ព័ត៍មានទាន់​ហេតុការណ៏
Search

ទៅ​ព្រោះស្រូវ​ជាមួយ​ឪ ត្រូវ​រន្ទះបាញ់​ស្លាប់​ ពេល​មេឃ​ភ្លៀង

កំពង់ចាម ​៖ ​​ស្ត្រី​ម្នាក់​ បាន​ចេញ​ពី​ផ្ទះ​ជាមួយ​ឪពុក​ទៅ​ព្រោះ​ស្រូវ​នៅ​ឯ​ស្រែ ក៏​បាន​ក្លាយ​ជា​សព​មួយ​រំពេច​ដោយសារ​រន្ទះបាញ់។ ចំណែក​ឪពុក​របស់​ខ្លួន​នៅ​ក្បែរ​ទីនោះ​ដែរ​ មិនបាន​ត្រូវរបួស​អ្វី​ទេ។

លោក​ប្រាក់ សុ​គុណ ​អធិការ​នគរបាល​ស្រុក​ជើងព្រៃ បាន​អោយ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៥៨​នាទី ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ឈ្មោះ​លេខ លេខា អាយុ​២៨​ឆ្នាំ​ ភេទ​ស្រី​ នៅ​ភូមិ​ត្រពាំង​ទឹម​ ឃុំ​ព្រ​ង​ជ្រុំ​ ស្រុក ជើងព្រៃ ខេត្ត កំពង់ចាម ​បាន​ស្លាប់​ដោយ​រន្ទះបាញ់។

លោក អធិការ​បាន​បន្តថា មុនពេល​កើតហេតុ ឈ្មោះ លេខ លេខា ភេទ ស្រី អាយុ ២៨ ឆ្នាំ បាន​ទៅ​ព្រោះ​ស្រូវ​ជាមួយ​ឪពុក​របស់​នាង​នៅ​ខាងលិច​ភូមិ​ព្រីង​ជ្រុំ ម្តុំ​ទួល​ក្រឡាញ់ (​កន្លែងកើតហេតុ​)​។នៅពេល​កំពុង​ដើរ​នៅ​លើ​ភ្លឺស្រែ ខណៈ​នោះ​មេឃ​បាន​ភ្លៀង រលឹម​ស្រេច​ៗ ស្រាប់​តែមាន​រន្ទះ​បាន​បាញ់​ដួល​ផ្កាប់មុខ​ស្លាប់​នៅ​កន្លែង​កើតហេតុ​តែម្តង។

ខណៈ​នោះ​ឪពុក​របស់​នាង​ បាន​រត់​ទៅ​មើល​កូន​ តែ​បាន​ដាច់ខ្យល់​ស្លាប់​ទៅ​ហើយ បន្ទាប់មក​ឪពុក​បាន​ទូរស័ព្ទ​អោយ​បងប្អូន​ទៅ​ជួយ​យក​សាកសព​មកដល់​ផ្ទះ។

ប៉ូលិស​បាន​អោយ​ដឹង​ថា ​បន្ទាប់មក​ សមត្ថកិច្ច​ បាន​បង្កើត​គណៈកម្មការ​​ ក្នុង​នោះ​លោក ​មេឃុំ លោក នាយ​ប៉ុស្តិ៍ និង​ពេទ្យ​មណ្ឌល​សុខភាព ឃុំ​ព្រីង​ជ្រុំ​ បាន​ពិនិត្យ​សាកសព​បាន​ឃើញ​ថា​ ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន។

សព​នារី​រងគ្រោះ​ បានប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114