ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាត់​ខ្លួន​អ្នកលួចរថយន្តម្នាក់ រួមនឹងវត្ថុតាង

តាកែវ ៖ ជនសង្ស័យ​លួច​រថយន្ត​ម្នាក់ ​ជាមួយនឹង​វត្ថុតាង​ ត្រូវបាន​ប៉ូលិស ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​ធ្វើការ​ពួនស្ទាក់ ​និង​ចាប់​បាន​យកមក​កសាង​សំណុំរឿង​បញ្ជូន​ឡើង​តុលាការ​។​

​ការចាប់ខ្លួន​ជនសង្ស័យ​ករណី​លួច​រថយន្ត​នេះ ធ្វើឡើង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ដោយ​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​។

ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ប្រាប់ថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​លោក​អធិការ​នគរបាល​ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ ថា​មាន​ករណី​លួច​រថយន្ត​មួយគ្រឿង​ម៉ាក កាមរី​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y 7042 ស៊េរី ឆ្នាំ​២០០៤ ពី​ភ្នំពេញ​ទិសដៅ​ទៅ​ខេត្ត​តាកែវ ទើប​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បានចេញ​កម្លាំង​ពួនស្ទាក់ ​និង​ដាក់​របាំង​ការពារ​ចាប់​បាន​រថយន្ត​ និង​ជន​សង្ស័យ នៅ​ចំណុច​ភូមិ​មហាសេនា ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​។

ជនសង្ស័យ​មាន ឈ្មោះ ហុក រ៉ាវី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ ស្រុក​អង្គរ​បូរី ខេត្ត តាកែវ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រថយន្ត​ខាងលើ គឺ​រូបគេ​បាន​លួច​មកពី​កា​រ៉ា​ស់​ឡាន​ថែទាំ​រថយន្ត​យីហោ មាតា ស្ថិតនៅ​ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន​២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។​

​ក្រោយ​ទទួលបាន​ចម្លើយសារភាព បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង ​ត្រូវបាន​កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114