ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​៣​គ្រឿង​ បុក​បន្ត​កន្ទុយ​គ្នា ខណៈ​​​រថយន្ត​ខាងមុខ​គេ​ បង្អស់​ឈប់​ឱ្យ​រ៉ឺម៉ក​ឆ្លង​ផ្លូវ

ភ្នំពេញ ៖​ ​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង ​បណ្ដាល​ឱ្យ​រថយន្ត​៣​គ្រឿង​បុក​បន្ត​កន្ទុយ​គ្នា ខណៈ​​​រថយន្ត​ខាងមុខ​គេ ​បង្អស់​ឈប់​ឱ្យ​រ៉ឺ​ម៉ក​ឆ្លងផ្លូវ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង 2 និង 40 នាទី ថ្ងៃទី ទី 22 ខែឧសភា​ឆ្នាំ 2019​ ខណៈដែល​មាន​មេឃ​កំពុង​ភ្លៀង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ត្រង់ចំណុច​ភូមិ ភូមិ​ស្វាយប៉ាក​សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ឬ​ស្សី​កែវ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស មាន​ឃ្លុប ពាក់​ស្លាក​លេខ​ភ្នំពេញ 3 D 13 12 ចំណែក​រថយន្ត​រងគ្រោះ​ទាំង 2 គ្រឿង​គឺ ទីមួយ ម៉ាក មាស្ដា​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2​AC 1574 និង​រថយន្ត​ទី​ពីរ​ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2 AV 6718។

បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ​ បានឃើញ​ផ្ទាល់​ភ្នែក​ បាន​និយាយ​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ទាំង​3 គ្រឿង ​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ 5 ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រ៉ឺម៉ក​មួយគ្រឿង​បាន​ឆ្លងផ្លូវ​ ហើយ​រថយន្ត​នៅខាងមុខ ទុក​ឱ្យ​រ៉ឺ​ម៉ក​ឆ្លង។ ​ខណៈ​​​កំពុងតែ​ឈប់​ក៏មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌​ស ​ដែល​ដាច់​ហ្រាំ្វ​ង​ក៏​ជ្រុល​ទៅបុក​រថយន្ត​ម៉ា​ស្ដា​ ហើយ​រថយន្ត​ម៉ា​​ស្ដា​ក៏​ទៅ​បុក​រថយន្ត​​​ពណ៌​ខៀវ​ខាងមុខ​បន្ត​កន្ទុយ​គ្នា​បណ្ដាល​ឲ្យ​ខូចខាត​យ៉ាងដំណំ។

សមត្ថកិច្ច​បញ្ជាក់ថា​ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​ មិន​បណ្ដាលឱ្យមាន​របួស​មនុស្ស ណា​ម្នាក់​ឡើយ ។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ បាន​ទៅ​ចុះ​វាស់វែង​សម្រួល​ឲ្យ​​​ម្ចាស់​រថយន្ត​ទាំង 3​គ្រឿង​ចរចា ប៉ុន្តែ​ដោយសារ​ការចរចា​មិនត្រូវ​ ក៏បាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​យកទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ថ្ងៃក្រោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114