ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ម្នាក់ ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពីក្រោយ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​ហើយ​មាន​ជន​ឆ្លៀត​ឱកាស​យក​ម៉ូតូ​ និង​លុយ​៥០០​ដុល្លារ​ គេច​ខ្លួន​បាត់

ភ្នំពេញ​ ៖​ បុរស​ម្នាក់​ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ​ បន្ទាប់ពី​រថយន្ត​មិន​ស្គាល់​ម៉ាក ​បាន​បើក​បុក​ពីក្រោយ​ នៅ​តាម​បណ្ដោយ​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ ​រួច​រថយន្ត​បង្ក ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល។ បន្ទាប់ពី​កើតហេតុ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​បាន​អះអាង​ថា ​បាន​បាត់​លុយ​ចំនួន​500​ដុល្លារ ​និង​ម៉ូតូ1​គ្រឿង​ផង​ដែរ។

ហេតុការណ៍​​នេះ ​បង្ក​ការ​ភ្ញាក់ផ្អើល​​​​ ​កាលពី​វេលា​ម៉ោង 8 និង 15 នាទី​យប់ ​ថ្ងៃ​ទី 22 ខែ​ឧសភា​ ឆ្នាំ 2019 នៅតាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ក្រុម​ទី​៨​ ភូមិ​ព្រែ​កតា​រ័ត្ន​ សង្កាត់​ព្រែក​តាសេក​ ខណ្ឌ​ជ្រោយចង្វា។

ភ្លាមៗ​ សមត្ថកិច្ច​ បាន​ទៅដល់​កន្លែង​កើតហេតុ​ ធ្វើការ​វាស់វែង ​និង​ស្រាវជ្រាវ​រក​ម៉ូតូ​ជនរងគ្រោះ ក្រោយ​មក​​ បាន​បញ្ជាក់​ថា ​ម៉ូតូ​ជនរងគ្រោះ​ ត្រូវ​ជន​មិន​ស្គាល់​មុខ​បាន​យក​ទៅ​ប្លុង​ចោល​នៅ​កា​រ៉ា​ស់​សាំង​មួយ​ នៅ​ជិត​ចំណុច​កន្លែង​កើតហេតុ​ ហើយ​យក​លុយ​ចំនួន​500 ដុល្លារ​ទៅ​បាត់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ ឈ្មោះ​ ហេង​ ពៅ​ ភេទ​ប្រុស ​អាយុ 39​ឆ្នាំ ​មុខរបរ​បើក​រថយន្ត​ដឹក​សាំង​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច​ មាន​ទីលំនៅ​ភូមិ​ក្តី​ចាស់​ សង្កាត់​បាក់​ខែង ​ខណ្ឌ​ជ្រោយចង្វា បើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌​ខ្មៅ 1​គ្រឿង​ ពាក់​ស្លាក​លេខ 1s 0394។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ ជនរងគ្រោះ​បាន​ត្រឡប់​ពី​ធ្វើការ​នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ធ្វើដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​ក្តី​ចាស់​សង្កាត់​បាក់​ខែង ​ខណៈ​មកដល់​ចំណុច​កើតហេតុ ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បុក​ពី​ក្រោយ ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុក​ឈាម​នៅ​កន្លែង​កើតហេតុ​ ហើយ​រថយន្ត​ក៏បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល។

ប្រភព​បន្ត​ថា ​ក្រោយមក​ ក៏​មាន​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​ឃើញ​នៅ​ជនរងគ្រោះ​ដេក​ស្លាប់​នៅ​កណ្ដាល​ផ្លូវ ​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ ខណៈ​សមត្ថកិច្ច​ទៅដល់​ជាមួយ​សាច់ញាតិ​បងប្អូន​ជនរង​គ្រោះ​ផង​ បាន​អះអាង​ថា ​បាត់​ម៉ូតូ​1គ្រឿង​ និង​លុយ​ដុល្លារ​ចំនួន 500 ដុល្លារ។ ប៉ុន្តែ​ក្រោយមក ​ត្រូវ​បាន​សមត្ថកិច្ច​រក​ម៉ូតូ​ឃើញ​វិញ ​នៅ​ចំណុច​កា​រ៉ា​ស​សាំង​មួយ​កន្លែង​ នៅ​តាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ​ ហើយក៏​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ចំណែក​សព​ជនរងគ្រោះ​ ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114