​ដោយ​ខ្លួនឯង​ហើយ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​សមាជិកសភា​អាមេរិក​ជាប់ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​អាមេរិក ដូច្នេះ​គេ​ធ្វើការ​បម្រើ​ឲ្យ​អាមេរិក​ទៅ គាត់​មិនមែន​ជាប់ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​ធ្វើការ​សម្រាប់​កម្ពុជា​ទេ ដូច្នេះ​គាត់​គួរ​គិតគូរ​អំពី​សង្គម​របស់​អាមេរិក​ចុះ ឯ​កម្ពុ​ជាមាន​តំណាងរាស្ត្រ មាន​រាជរដ្ឋាភិបាល ដែល​ជាប់ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​ខ្លួនឯង ធ្វើ​ច្បាប់ អនុម័ត​ច្បាប់​សម្រាប់​ប្រទេស​កម្ពុជា​ខ្លួនឯង អីចឹង​រឿង​សមាជិកសភា​អាមេរិក​ទៅ​ខ្វល់​រឿង​កិច្ចព្រមព្រៀង រឿង​ច្បាប់​រឿង​អី អាហ្នឹង​យកទៅអនុវត្ត​នៅ​ស្រុក​អាមេរិក​ទៅ កម្ពុជា​អត់​ត្រូវការ​ទេ​”​។​

តាម​លោក ឈឹម ផល​វរុណ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប៉ុន្មាន​នាក់​ហ្នឹង គាត់​មិនមែន​ល្ងង់​ទេ គាត់​ដឹង​។ តែ​ការចង់​ធ្វើ​ច្បាប់​សម្រាប់​ប្រទេស​ផ្សេងៗ​នោះ វា​គ្មាន​ប្រសិទ្ធភាព​អី​ទេ ពីព្រោះ​ច្បាប់​គេ​អនុវត្ត​តែ​នៅក្នុង​ប្រទេស​អាមេរិក ដូច្នេះ​គាត់​ដឹងថា ច្បាប់​នេះ​គាត់​ធ្វើឡើង​គ្រាន់តែ​ជា​ចិត្តសាស្ត្រ​នយោបាយ ដើម្បី​ចិញ្ចឹមចិត្ត​ពួក​ប្រឆាំង​ប៉ុណ្ណោះ តែ​សម្រាប់ធ្វើ​ឲ្យ​ទៅជា​លក្ខណៈ​ច្បាប់ ដើម្បី​យកទៅអនុវត្ត​នោះ មិនអាច​ទៅរួច​ទេ ពួកគេ​ដឹង​ច្បាស់​ណាស់ វា​គ្មាន​ឥទ្ធិពល​អ្វី​មកលើ​កម្ពុជា​ទេ ពីព្រោះ​ច្បាប់​របស់​ប្រទេស​នីមួយៗ សភា​របស់​ប្រទេស​នីមួយៗ​ធ្វើ​ច្បាប់​សម្រាប់​អនុវត្ត​តែ​លើ​ទឹកដី​របស់ខ្លួន​ប៉ុណ្ណោះ “​ប៉ុន្តែ​គាត់​ធ្វើ​ហ្នឹង ដើម្បី​បោកប្រាស់ ឬ​ដើម្បី​ចិញ្ចឹម​ចលនា​ប្រឆាំង ដែលមាន សម រង្ស៊ី មូរ សុខ​ហួរ ជា​មេខ្លោង ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ទេ រឿង​មានតែ​ប៉ុណ្ណឹង​។ ពីព្រោះ​ពួកនេះ ជា​ចៅហ្វាយនាយ​របស់ សម រង្ស៊ី កឹម សុខា ហ្នឹងឯង ទើប​គេ​ធ្វើ​ដើម្បី​បោក​បញ្ឆោត ចិញ្ចឹម​ចលនា​ប្រឆាំង ហើយ​ជា​វិធី​ក្នុងការ​ចិញ្ចឹម​ចលនា​បដិវត្ត​ព​ណ៏​ហ្នឹងឯង​”​។​

គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ សមាជិក​ព្រឹទ្ធសភា​អាមេរិក​៣​រូប មួយរូប​មកពី​ខាង​គណបក្ស​សាធារណរដ្ឋ លោក លិ​ន​ស៊ី ហ្ក្រា​ហែម (Linsey Graham) ជា​អ្នក​ផ្តួចផ្តើម​ស្នើច្បាប់​នេះ និង​គាំទ្រ​ដោយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ពីររូប​ទៀត គឺ​លោក ឌិ​ក ឌើ​ប៊ិន (Dick Durbin) ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​លោក ម៉ា​កូ រូ​ប៊ី​អូ (Marco Rubio) ខាង​គណបក្ស​សាធារណរដ្ឋ បាន​រួមគ្នា​ស្នើច្បាប់​ថ្មី​មួយ ឈ្មោះថា S.1468 ដើម្បី​គាំទ្រ​ឲ្យ​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ពេញលេញ ហើយ​សេចក្តីស្នើច្បាប់​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សន្តិសុខ​ក្នុង​តំបន់ ការពារ​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា កុំ​ឲ្យ​លុះ​តាម​ឥទ្ធិពល​របស់​ចិន ហើយ​តម្រូវ​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លោក កឹម សុខា និង​ទម្លាក់ចោល​ការចោទប្រកាន់​លើ​លោក សម រង្ស៊ី ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114