ព័ត៍មានទាន់​ហេតុការណ៏
Search

ចម្ការ​​ធូរេន​​របស់​ប្រជាកសិករ​ក្នុងស្រុក​សំឡូត​ កំពុង​ក្លាយ​ជា​កន្លែង​ទេសចរណ៍​ប្រចាំ​តំបន់

បាត់ដំបង​ ៖ ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាច្រើន​ ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ តែង​នាំគ្នា​ទៅ​កម្សាន្ត​ដំណាំ​ធូរេន​របស់​កសិករ​ នៅ​ក្នុង​ស្រុក​សំឡូត​ និង​ជាទី​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅលេង​កម្សាន្ត ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍ ​ឬ​ថ្ងៃបុណ្យ​ប្រពៃណី​ជាតិ​ផ្សេងៗ​ផង​ដែរ។

អ្នក​ទេសចរណ៍​បាន​លើកឡើង​ប្រហាក់ប្រហែលគ្នា​ថា ​ពួកគេ​ពិតជា​ចង់ទៅ​មើល ​និង​កម្សាន្ត​ជា​មួយ​នឹង​ចម្ការ​ធូរេន​ និង​បាន​ផ្តល់​បរិយាកាស​ល្អ​បរិសុទ្ធ​ផង ​ជាពិសេស​ពួកគេ​ចង់ឲ្យ​​កូនៗ​ពួកគេ​ បាន​ស្គាល់​ច្បាស់​អំពី​ដំណាំ​​ធូរេន​​របស់​ខ្មែរ​ផង ​ព្រោះថា​បច្ចុប្បន្ន​ ពួកគេ​ជា​ក្មេង​ជំនាន់ក្រោយៗ​ ទិញ​តែ​​ធូរេន​នាំចូល​ពី​ប្រទេសជិតខាង​យក​មក​បរិភោគ​ ខ្លះ​ក៏​ជួប​បញ្ហា​សុខភាព​ផងដែរ​ ដោយសារ​មាន​សារ​ជាតិគីមី​។​

ពួកគេ​បន្ត​ថា​ ដំណើរ​កម្សាន្ត​នាពេល​នេះដែរ​ វា​ស្រប​នឹង​ដំណាំ​ធូរេន​​ឆ្នាំនេះ​ ត្រូវ​ប្រមូល​ផល​ផង​ពួកគាត់​ នឹង​ជួយ​ទិញ​ផ្លែ​​ធូរេន​​ពី​ប្រជាកសិករ​ ដើម្បី​ផ្ញើ​ក្រុម​គ្រួសារ​ ឬ​សាច់ញាតិ​បរិភោគ​ផង​ ដើម្បី​សុខភាព​ ព្រោះថា​មិន​ប្រើ​គីមី​ដូច​ប្រទេសជិតខាង​នោះទេ​។

អ្នក​ទៅ​កម្សាន្ត​ផ្សេងទៀត​បានឲ្យ​ដឹង​ដែរ​ថា ​ដោយសារ​ថ្ងៃ​ឈប់សម្រាក​ឆ្នាំនេះ​ ចំ​ពេល​រដូវ​ប្រមូល​ផល​​ធូរេន​​ផង​នោះ​ ពួកគេ​បាន​នាំ​កូនចៅ​ទៅលេង ​ក្រៅពីនេះ​ក៏​ជាទី​កន្លែង​ដែលមាន​ធម្មជាតិ​ស្រស់​ស្អាត​ ផ្តល់​បរិយាកាស​ល្អ​ផង​ដែរ ធ្វើ​ឲ្យ​អារម្មណ៍​ពួកគេ​ស្រស់ស្រាយ ​សប្បាយ​ក្នុង​ចិត្ត​ ហើយក៏​មិន​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ ព្រោះតែ​សន្តិសុខ​សង្គម​ប្រកបដោយ​ភាព​កក់ក្តៅ​គ្រប់​តំបន់ ​និង​ទីកន្លែង​។​

ចំណែក​តម្លៃ​ផ្លែ​​ធូរេន​​នៅក្នុង​ចម្ការ​វិញ​ ចំពោះ​​ធូរេន​​ចាស់ ​មិនទាន់​ទុំ​ លក់​តម្លៃ​១​ម៉ឺន​៣​ពាន់​រៀល ​ក្នុង​មួយ​គីឡូក្រាម ​ហើយ​​ធូរេន​​ទុំ​អាច​ហូប​បាន​ តម្លៃ​១​ម៉ឺន​៨​ពាន់​រៀល ​ក្នុង​១​គីឡូក្រាម​។​

លោក ​សើ​ សា​ម៉េ​ត​ អភិបាលស្រុក​សំឡូត​បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​ ប្រជាកសិករ​ស្រុក​សំឡូត​និយម​ដាំ​​ធូរេន​​ចាប់តាំងពី​ឆ្នាំ​២០១០​ រហូតមក ​ធ្វើឲ្យ​ជីវភាព​គ្រួសារ​របស់​ពួកគេ​កែប្រែ​ពី​១​ឆ្នាំ ទៅ​១​ឆ្នាំ​ផង​ដែរ​។

​លោក​បន្តថា ​មូលហេតុ​ដែល​ពួកគាត់​ចាប់យក​ដំណាំ​ប្រភេទ​នេះ​ ដោយសារ​សំបូរ​ទីផ្សារ​ ងាយ​លក់​ដូរ​ ហើយ​មានតម្លៃ​ខ្ពស់​គួរសម​ ក្រៅពី​ចូលក្នុង​ទីផ្សារ​ ក៏មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៅ​កម្សាន្ត​ និង​ទិញ​ដល់​ចម្ការ​ថែមទៀត​។​

យោងតាម​របាយការណ៍​អភិបាលស្រុក​សំឡូត​បាន​បង្ហាញថា ​បច្ចុប្បន្ន​ក្នុងស្រុក​សំឡូត​ មាន​ដំណាំ​​ធូរេន​នៅលើ​ផ្ទៃដី​ប្រមាណ​៤​ពាន់​ហិកតា​ ក្នុង​ឃុំ​ចំនួន​ពីរ​ របស់​ស្រុក​សំឡូត​ គឺ​ឃុំ​ស៊ុ​ង​ និង​ឃុំ​សំឡូត​ក្នុងនោះ​ ប្រហែល​ជាង​២​ពាន់​ហិកតា ​កំពុង​ទទួលផល​ផងដែរ​ ហើយ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត ​និង​ទិញ​ផ្លែ​​ធូរេន​​ពុំ​សូវ​ដាច់​នោះទេ ​តិច​ ឬ​ច្រើន​ មាន​ជា​បន្តបន្ទាប់ ​រហូត​ធ្វើឲ្យ​ប្រជាកសិករ​ជា​ម្ចាស់​ចម្ការ​ទទួ​ល​បាន​ប្រាក់ចំណូល​បាន​គួរ​សម​។​ ដោយឡែក ​ភ្ញៀវ​ទៅ​កម្សាន្ត​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាត់​ដំបង​ បានចាត់ទុក​តម្លៃ​ខាងលើ​ថា ​អាច​ទទួលយកបាន ​ហើយ​ជា​ធម្មជាតិ​ខ្មែរ​ពិតៗ​ ដោយ​មិនមាន​សារជាតិ​គីមី​នោះទេ ​ហើយ​បច្ចុប្បន្ន​ ពួកគាត់​ មានការ​ព្រួយ​បារម្ភ​ការ​ដាក់លក់ ​ផ្លែ​ធូរេន​​ខ្លះ​ក៏​មានការ​ក្លែងបន្លំ ​ដោយ​យក​​ធូរេន​​ពី​ក្រៅ​ស្រុក​មក​តាំង​លក់​ រួច​ប្រាប់​អ្នកទិញ​ថា​ជា​ធម្មជាតិ​ក្នុងស្រុក​ទៅវិញ​។​

ការ​ព្រួយ​បារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ​ ខណៈ​ដែល​ផ្លែ​ធូរេន​ត្រូវបាន​ដាក់លក់​ជាច្រើន​កន្លែង​នៅតាម​ផ្ទះ​ ក៏ដូចជា​តាម​ដងផ្លូវ​សាធារណៈ​មួយចំនួន​ រីឯ​តម្លៃ​ក៏មាន​ភាពខុសគ្នា​ដែរ​ ចាប់​ពីមួយ​គីឡូ​១០.០០០​រៀល ​២០.០០០​រៀល ​និង​២៥.០០០​រៀល កន្លែង​ខ្លះ​រហូតដល់​ទៅ​២៨.០០០​រៀល​ផងដែរ​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114