ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃ​ទី​៦​នៃ​យុទ្ធនា​ការឃោសនា មាន​គណបក្ស​ចំនួន​៦ បាន​ធ្វើ​សកម្មភាព​នៅ​តាម​មណ្ឌល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញ ​៖​ ថ្ងៃនេះ​ទី​២២ ខែឧសភា ឆ្នាំ​២០១៩ ត្រូវជា​ថ្ងៃទី​៦ នៃ​ការឃោសនា​រក​សំឡេងឆ្នោត មាន​គណបក្ស​នយោបាយ​ចំនួន ៦ បានធ្វើ​សកម្មភាព​ឃោសនា​នៅតាម​មណ្ឌល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងនោះ​មាន​គណបក្ស​នយោបាយ ចំនួន​៣ បាន​ហែ​ក្បួន​ឃោសនា នេះ​បើតាម​ការបញ្ជាក់​ពី គ​.​ជ​.​ប​។​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​ថា គណបក្សនយោបាយ​ចំនួន​៦ ដែល​បានធ្វើ​សកម្មភាព​ឃោសនា​នោះ​រួមមាន ទី​១. គណបក្ស ឆន្ទៈ​ខ្មែរ បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា នៅ​ខេត្តសៀមរាប ចែក​ខិត្តប័ណ្ណ ចាក់​មេក្រូ ចល័ត នៅ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប ៣០​នាក់ រថយន្ត ១​គ្រឿង និង​ម៉ូតូ ៧​គ្រឿង​។​ ទី​២. គណបក្ស​សញ្ជាតិ​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន នៅ​ខេត្តតាកែវ ដោយមាន​អ្នកចូលរួម​សរុប ៦០​នាក់ រថយន្ដ ៩​គ្រឿង និង​ម៉ូតូ ១៥​គ្រឿង​។ ទី​៣. គណបក្ស​យុវជន​កម្ពុជា បានធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​នៅ​រាជធានី​ភ្នំពេញ ដោយ​ហែ​ចេញពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​បញ្ចប់​នៅ​ទីស្នាក់ការ​កណ្តាល​វិញ និង​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ ៣​ឃុំ ក្នុងស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយមាន​អ្នកចូលរួម ៥៦​នាក់ រថយន្ត ៤​គ្រឿង ម៉ូតូ ២០​គ្រឿង និង​ម៉ូតូ​កង់​បី ២​គ្រឿង​។​

រីឯ​គណបក្សនយោបាយ ចំនួន​៣​ទៀត គឺ​ទី​១. គណបក្ស​ប្រជាជន​កម្ពុជា បានធ្វើ​សកម្មភាព​ប្រជុំ​ជាមួយ​សមាជិក សមាជិកា​បក្ស បេក្ខជន​ឈរឈ្មោះ អង្គ​បោះឆ្នោត និង​ចាក់​មេក្រូ​ផ្សព្វផ្សាយ​គោលនយោបាយ​នៅ​តាម​ទីស្នាក់ការ​បក្ស​ក្នុង​រាជធានី ខេត្ត ចំនួន​១៦ រួមមាន រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ពោធិ៍សាត់ តាកែវ ព្រះសីហនុ រតនគិរី​មណ្ឌលគិរី ស្ទឹងត្រែង សៀមរាប ព្រះវិហារ ត្បូង​ឃុំ ព្រៃវែង ឧ​ត្ត​រ​មានជ័យ បាត់ដំបង កំពង់ស្ពឺ និង​ខេត្ត​ប៉ៃលិន ដោយមាន​អ្នកចូលរួម​សរុប ៣,៥២០​នាក់​។​ ទី​២. គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានធ្វើ​សកម្មភាព​ជួបជុំ​ផ្សព្វផ្សាយ​គោលនយោបាយ​បក្ស នៅ​ទីស្នាក់ការ បក្ស ខេត្តរតនគិរី ដោយមាន​អ្នកចូលរួម​សរុប ១១​នាក់​។ ទី​៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សកម្មភាព​ជួបជុំ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ព្រែក​តាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

តាម គ​.​ជ​.​ប ជារួម បរិយាកាស សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ នៅ​ថ្ងៃទី​៦ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។​

សូមបញ្ជាក់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​៨​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៤ ខែឧសភា និង​មាន​គណបក្ស​ចំនួន​៧ បាន​ចុះបញ្ជី​ឈរឈ្មោះ ដើម្បី​ចូលរួម​ប្រកួតប្រជែង ហើយ​ជារួម រហូតមកដល់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៦ នៃ​យុទ្ធនា​ការឃោសនា​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114