ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​បញ្ច​កោណ​ពិចារណា​សំណើ​របស់​យោធា​អាមេរិក​ក្នុងការ​បញ្ជូន​កងទ័ព​៥,០០០​នាក់​ទៅ​មជ្ឈិមបូព៌ា

មន្ត្រី​អាមេរិក​ បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួងការពារជាតិ​ កំពុង​ពិចារណា​សំណើ​របស់​យោធា​អាមេរិក​ក្នុងការ​បញ្ជូន​ទាហាន​ប​ន្ថែ​ម​ប្រហែល​៥,០០០​នាក់​ទៅកាន់​តំបន់​ម​ជ្ឈិម​បូព៌ា​ស្របពេល​មានការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយ​ប្រទេស​អ៊ីរ៉ង់​។​

ក្រុង​តេ​អេ​រ៉ង់​និង​វ៉ាស៊ីនតោន​បាន​បង្កើន​សង្គ្រាមពាក្យសំដី​ដាក់គ្នា​ទៅវិញទៅមក​ក្នុង​ខែ​នេះ​បន្ទាប់ពី​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ក្នុងការ​កាត់បន្ថយ​ការនាំចេញ​ប្រេង​របស់​អ៊ីរ៉ង់​ដល់​សូន្យ​និង​បង្កើន​វត្តមាន​យោធា​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​ឆ្លើយតប​ទៅនឹង​អ្វីដែល​លោក​និយាយថា ជាការ​គំរាមកំហែងរ​បស់​អ៊ីរ៉ង់​។​

ក្រុមមន្ត្រី​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា សំណើ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​បញ្ជាការ​កណ្តាល​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​មន្ត្រី​ដដែល​បាន​បន្ថែមថា វា​មិន​ច្បាស់​ទេ​ថា​តើ​មន្ទីរ​បញ្ច​កោណ​នឹង​យល់ព្រម​ចំពោះ​សំណើ​នេះដែរ​ឬក៏​អត់​។​

នេះ​បានបង្ហាញ​ពី​សំណើ​ថ្មី​បំផុត​សម្រាប់​ធនធាន​បន្ថែមទៀត​ស្របពេល​អាមេរិក​កំពុង​ប្រឈមមុខ​នឹង​អ្វីដែល​ត្រូវបាន​ក្រុមមន្ត្រី​របស់ខ្លួន​និយាយថា​គឺជា​ការគំរាមកំហែង​ពិតប្រាកដ​ពី​ប្រទេស​អ៊ីរ៉ង់​ប្រឆាំងនឹង​កងកម្លាំង​អាមេរិក​និង​ផលប្រយោជន៍​អាមេរិក​នៅ​ម​ជ្ឈិម​បូព៌ា​។​

ទោះបីជា​យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​មិនបាន​បង្ហាញ​ជា​សាធារណៈ​នូវ​ភ័ស្តុតាង​ជាក់លាក់​ណាមួយ​ស្តីអំពី​ថា​តើ​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​គឺជា​អ្វី​នោះទេ​។​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ស្តីទី​លោក Patrick Shanahan បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខណៈពេលដែល​ការគំរាមកំហែង​ពី​អ៊ីរ៉ង់​នៅ​តំបន់​ម​ជ្ឈិម​បូព៌ា​នៅតែមាន​កម្រិត​ខ្ពស់​នោះ មន្ទីរ​បញ្ច​កោណ​កំពុង​រក្សា​វិធានការ​ដើម្បី​ទប់ទល់​ការវាយប្រហារ​ណាមួយ​លើ​ជនជាតិ​អាមេរិក​។​

យោធា​សហរដ្ឋអាមេរិក​បាន​ព​ន្លឿ​ន​ការដាក់​ពង្រាយ​ក្រុមការងារ​នៃ​នាវា​ដឹក​យន្តហោះ​ទៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​មី​ស៊ី​ល Patriot ទៅកាន់​តំបន់​នេះ​កាលពី​ដើមខែ​នេះ​។​

លោក Trump បាន​ព្រមាន​ថា អ៊ីរ៉ង់​នឹងត្រូវ​ជួប​ជាមួយ “​កម្លាំង​ដ៏​អស្ចារ្យ​” ប្រសិនបើ​ខ្លួន​វាយប្រហារ​ផលប្រយោជន៍​អាមេរិក​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114