ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ទៅធ្វើ​សក់​ទាំង​មេឃ​កំពុង​ភ្លៀង ​ត្រូវ​រថយន្ត​ដឹក​ដី​ពាក់​ស្លាក​លេខ​.​ខ​.​ម បុក​ពីក្រោយ​កិន​ស្លាប់​ម្នាក់​ របួសស្រាល​ម្នាក់​

ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់ ​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោចអាធ័ម ​និង​ម្នាក់ទៀត​ បាន​រង​របួស​ស្រាល ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ធ្វើ​សក់​ផាត់​មុខ​នៅ​ផ្សារ​ទួល​ពង្រ ​តែ​អកុសល​ត្រូវ​រថយន្ត​ដឹក​ដី​បើក​បុក​ពីក្រោយ​ និង​កិន​ពេញទំហឹង កាលពី​វេលា​ម៉ោង ២ និង​៣០​នាទី រសៀល​ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ ២០១៩ ​នៅតាម​បណ្តោយ​ផ្លូវ​បេង​តុង ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បានអោយដឹង​ថា សព​ស្ត្រី​ខាងលើ​មានឈ្មោះ រិ​ន ធីតា ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខរបរ​កម្ម​ការិនី​រោងចក្រ (​អ្នកជិះ​ពីក្រោយ ) ចំណែក​រង​អ្នករបួស​ឈ្មោះ រិ​ន ស្រី​ពេជ្រ ភេទ​ស្រី អាយុ ២៨ ឆ្នាំ (​អ្នក​ឌុប​) អ្នក​ទាំងពីរ​មាន​ស្រុកកំណើត នៅ​ភូមិ​អ​ញ្ជា​ញ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ។​

ប្រភព​បន្តថា មុនពេល​កើតហេតុ​អ្នក​ទាំងពីរ​ បាន​ជិះ​ម៉ូតូ ម៉ាក ហុងដា សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA 4828 ឌុប​គ្នា​ចេញ​ពីផ្ទះ​ទៅធ្វើ​សក់ និង​ផាត់មុខ ដើម្បី​ចូលរួម​មង្គលការ​ប្អូនជីដូនមួយ ខណៈ​កំពុងធ្វើដំណើរ​ដល់​ចំណុចកើតហេតុ​ក៏មាន​ភ្លៀង​ធ្លាក់ ពេលនោះ​មាន​រថយន្ត​ដឹក​ដី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 3.3447​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន ហើយ​ជាន់​ហ្វ្រាំង​មិនស៊ី ​ក៏​ជ្រុល​រអិល​ទៅបុក​ចំ​ស្ត្រី​ទាំងពីរ​នាក់​កំពុង​ជិះ​ម៉ូតូ​ពីមុខ​ពេញទំហឹង បណ្តាលអោយ​រថយន្ត​ក្រឡាប់​កិន​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ និង​ម្នាក់ទៀត​ខ្ទាត​ទៅ​ម្ខាង​រងរបួស​ស្រាល ចំណែក​តៃកុង​រថយន្ត​បង្ក ​បាន​ចុះ​រត់គេចខ្លួន​​បាត់ស្រមោល។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​ ​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ ​ចុះ​វាស់វែង​អូស​យក​រថយន្ត​បង្ក និង​ម៉ូតូ​របស់​ជនរងគ្រោះ ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​នៅពេល​ក្រោយ ចំណែក​សព​ស្ត្រី​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់ជូន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114