ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ន ព្រហ្ម​ម៉ាញ ជួប សោម វិឆ័យ ឯ រឿន សុខលី ជួប សយ សុខ នៅ​សង្វៀន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥​ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​ សោម វិឆ័យ អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ នា​រសៀល​ថ្ងៃ​សៅរ៍ ទី២៥ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់ ៦៣,៥០០​គីឡូក្រាម។​
​ ​
ម៉ន ព្រហ្ម​ម៉ាញ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ដែលមាន​ស្នៀត​ប្រដាល់​ល្អ រហ័សរហួន។ គេ​វាយ​ខ្លាំង ហើយ​ស្នៀត​ទាត់ កណ្តាប់ដៃ និង ជង្គង់​កែង​របស់​គេ ​ក៏មាន​ផ្លែ​ល្អ​ថែមទៀត ហើយ​តិចនិក​ប្រកួត​របស់​ក៏​ល្អ​ដែរ ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់គេ​មាន​លទ្ធផល​ល្អជា​និច្ច។

ទោះជា​យ៉ាងណា សោម វិឆ័យ ដែល​មក​ប៉ះ​ប្រកួត​ជាមួយ ម៉ន ព្រហ្ម​ម៉ាញ​នេះ ក៏​ប្រហែលជា​ពុំ​ស្រួល​ខ្លួន​ប៉ុន្មាន​ដែរ ព្រោះ​ព្រហ្ម​ម៉ាញ​ មាន​កាយសម្បទា​រឹងមាំ និង កម្លាំង​ស៊ុ​ហ្វ​ខ្លាំង។​

សោម វិឆ័យ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដូច​ម៉ន ព្រហ្ម​ម៉ាញ​ដែរ។ អ្នក​ប្រដាល់​រូបនេះ បាន​បាត់​មុខ​ពីស​ង្វៀន​យូរ​ដែរ​ហើយ ដោយ​ទើបតែ​វិល​មក​ប្រកួត​វិញ​បាន​២​លើក​ប៉ុណ្ណោះ ​ក្នុង​ឆ្នាំ​២០១៩​នេះ តែ​គេ​មានចិត្ត​ប្រដាល់​ធំ ស៊ូ​ចំពោះ​ការប្រកួត ពោល​គឺ​ប្រកួត​មិន​រាថយ ទោះបី​ឈ្នះក្តី​ចាញ់ក្តី វិឆ័យ វាយ​មិន​ដក​ដៃ​ឡើយ​។ ការប្រកួត​ចុងក្រោយ សោម វិឆ័យ វាយ​ចាញ់​វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៨​ឧសភា​កន្លងទៅនេះ។​

​សម្រាប់​ការប្រកួត​រវាង​ម៉ន ព្រហ្ម​ម៉ាញ និង សោម វិឆ័យ នេះ ពុំមាន​អ្នកណា​ហ៊ាន​ទស្សន៍ទាយ​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះឡើយ ? ។​

​រឿន សុខលី អ្នក​ប្រដាល់​មកពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​ដែរនោះ នឹង​ឡើង​ប្រកួត​ជាមួយ សយ សុខ អ្នក​ប្រដាល់​មកពី​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។​

សុខលី ជា​អ្នក​ប្រដាល់​ដែលមាន​កម្លាំង​កាយសម្បទា​រឹងមាំ កណ្តាប់ដៃ​ខ្លាំង ហើយ​សន្ទុះ​ជើង​ទាត់​របស់​គេ​ក៏​ខ្លាំង​ដែរ។ ប៉ុន្តែ​យ៉ាងណា រឿន សុខលី ពុំមែន​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ និង​ខ្លាំង​នោះទេ គឺ​ប្រហាក់ប្រហែល​នឹង​សយ សុខ ដែរ។

សយ សុខ ជា​អ្នក​ប្រដាល់​ដែល​ប្រកួត​មិនសូវ​ដែល​ឈ្នះ​គេ​ទេ​កន្លងមក។ ប៉ុន្តែ​ការប្រកួត​ចុងក្រោយ​នេះ សយ សុខ បាន​វាយ​ឈ្នះ​សូត្រ វាសនា អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ដែល​បញ្ជាក់​ថា សយ សុខ​ឥឡូវនេះ គេ​មានការ​រីកចម្រើន​ជាង​មុន។

ចាំមើល រវាង​រឿន សុខលី និង សយ សុខ ជួប​ប្រកួត​គ្នា​លើកដំបូង​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ? ។ ប៉ុន្តែ​យ៉ាងណា គេ​រំពឹងថា​រឿន សុខលី នឹង​ឈ្នះ​សយ សុខ ដោយសារ​សុខលី គេ​ធ្លាប់​វាយ​ឈ្នះ​សយ សី ដែលជា​បងប្អូន​រួម​គ្រូ​សយ​សុខ​នោះ។​ ហើយ​មួយទៀត រឿន សុខលី គេ​វាយ​ល្អ និង​ខ្លាំង​ជាង​សយ សុខ​ផងដែរ។​

ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា នឹង​ជួប​ប្រកួត​ជាមួយ សុខ វិ​រៈ អ្នក​ប្រដាល់​ក្លិប​សំរោង​កោង ខេត្តបាត់ដំបង។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។

ម៉ា​ណូយ នេះ គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ឯ​សុខ វិ​រៈ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់។ ពួកគេ​ទាំងពីរ ឡើង​ប្រកួត​កម្រ​ឈ្នះ​គេ​ណាស់។ ប៉ុន្តែ​ពួកគេ​ទាំងពីរ ប្រកួត​ស្វិតស្វាញ។ ​តែ​យ៉ាងណា សម្រាប់​ការជួប​ប្រកួត​គ្នា​លើក​នេះ មិនដឹង​ប្រាកដថា នរណា​ជា​អ្នកឈ្នះ​នោះទេ ? ព្រោះថា សមត្ថភាព និង​បច្ចេក​ទេស​វាយ​របស់​ពួកគេ គឺ​ប្រដំប្រសង​គ្នា។ ដូច្នេះ​ចាំមើល​តើន​រណា​ឈ្នះ សម្រាប់​ការជួបគ្នា​លើក​នេះ ?។​

ធូ សារ៉ាត់ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ នឹង​ជួប​ប្រកួត​ជាមួយ ប៊​ន ពន្លឹក អ្នក​ប្រដាល់​មកពី​ក្លិប​នាគរាជ​ចតុមុខ។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម។ សារ៉ាត់ មាន​ស្នៀត​ប្រដាល់​ល្អ តែ​គេ​វាយ​ចេញ​រាង​យឺត​បន្តិច ខណៈ​ដែល​ពន្លឹក គេ​វាយ​រហ័ស ដក​រហ័ស នោះ។ ដូច្នេះ ចាំមើល​តើ ធូ សារ៉ាត់ ឈ្នះ​ឬក៏ ប៊​ន ពន្លឹក ជា​អ្នកឈ្នះ?។​

បាង កា​និ​ត អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ស្រ៊ុន ស្រ៊ី​ន អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្តស្វាយរៀង ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម។ ​អ្នក​ប្រដាល់​វ័យក្មេង​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ថ្មី​ដូចគ្នា។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ គឺ​ស៊ីសង​លើ​អ្នកណា​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ជាង អ្នកនោះ​ឈ្នះ​ហើយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114