ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​ព្រះមហាក្សត្រ ​បាន​យាង​ជា​ព្រះ​កិត្តិយស​ចូលរួម​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ ICC-Angkor នៅ​ទីក្រុង​ប៉ារីស

​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ ទី​២៣​ ខែ​ឧសភា​នេះ​ ព្រះអង្គ​បាន​យាង​ទៅកាន់​ប្រទេស​បារាំង​ដើម្បី​ធ្វើជា​ព្រះ​កិត្តិយស​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​ នៃ​សកម្មភាព​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិរក្ស​តំបន់​អង្គរ​ ដែល​ហៅ​កាត់​ថា ICC-Angkor​។​

អញ្ជើញ​យាង​ព្រះរាជដំណើរ​របស់​ព្រះមហាក្សត្រ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​រួម​មាន​ ៖ ​សម្ដេច​វិបុល​សេនា​ភក្ដី​សាយ ឈុំ ប្រធាន ព្រឹទ្ធសភា​,​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​, សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​ព្រម​ទាំង​ឥស្សរជន​ជាន់ខ្ពស់​មួយចំនួនទៀត​។

ព្រះមហាក្សត្រ​ខ្មែរ​ នឹង​គង់​ប្រថាប់​នៅ​ប្រទេស​បារាំង ​រហូតដល់​ថ្ងៃទី​២៦​ ខែ​ឧសភា​ ទើប​យាង​និវត្តន៍​មកកាន់​ប្រទេស​កម្ពុជា​វិញ។​ សម្ដេច​វិបុល សេនា​ភក្តី សាយ ឈុំ នឹង​បំពេញភារកិច្ច​ផ្សេងៗ​ជំនួស​ព្រះមហាក្សត្រ​ខ្មែរ ​ក្នុងនាម​ជា​ប្រមុខរដ្ឋ​ស្តីទី ​ក្នុង​កំលុង​ព្រះ​អវត្តមាន​របស់​ព្រះអង្គ​។​

សូម​បញ្ជាក់​ថា ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ ​ហៅ​កាត់​ថា ICC-Angkor ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​២១-២២ ខែ​ធ្នូ ឆ្នាំ​១៩៩៣ ក្នុង​គោលដៅ​អភិរក្ស​ និង​អភិវឌ្ឍន៍​អង្គរ​ បន្ទាប់ពី​ប្រាសាទ​ជា​មរតក​ដ៏​មានតម្លៃ​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ក្នុង​កិច្ចប្រជុំ​នៅ​សា​ន់តា​ហ្វេ​សហរដ្ឋអាមេរិក​នា​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​១៩៩២​។​

ICC-Angkor មានបារាំង​ និង​ជប៉ុន​ ជា​សហប្រធាន​,​លេខាធិការដ្ឋាន​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​ទទួល​បន្ទុក​ដោយ​ការិយាល័យ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​អាជ្ញាធរ​ជាតិ​អប្សរា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា​។ សមាជិក ICC-Angkor មាន​ចំនួន​៣៧ ប្រទេស​មកពី​៥​ទ្វីប និង​មាន​អង្គការ​អន្តរជាតិ​ចំនួន​១៣​ទៀត។ ចំនួន​អ្នក​ជំនាញ​បច្ចេកទេស ចូលរួម​ក្នុង​កិច្ចប្រជុំ ICCAngkor ក៏បាន​កើន​ឡើងជា​លំដាប់​ផង​ដែរ ​ពី​ចំនួន​៥០​នាក់ មក​ក្នុង​ចន្លោះ​៣៥០​នាក់​ នាពេល​បច្ចុប្បន្ននេះ​។​

ICC-Angkor មាន​តួនាទី​ និង​ភារកិច្ច​សំខាន់​ក្នុង​ការ​ស្រោចស្រង់​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ។ ICC-Angkor បានបញ្ចប់​ដំណាក់កាល​ស្រោចស្រង់​អង្គ​រហើយ​ក្នុង​រយៈពេល​១០​ឆ្នាំ (១៩៩៣-២០០៤)។ ដំណាក់កាល​បច្ចុប្បន្ន នេះ​គឺ​ការអភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (២០០៤ មកដល់​បច្ចុប្បន្ន​)​។ សមិទ្ធផល​សំខាន់ៗ ដែល ICC-Angkor សម្រេចបាន ក្នុង​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​អង្គរ​នោះ​មានដូចជា​ ៖​ កិច្ចការ​ជួសជុល​ប្រាសាទ​ និង​អភិរក្ស​បេតិកភណ្ឌ​, គម្រោង​បណ្ដុះបណ្ដាល​ថែទាំ​ប្រាសាទ​ស្រាវជ្រាវ​អភិវឌ្ឍន៍ និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​, លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​តាមរយៈ​ក្រម​ប្រតិបត្តិ​អង្គរ​, ការពង្រីក​ប្រព័ន្ធ​ទូរគមនាគមន៍​, បណ្ដុះបណ្ដាល​ភ្នាក់ងារ​ទេសចរណ៍​ប្រចាំ​ការ​តាម​ប្រាសាទ​, សាងសង់​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ និង​សារមន្ទីរ​កុលាលភាជន៍​អង្គរ​នៅ​ភូមិ​តានី​ក្រោម​ជំនួយ​របស់​ជប៉ុន​, សាងសង់​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​អាគ្នេយ៍ ក្រោម​កិច្ចសហការ​ទន្លេមេគង្គ​-​គង្គា (MEKONG-GANGA COOPERATION- MGC)​និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​ប្រទេស​ឥណ្ឌា​,​បន្ត​សិក្សា​និង​រៀបចំ​ផែនការ​គ្រប់គ្រង​ទេស​ចរណ៍​នៅ​អង្គរ​(TMP) ដោយ​សហការ​ជាមួយ​ប្រទេស​អូស្ត្រាលី​,​ការងារ​ជួសជុល ​និង​ស្ថាបនា​ផ្លូវ​ក្រោម​ជំនួយ​អន្តរជាតិ​ និង​មាន​បដិភាគ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​, ការងារ​ត​បណ្តាញ​អគ្គិ​សនី និង​ការថែទាំ​ស្ទឹង​សៀមរាប និង​ស្តារ​ប្រព័ន្ធ​ធារាសាស្ត្រ​បង្ការ​ទឹកជំនន់​ជាដើម​។

ការរៀបចំ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ​ នៃ​ការបង្កើត ICC-Angkor​នេះ​ មាន​គោលបំណង​សំខាន់ ៗ​មួយចំនួន​រួមមាន​ ៖​ គឺ​អបអរ​សាទរភាព​ជោគជ័យ​ដែល​កើតចេញ​មកពី​យន្តការ អាយ ស៊ី ស៊ី អង្គរ ដែល​បច្ចុប្បន្ន​ក្លាយជា​គំរូ​ នៃ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​សម្រាប់​បណ្តា​ប្រទេស​នានា លើ​សាកលលោក។ បង្ហាញ​មោទនភាព​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​មហា​អំណាច​វប្បធម៌ ​និង​មាន​ប្រវត្តិសាស្ត្រ​យូរលង់​មក ហើយ​ព្រមទាំង​លើក​គុណ​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ។ សម្តែង​កតញ្ញុតាធម៌ ​និង​គុណូបការៈ​ចំពោះ​វីរជន ឥស្សរជន និង​បុព្វបុរស​គ្រប់​ជំនាន់ ដែល​បាន​លះបង់​កាយ​ចិត្ត​ស្មារតី​ក្នុង​ការ​កសាង​ថែរក្សា​ការពារ និង​អភិរក្ស​មរតក​វប្ប​ធម៌។ បណ្ដុះ​ស្មារតី​យុវជន ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ចេះ​ស្រលាញ់​ចូលរួម​ថែរក្សា ​ការពារ​ និង​លើក​តម្កើង​បេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ផូរផង់​របស់​កម្ពុជា​។ បង្ហាញ​សមិទ្ធ​ផល​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​បេតិកភណ្ឌ​ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​វប្បធម៌ និង​ទេសចរណ៍​ទៅកាន់​ឆាក​អន្តរជាតិ​។​

​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ខួប​២៥​ឆ្នាំ​ នៃ​ការបង្កើត ICC-Angkor ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​អធិកអធម​នៅលើ​ទឹកដី​សៀមរាប​អង្គរ​ ក្រោម​អធិបតីភាព​ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​។ ​ពិធី​អបអរសាទរ​នោះ ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល កម្ពុជា​,​ប្រធាន​អង្គការ​យូណេស្កូ លោកស្រី Audrey Azoulay Director general of the UNESCO ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114