ព័ត៍មានទាន់​ហេតុការណ៏
Search

ពេជ្រ ម្ទេសខ្មាំង អាច​យកឈ្នះ នុ​ន ថា​វ៉ាត បាន​ឬ​អត់​?

​អ្នក​ប្រដាល់​ជើង​ខ្លាំង​និង​ជា​អតីត​ម្ចាស់​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០១៧​របស់​កម្ពុជា គឺ​ពេជ្រ ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ប្រទេស​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​TV5 នា​យប់​ថ្ងៃ​សៅរ៍ ទី​២៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ។​

​ពេជ្រ ម្ទេសខ្មាំង គេ​ត្រូវ​ជួប​ប្រកួត​ជាមួយ នុ​ន ថា​វ៉ាត (Nun Thavath) ដែលជា​ជើង​ខ្លាំង ទម្ងន់​៥៧​គីឡូ​ក្រាម នៅ​ស្រុកថៃ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​លើក​ទី​១​សម្រាប់​គេ ដែល​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​នេះ។​

​រវាង​ពេជ្រ ម្ទេសខ្មាំង និង នុ​ន ថា​វ៉ាត នេះ មិនដឹងថា ម្ទេសខ្មាំង​ឈ្នះ​ឬ នុ​ន ថា​វ៉ាត ឈ្នះ​នោះទេ ? ព្រោះ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ ហើយ​គេ​រឹងមាំ​វាយ​មិនចេះ​ហត់​ថែមទៀត។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​នោះ។​

​ទោះជា​យ៉ាងណា មិនអាច​និយាយ​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់ រវាង​ពេជ្រ​ម្ទេសខ្មាំង​និង នុ​ន ថា​វ៉ាត នេះ។ ពេជ្រ ម្ទេសខ្មាំង គេ​ក៏​ខ្លាំង​ដែរ គេ​ធ្លាប់​ផ្តួល​ថៃ​ច្រើន​នាក់​ហើយ​កន្លងមក។​

​ពេជ្រ ម្ទេសខ្មាំង មានកំនត់​ត្រា​ប្រកួត​ចំនួន​៩៥​លើក ក្នុងនោះ​វាយ​ឈ្នះ​៨៣​លើក ចាញ់​១១​លើក និង​ស្មើ០១​លើក។ ចំណែក នុ​ន ថា​វ៉ាត គេ​មាន​កំនត់ត្រា​ប្រកួត​ប្រមាណ៦៧​លើក ឈ្នះ​៥៨​លើក និង ចាញ់​០៩​លើក មិនដែល​ស្មើ​។​

យ៉ាងណា សម្រាប់​ការជួប​ជាមួយ​ម្ទេសខ្មាំង​ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់នេះ នុ​ន ថា​វ៉ាត មិនជា​ស្រួល​ខ្លួន​ប៉ុន្មាន​ទេ ព្រោះ​ម្ទេសខ្មាំង​គេ​វាយ​ខ្លាំង ​និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ ហើយ​មួយទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​។ ចាំ​មើល ពេជ្រ ម្ទេសខ្មាំង អាច​យកឈ្នះ​នុ​ន ថា​វ៉ាត បាន​ដែរ​ឬ​អត់​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114