ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងការពារជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​អ្នកប្រើប្រាស់​ហ្វេ​សប៊ុកមួយ​ឈ្មោះ Gro Angel ដែល​ប្រើ​រូប​សម្តេច ទៀ បាញ់ ហើយ​វាយប្រហារ​រាជរដ្ឋាភិបាល​

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ បាន​អះអាងថា ថ្មីៗ​នេះ មាន​បណ្តាញ​ហ្វេ​សប៊ុកមួយ​ឈ្មោះ Gro Angel បាន​ប្រើប្រាស់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​វាយប្រហារ​រាជរដ្ឋាភិបាល នាំ​ឲ្យ​មានការ​ភាន់ច្រឡំ និង​បានស្នើ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផងដែរ​។​

នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ លើកឡើង​បែបនេះ នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩​។ នាយ​ឧ​ត្ត​ម​សេនី​យ៍​បញ្ជាក់​យ៉ាងនេះ​ថា “​នា​ថ្មីៗ​នេះ មាន​ហ្វេ​សប៊ុ​កមួយ​ឈ្មោះ Gro Angel បាន​យក​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ទៅប្រើ​ប្រាស់​ក្នុង Facebook របស់ខ្លួន ហើយ​បាន​សរសេរ​រិះគន់ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ចេតនា​បង្កឱ្យមាន​ការភាន់ច្រឡំ​ដល់​សាធារណជន​”​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បញ្ជាក់ថា ខ្លឹមសារ​ចោទប្រកាន់​នានា ដែល​បាន​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុក ឈ្មោះ Gro Angel នេះ​មិនមាន​ការពាក់ព័ន្ធ​ជាមួយនឹង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នោះទេ​។ ជាមួយគ្នា​នោះ អ្នកនាំពាក្យ​បាន​ព្រមាន​ដល់​ជន​ដែល​បង្កើត​ហ្វេ​សប៊ុកមួយ​នេះ ឱ្យ​បញ្ឈប់​ការប្រើប្រាស់​រូប សម្តេច​ពិជ័យ​សេនា​ជាបន្ទាន់ និង​អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ចំពោះ​អ្នក​ហ្វេ​ស​ប៊ុក​ឈ្មោះ Gro Angel នេះ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

ចំណែក​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ដែរថា “​គណនី​ហ្វេ​ស​ប៊ុ​ក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​នោះទេ​។ ខ្ញុំ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Gro Angel នេះឡើយ​។ ហេតុដូច្នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​”​។​

សូមបញ្ជាក់ថា ជារឿយៗ​គេ​សង្កេតឃើញ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែល​គេ​សង្ស័យថា ជា​ក្រុមប្រឆាំង បាននាំគ្នា​បង្កើត Facebook ដោយ​ប្រើប្រាស់​រូប​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងការពារជាតិ ហើយ​បង្ហោះ​ព័ត៌មាន​វាយប្រហារ​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ព្រះមហាក្សត្រ​ជាដើម បង្កឱ្យមាន​ការភាន់ច្រឡំ​ដល់​សាធារណជន ហើយ​មនុស្ស​មួយចំនួន​ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114