ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ផ្ទុះ​កំហឹង​ដាក់​អ្នក​ប្រជាធិបតេយ្យ ​ខណៈ​ការស៊ើបអង្កេត​កំពុង​បន្ត​

កាលពី​ថ្ងៃ​ពុធ លោក Donald Trump បាន​ផ្ទុះ​កំហឹង​ចំពោះ​ការស៊ើបអង្កេត​ឥតឈប់ឈរ​ទៅលើ​ទំនាក់ទំនង​របស់លោក​ជាមួយ​ប្រទេស​រុស្ស៊ី​នៅពេលដែល​អ្នកប្រជាធិបតេយ្យ​ជាន់ខ្ពស់​ក្នុង​សភា​បាន​ចោទប្រកាន់​លោក​ប្រធានាធិបតី​អំពី “​ការបិទបាំង​” ដែល​អាចជា​បទល្មើស​មួយ​ឈានទៅដល់​ការប្តឹង​ចោទប្រកាន់​បាន​។​

លោក Trump បាន​បិទ​កិច្ចប្រជុំ​សេត​វិមាន​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi និង​លោក Chuck Schumer ដោយ​ប្រកាសថា លោក​មិនអាច​ចុះសម្រុង​ជាមួយ​ពួកគេ​លើ​បញ្ហា​គោលនយោបាយ​ទេរ​ហូត​ទាល់តែ​ការស៊ើបអង្កេត​ក្លែងក្លាយ​ត្រូវបាន​បញ្ចប់​។​
​ការប៉ះទង្គិច​នេះ​បានកត់សម្គាល់​ជាការ​កើនឡើង​នៃ​ភាព​តានតឹង​ក្នុង​សង្គ្រាមពាក្យសំដី​របស់លោក Trump ជាមួយនឹង​គូប្រជែង​សភា​ដែល​កំពុង​ព្យាយាម​ឲ្យ​គាត់​ទទួលខុសត្រូវ​ចំពោះ​អ្វីដែល​ពួកគេ​និយាយថា​ជាការ​ធ្វើ​ខុស​របស់​ប្រធានាធិបតី​។​

កំហឹង​របស់លោក Trump ហាក់បីដូចជា​ត្រូវបាន​បង្កឡើង​ដោយ​ប្រធាន​សភាជាតិ​លោកស្រី Pelosi ដែល​បានប្រកាស​បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​ជាមួយ​ក្រុមតំណាងរាស្ត្រ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា “​យើង​ជឿជាក់ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​លាក់បាំង​”​។​
​លោក Trump បាន​វាយបក​ទៅវិញ​ដោយនិយាយ​ខ្លាំងៗ​នៅឯ​សន្និសីទកាសែត​មួយ​ក្នុង​សួនច្បារ Rose Garden ភ្លាមៗ​បន្ទាប់ពី​លុបចោល​កិច្ចពិភាក្សា​សេត​វិមាន​ថា “​ខ្ញុំ​មិន​លាក់បាំង​ទេ​”​។​

លោក Trump បាន​និយាយថា “​សូម​បញ្ចប់​ការស៊ើបអង្កេត​ក្លែងក្លាយ​ទាំងនេះ​ទៅ​”​។ លោក​ព្រមាន​ថា ការបរាជ័យ​ក្នុង​ការធ្វើ​ដូច្នេះ​នឹង​បង្ក​ឲ្យ​មាន​ភាពជាប់គាំង​លើ​បញ្ហា​នានា​ដូចជា​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ​ជាដើម​។​

ការស៊ើបអង្កេត​រយៈពេល​ពីរ​ឆ្នាំ​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Muller ចូលទៅក្នុង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦​បាន​សន្និដ្ឋានថា មិនមាន​ភស្តុតាង​រឹងមាំ​ទេ​ដែលថា​យុទ្ធនាការ​របស់លោក Trump បាន​ឃុបឃិត​ជាមួយ​ទីក្រុង​មូ​ស្គូ​។​

ប៉ុន្តែ​រដ្ឋអាជ្ញា​រូបនេះ​បាន​និយាយថា លោក​មិនអាច​សម្រេច​ឲ្យ​បាន​ច្បាស់​ទេ​ថា​តើ​លោក Trump បាន​រារាំង​យុត្តិធម៌​ដែរ​ឬក៏​អត់​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114