ព័ត៍មានទាន់​ហេតុការណ៏
Search

ឮសូរ​ផ្ទុះ​ដូច​ផ្គរលាន់ ​ធ្លាក់​បំណែក​ពេញ​ដី​ បង្កការភ្ញាក់ផ្អើល

ស្ទឹងត្រែង ​៖ ​នៅ​ពេល​ព្រឹក​ព្រលឹម​ស្រាង​ៗ ​ឮ​ដូចជា​ផ្គរលាន់​ប្រដេញ​គ្នា​លើ​ផ្ទៃមេឃ​ ពេលនោះ​ក៏មាន​បំណែក​ដែក​ធ្លាក់​រាយ​ពេញ​ដី​ ដែល​គេ​មិនទាន់​ដឹង​ថា​ជា​បំណែក​អ្វី​នៅឡើយ​ទេ។

បំណែក​ ដែល​ផ្ទុះ​ពីលើ​មេឃ​ធ្លា​ក់​មក​លើ​ដី​នោះ​ ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង៦និង ១០​នាទី​ព្រឹក​ព្រលឹម​ស្រាងៗ​ ថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ​២០១៩ ត្រង់ចំណុច​លើ​ផ្ទៃដី​ភូមិ​អូរ​ស្វាយ​ ឃុំ​អូរ​ស្វាយ​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​ខេត្ត​ស្ទឹងត្រែង​ ដែល​មាន​ចម្ងាយ​ពី​ព្រំប្រទល់​កម្ពុជា-ឡាវ ហែល៤​គីឡូ​ម៉ែត្រ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ បាន​និយាយ​ថា ​កាលពី​ព្រលឹម​ស្រាងៗ ​មាន​ឮសូរ​សំឡេង​ដូចជា​ផ្គរលាន់​ប្រដេញ​គ្នា​នៅលើ​ផ្ទៃមេឃ​ បន្ទាប់មក​ក៏មាន​បំណែក​ដែក​ធ្លាក់​មក​លើ​ផ្ទៃដី​ នៅ​ចំណុច​ភូមិ​ខាងលើ​ ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផងដែរ​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា​ បន្ទាប់ពី​មាន​បំណែក​ធ្លាក់​មក​លើ​ដី​ កម្លាំង​របស់​សមត្ថកិច្ច ​បាន​ធ្វើ​ការ​ប្រមូល​វត្ថុតាង​ ដែល​ធ្លា​ក់​នៅ​ពាសពេញ​ដី​ ដែល​មាន​បំណែក​ជាច្រើន​ ត្រូវ​បាន​ប្រមូល​យក​មក​ទុក​ដើម្បី​រៀបចំ​ត្រួតពិនិត្យ​ និង​រាយការណ៍​ជូន​ថ្នាក់លើ។

ប្រភព​បន្តថា ​បំណែក​ទាំងនោះ​ យើង​មិនទាន់​ដឹងថា​ជា​បំណែក​អ្វី​ច្បាស់លាស់​នៅឡើយ​ទេ​។​កំពុងតែ​ប្រមូល​យកមក​រក្សាទុក ​ដើម្បី​ត្រួតពិនិត្យ​ទៅតាម​បច្ចេកទេស​ឲ្យ​ដឹង​ថា​ បំណែក​នោះ​ជា​បំណែក​អ្វី​ បច្ចុប្បន្ន​កំពុង​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ​រង់ចាំ​ជំនាញ​សមត្ថកិច្ច​ត្រួតពិនិត្យ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114