ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​បរទេស​រា​ប់​រយ​ក្រុមហ៊ុន​ចូលរួម​តាំងពិព័រណ៍​ពាណិជ្ជកម្ម​នៅ​កូរ៉េខាងជើង ទោះបី​មានទណ្ឌ​កម្ម​ក៏ដោយ​

ក្រុមអ្នកវិភាគ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុងប្រទេស​កូរ៉េខាងជើង​នៅ​សប្ដាហ៍​នេះ ​អាចជា​ព្រឹត្តិការណ៍​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយមាន​អាជីវករ​ជនជាតិ​ចិន និង​មកពី​ប្រទេស​ដទៃទៀត​រាប់រយ​នាក់មក​ចូលរួម​ដាក់តាំង​ស្តង់ ទោះបី​មាន​សម្ពាធ​ទណ្ឌកម្ម​យ៉ាងណាក្ដី​។​

ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA​បាន​រាយការណ៍​ថា ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​រដូវ​ផ្កា​រីក​ក្រុង Pyongyang លើក​ទី​២២​បាន​ចាប់​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ច័ន្ទ​ក្រោម​អធិបតីភាព​របស់​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​ជាច្រើនរូប​។

ស្ថាប័ន​ព័ត៌មាន​ដដែល​បាន​បន្តថា ព្រឹត្តិការណ៍​នេះ​មាន​ក្រុមហ៊ុន​ជាង​៤៥០​មកពី​កូរ៉េខាងជើង ចិន រុស្សី ប៉ា​គី​ស្ថាន ប៉ូឡូញ និង​ប្រទេស​ដទៃទៀត​បានដាក់​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​។
​យោងតាម​បទ​វិភាគ​មួយ​ដកស្រង់​ពី​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ NK News​ពី​ឆ្នាំ​២០០៧ ដល់​២០០៩ បង្ហាញថា​តួលេខ​នេះ​នឹង​ធ្វើឱ្យ​ពិព័រណ៍​មួយ​នេះ​ក្លាយជា​ព្រឹត្តិការណ៍​ធំ​បំផុត​រៀបចំ​ដោយ​កូរ៉េខាងជើង​។​

ជា​ឧទាហរណ៍ កាលពី​ឆ្នាំមុន មាន​ក្រុមហ៊ុន​ចំនួន​២៦០​ដែល​បាន​ចូលរួម​ដាក់តាំង​ក្នុង​ពិព័រណ៍​រដូវ​ផ្កា​រីក​នេះ​។ NK News ក៏​និយាយ​ក្នុង​បទ​វិភាគ​ដែរ​ថា ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ដាក់តាំង​ក្នុងឆ្នាំនេះ មាន​ក្រុមហ៊ុន​ចិន​២១៦​ក្រុមហ៊ុន​។

សារព័ត៌មាន​រដ្ឋ​បន្ថែមថា មន្ត្រី​កូរ៉េខាងជើង​ជាច្រើនរូប​បាន​ចូលរួម​បើក​ឱ្យ​ដំណើរការ​ពិព័រណ៍​ជា​ផ្លូវការ​ដោយបាន​មានប្រសាសន៍ថា​នេះ​ជា​ឱកាស​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម កិច្ចសហការ​សេដ្ឋកិច្ច វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ជាមួយ​ប្រទេស​ដែល​ចូលរួម​៕REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114