ព័ត៍មានទាន់​ហេតុការណ៏
Search

ជំងឺ​គ្រុន​ជ្រូក​ធ្វើឱ្យ​តម្លៃ​សាច់ជ្រូក​កាន់តែ​ឡើងថ្លៃ​

រឿងអាស្រូវ​ដ៏​កាច​សាហាវ​ក្នុង​ឆ្នាំ​ជ្រូក​នេះ បាន​ផ្ទុះ​ចេញ​នូវ​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​ដែល​បង្ក​ជាការ​វឹកវរ​ដ៏​ធំ​ដោយ​អាចធ្វើឱ្យ​តម្លៃ​សាច់ជ្រូក​ឡើងថ្លៃ​ខ្លាំង​មិន​ធ្លាប់មាន​ពីមុនមក​។​

យោងតាម​អង្គការ​ចំណីអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា តម្លៃ​សាច់ជ្រូក​ចាប់ផ្ដើម​កើនឡើង​ខ្លាំង​ហើយ គឺ​ឡើងថ្លៃ​រហូតដល់​៥០%​ក្នុងប្រទេស​ចិន​។​

​យោងតាម​ក្រុមហ៊ុន Cyclope ដែលជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ប្រើប្រាស់​ថា នៅ​អឺរ៉ុប ការ​ឡើងថ្លៃ​សាច់ជ្រូក​នេះ​កើន​ដល់​១៨% តាំងពីដើម​ខែមីនា ខណៈ​នៅ​ជប៉ុន​និង​កូរ៉េខាងត្បូង​ដែលជា​ប្រទេស​នាំចូល​សាច់ជ្រូក​ដ៏​ធំ​បានចាប់ផ្ដើម​ធ្វើ​ទុនបម្រុង​ក្នុងករណី​ដែល​ការផ្គត់ផ្គង់​មានការ​ខ្វះខាត​។

ប្រទេស​ចិន​គឺជា​ប្រទេស​បរិភោគ​និង​ផលិត​សាច់ជ្រូក​ធំ​បំផុត​ក្នុង​ពិភពលោក និង​ជា​ប្រទេស​ដែល​ចិញ្ចឹម​ជ្រូក​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​ជ្រូក​ទូទាំង​ពិភពលោក​។ បានន័យថា​ប្រទេស​នេះ​ប្រើ​សាច់ជ្រូក​គឺជា​ម្ហូប​គោល​របស់ខ្លួន​។​

ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​អាហ្វ្រិក​គឺជា​វីរុស​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ប៉ុន្តែ​អាច​សម្លាប់​ជ្រូក និង​ជ្រូកព្រៃ​បានចាប់ផ្ដើម​សាយភាយ​ពាសពេញ​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ មន្ត្រី​ចិន​ជាច្រើនរូប​បាន​និយាយថា ជ្រូក​រាប់រយ​ពាន់​ក្បាល​ត្រូវបាន​សម្លាប់ចោល​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​នេះ ដែលជា​ការខិតខំ​ប្រឹង​ប្រែង​មួយ​ក្នុង​ការដាក់កំហិត​ចំពោះ​ការធ្វើ​បម្លាស់​ទី​ជ្រូក​ពី​កន្លែង​ដែលមាន​ជំងឺឆ្លង​។​

ប្រទេស​កម្ពុជា ម៉ុង​ហ្គោ​លី និង​វៀតណាម​ក៏បាន​ទទួលរង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​ដូចគ្នា ដែល​ជ្រូក​ប្រហែល​១០​ម៉ឺន​ក្បាល​ត្រូវ​សម្លាប់ចោល​គិត​ទាំង​៣​ប្រទេស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114