ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ម្នាក់ ឈឺពោះ​ជិត​សម្រាលកូន​នៅតាម​ផ្លូវ ​បាន​គ្រូពេទ្យ​ចុះ​ចាក់​ថ្នាំ​បង្ការ​កុមារ​​ប្រទះឃើញទាន់ពេល

រតនគិរី ​៖​ ស្ត្រី​ម្នាក់​បាន​ឈឺពោះ​សម្រាលកូន​ ក៏​ឲ្យ​ប្តី​ឌុប​តាម​ម៉ូតូ​ចេញពីផ្ទះ​ជាង​២​គីឡូម៉ែត្រ ដើម្បី​ទៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស ខណៈ​​ពេលនោះ​ដែរ ប្រពន្ធ​បាន​ហៅ​ប្តី​ឲ្យ​ឈប់​ម៉ូតូ​ដើម្បី​បត់ជើងតូច​នៅ​ចិញ្ចឹម​ផ្លូវ ស្រាប់តែ​បែក​ទឹកភ្លោះ​តែម្តង​។​

ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​នៅ​ចិញ្ចឹម​ផ្លូវ​កាលពី​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ ត្រង់ចំណុច​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ ស្ថិតនៅ​ក្នុងភូមិ​ដាល​វាល​លែង ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។​

លោក កេ​ត ឌី​ម៉ុង ប្រធាន​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​សារព័ត៌មាន​ដឹងថា ឈ្មោះ ដា សុ​ភ័​ណ្ឌ អាយុ​៣៤​ឆ្នាំ បាន​សម្រាល​កូនស្រី​មាន​ទម្ងន់​២,៩kg ហើយ​សម្រាល​កូនស្រី​នេះ​ជា​កូន​ទី​បី រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​។​

លោក កេ​ត ឌី​ម៉ុង​បាន​បន្តថា ក្រោយពី​បុគ្គលិក​របស់លោក​ចុះទៅ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​នៅតាម​មូលដ្ឋាន​ក៏​ប្រទះឃើញ​ស្ត្រី​រូបនោះ​ឈឺពោះ​ថែមទាំង​បែក​ទឹកភ្លោះ ក៏បាន​តេ​ទូរស័ព្ទ​ទៅ​លោក​ប្រធាន​មណ្ឌល​សុខភាព​អណ្តូង​មាស ជួយ​អន្តរាគមន៍​ ហើយ​បញ្ជា​ឲ្យ ចេញ​រថយន្ត​សង្គ្រោះ និង​ឆ្មប​មណ្ឌល​សុខភាព លោកស្រី រឹទ្ធិ សេរីរ​ត្ន័​ដើម្បី​ទៅ​ជួ​យ​សង្គ្រោះ​ស្ត្រី កំពុងតែ​សម្រាល​ ដោយ​ឆ្មប​បាន​ទៅដល់​បាន​ជួយ​សម្រាល​រួចរាល់​ទើប​ដឹក​គាត់​មក​ឲ្យ​សម្រាក​បន្ត​នៅ​មណ្ឌល​សុខភាព​។​

មកទល់​នឹង​ថ្ងៃទី​២២ ខែឧសភា​នេះ ម្តាយ​និង​កូន​មាន​សុខភាព​ល្អប្រសើរ​ទេ នៅ​សម្រាក​បន្ត​ក្នុង​មណ្ឌល​សុខភាព​នៅឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114