ព័ត៍មានទាន់​ហេតុការណ៏
Search

ហែល​ទឹក​លេង​មិន​ប្រយ័ត្ន ​ចូល​អន្លង់​ជ្រៅ​ លង់​ស្លាប់​ម្នាក់ និង​សង្គ្រោះ​ទាន់​ម្នាក់

បាត់ដំបង​ ៖ ​ទឹកស្ទឹង​គ្រញូង ​បាន​ឆក់យក​ជីវិត​ក្មេងប្រុស​ម្នាក់​ទៅ​ទាំង​ស្រស់ៗ ​ខណៈ​ដែលមាន​ក្មេងៗ​មួយក្រុម​បាននាំគ្នា​ហែល​ទឹក​លេង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​( ស្លៀកខោ​ជើងវែង ) ទៅ​ត្រង់​អន្លង់​ដែល​ទឹកស្ទឹង​មាន​ជម្រៅ​ជ្រៅ​ ធ្វើអោយ​លង់​ក្មេងប្រុស ២ នាក់ ប៉ុន្តែ​ក្មេង​ម្នាក់​ត្រូវបាន​សង្គ្រោះ​ទាន់ពេល។

គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន​ស្ទឹង​គ្រញូង ដែល​ស្ថិតនៅ​ក្នុងភូមិ​តា​សាញ​ជើង ឃុំ​តា​សាញ ស្រុក​សំឡូត ខេត្ត​បាត់ដំបង បាន​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍​ ព្រមទាំង​មាន​មនុស្សម្នា​មកពី​ទី​ជិត ទី​ឆ្ងាយ ធ្វើដំណើរ​ទៅ​កម្សាន្ត​ជា​ហូរហែ​ផងដែរ​ ដោយសារតែ​ទេសភាព​នៅក្នុង​តំបន់​នេះ​មាន​ភាពស្រស់​ត្រកាល។​

ជាក់ស្តែង នៅវេលា​ម៉ោង ៤ និង ៤០ នាទី ល្ងាច ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៩ នៅក្នុង​តំបន់​ខាងលើ ក៏មាន​ក្រុម​ក្មេងប្រុសៗ​ជាច្រើន និង​មនុស្សម្នា​យ៉ាង​កុះករ​ផងដែរ បាន​ទៅ​កម្សាន្ត​នៅក្នុង​ស្ទឹង​គ្រញូង​នេះ។​

សាក្សី​បាន​និយាយ​ថា នៅ​ពេល​នោះ​ដែរ​ក្មេងៗ​ក៏បាន​នាំគ្នា​ចុះ​ហែល​ទឹក​លេង​ ដោយ​ពួកគេ​មិនបាន​ស្រាត​ខោ​ជើងវែង​ចេញ​នោះ​ទេ ហើយក៏​មាន​ករណី​លង់ទឹក​នេះ​ បាន​កើតឡើង បណ្តាល​អោយ​ក្មេងប្រុស ២ នាក់ លង់​ជាមួយគ្នា នៅត្រង់​អន្លង់​ដែល​មាន​ជម្រៅ​ជ្រៅ។

ប៉ុន្តែ​នៅពេល​នោះដែរ ទាំង​កម្លាំង​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ បាន​ព្យាយាម​ចុះ​រាវរក​ក្មេងៗ​ទាំងនោះ ដោយបាន​សង្គ្រោះ​ក្មេង​ម្នាក់​អោយ​រួច​ផុតពី​សេចក្តីស្លាប់ ដោយឡែក​ក្មេងប្រុស​ម្នាក់ទៀត ដែលមាន​ឈ្មោះ នាក់ សុ​ផានិត អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំចេក ឃុំ​តា​សាញ ស្រុក​សំឡូត ហើយក៏​ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ សំឡូត បាន​ស្លាប់​ទៅហើយ ។​

​ទាំងនេះ​គឺជា​ការធ្វេសប្រហែស​ជាទីបំផុត ដោយសារតែ​ទឹក​មាន​អន្លង់​ជ្រៅ​ រីឯ​អ្នក​ដែល​ចុះ​លេង​ទឹក​ក៏​មិនបាន​ស្លៀកពាក់​ខ្លី​ដែរ ទើប​បណ្តាលអោយមាន​បញ្ហា​បែបនេះ​កើតឡើង បច្ចុប្បន្ន​សព​ត្រូវបាន ក្រុមគ្រួសារ​ចាត់ចែង​រៀបចំ​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114