ព័ត៍មានទាន់​ហេតុការណ៏
Search

​សង្ស័យ​ស្រវឹង ​បើក​ម៉ូតូ​បោះពួយ​ ជ្រុល​បុក​ចិញ្ចើម​ផ្លូវ​ ផ្លោង​មនុស្ស​ទៅ​បោក​នឹង​បង្គោល​ភ្លើង​ស្លាប់​

ភ្នំពេញ ​៖ បុរស​ម្នាក់ ​សង្ស័យ​ចេញពី​ផឹកស៊ី​មាន​សភាព​ស្រវឹងធ្លាក់ភ្នែក​ បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ ហើយក៏​ជ្រុល​បុក​ចិញ្ចើមផ្លូវ​ ផ្លោង​ទៅបុក​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​បែក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ​ និង​បាន​បាត់បង់​ជីវិត​ ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។​

ហេតុការណ៍​គ្រោះថ្នាក់​នោះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៤០​នាទី ថ្ងៃទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​R៦ ភូមិ​៤ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។​

ប្រភព​ព័ត៌មាន ​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះ បាន​ឲ្យ​ដឹងថា​ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​រូបនោះ ​បាន​បើក​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ធ្វើដំណើរ​តាម​ផ្លូវ R6 ប្រហែលជា​ទើប​ចេញពី​ផឹកស៊ី មាន​សភាព​ស្រវឹង​ធ្លាក់​ភ្នែក​ ហើយ​បើក​មិន​ប្រយ័ត្ន លុះ​មកដល់​ចំណុចកើតហេតុ​ជា​ចំណុច​ផ្លូវ​កោង​ ក៏​បុក​ខឿន​ចិញ្ចើមផ្លូវ​ផ្លោង​មនុស្ស​ទៅបុក​នឹង​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ​ហើយ​ភ្លាម​នោះ ​ក៏ត្រូវ​បាន​អ្នក​ដែល​ជិះ​ឃើញ​ហេតុការណ៍​នោះ ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​ និង​បោះដៃ​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ ​ប៉ុន្តែ​ជា​អកុសល​ ដោយ​ស្ថានភាព​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេក​ ក្រុមគ្រូពេទ្យ​មិន​អាច​ជួយសង្គ្រោះ​បាន​ ក៏​បណ្តាល​ឲ្យ​ជនរងគ្រោះ រូបនោះ​បាន​ស្លាប់បាត់​បង់ជីវិត​តែម្ដង​។​

សមត្ថកិច្ច​បញ្ជាក់ថា ​គ្រោះថ្នាក់​នោះ បាន​កើតឡើង​ដោយសារ​ម៉ូតូ​Lets ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CK-0048 បើកបរ​ដោយ​ឈ្មោះ សៀត បូរី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ ភូមិ​ទី​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ស្លាប់​បាត់បង់​អាយុជីវិត​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​ មូលហេតុ បណ្តាលមកពី​បើកបរ​លឿន​បុក​ចិញ្ចើម​ផ្លូវ និង​បង្គោល​ភ្លើង​ស្លាប់​ខ្លួនឯង​។

បច្ចុប្បន្ន​ សព ​ត្រូវបាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ចំណែក​ម៉ូតូ​ បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​ស្រះចក​បណ្ដោះអាសន្ន រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​វិញ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114