ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្លោងទ្វារ​ច្រកចូល​កីឡដ្ឋាន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​

កីឡដ្ឋាន Smart RSN Stadium ដែលមាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ របស់​ក្លិប​បាល់ទាត់​ជើងឯក​លី​គ​កំពូល​កម្ពុជា​៦​សម័យកាល ភ្នំពេញ​ក្រោ​ន និង​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2019) បាន​រងគ្រោះ​ខូចខាត​ស្ទើរតែ​ទាំងស្រុង​ដោយសារ​ខ្យល់ អំឡុង​ភ្លៀង​ធ្លាក់​មួយ​មេ​កាលពីពេល​ថ្មីៗ​។

យោងតាម​ប្រភព​មកពី​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ថ្មីៗ​នេះ ត្រូវបាន​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ធ្លាក់ បោកបក់​ដួលរលំ​ខូចខាត​ទ្រង់ទ្រាយ​ធំ​។ ហេតុការណ៍​ដែល​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង ២​រសៀល​នេះ​ពុំមាន​បណ្ដាល​ឲ្យ​នរណាម្នាក់​គ្រោះថ្នាក់​នោះឡើយ​។ ខ្លោងទ្វារ​កីឡដ្ឋាន​ថ្មី​នេះ ទើបតែ​ត្រូវបាន​ដំឡើង​តាមរយៈ​ការផ្លាស់ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​ជាថ្មី ជាមួយ​ម្ចាស់​ឧបត្ថម្ភ កាលពី​ខែមីនា ដើមឆ្នាំ​នេះ​ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ ២​ម៉ឺន​ដុល្លារ​អាមេរិក​។​

គេ​នៅចាំ​ថា​ក្រោយ​សាងសង់​រួចរាល់​ពី​ឆ្នាំ​២០១៥ មក​កីឡដ្ឋាន​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដូចជា បន្ទប់​ផ្លាស់ប្តូរ​សំលៀកបំពាក់​របស់​កីឡាករ​, សាល VIP, អាហា​រដ្ឋា​ន ព្រមទាំង​កន្លែង​ហាត់ប្រាណ​ផងដែរ ។ នៅ​ឆ្នាំ​បន្ទាប់ (២០១៦) ក្លិប​បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ដើម្បី​ផ្លាស់ប្តូរ​អំពូល​ភ្លើង​បំភ្លឺ​ទីលាន​ស្របទៅតាម​ស្តង់ដារ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ខណៈ​កាលពីដើមឆ្នាំ​២០១៩​នេះ ក្លិប​ក៏​ទើបតែ​បាន​បំពាក់​កៅអី​ថ្មី​នៅ​សាល​មាន​ដំបូល (Grand Stand) ជាមួយនឹង​រង្វង់​ចំណាយ​ជាង ៧​ម៉ឺន​ដុល្លារ​ថែមទៀត​។​

​សូមបញ្ជាក់ថា ​អស់​រយៈកាល​ជាង ៤​ឆ្នាំ​មកនេះ កីឡដ្ឋាន RSN បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ហើយ​អ្វីដែល​មិនអាច​បំភ្លេចបាន​នោះ​គឺ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការសម្ពោធ​ឱ្យប្រើ​ប្រាស់​កីឡដ្ឋាន RSN ជា​ផ្លូវការ ក្រុម​ភ្នំពេញ​ក្រោ​ន ក៏បាន​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៥ ដែលជា​ជ័យជម្នះ​លើក​ទី​៦ របស់ខ្លួន​តែម្តង​។ ជាការ​កត់សម្គាល់ ចាប់តាំងពី​ការបើក​ប្រើប្រាស់​ជា​ផ្លូវការ​មក កីឡដ្ឋាន RSN បាន​ក្លាយជា​មូលដ្ឋាន​សម្រាប់​ក្រុម​ភ្នំពេញ​ក្រោ​ន ទាំង​ក្នុងការ​ប្រកួត​ពាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​លី​គ​គំ​ពូ​ល​កម្ពុជា រួម​ជាមួយនឹង​ការផ្តល់​ទីលាន​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​ដូចជា​ការប្រកួត RSN Youth Cup, Asia Champion Trophy (U18) 2015, International Friendly Match of Morocco vs Cambodia All-Stars, វគ្គ​ជម្រុះ AFC Cup 2016, វគ្គ​ជម្រុះ AFF Suzuki Cup 2016 (Laos vs Brunei) និង​វគ្គ​ជម្រុះ​ពូ​ល​ពាន AFF U22 Championship 2019 (Malaysia vs Myanmar) ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114