ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Keith Thurman ប្តេជ្ញា​ថា​នឹង​ផ្តួល​គូប្រកួត Manny Pacquiao ឲ្យ​ខាងតែ​បាន​

កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ កីឡាករ Keith Thurman បាន​សន្យាថា នឹងធ្វើ​ឲ្យ​ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao ចូលនិវត្តន៍​ពី​កីឡាប្រដាល់​យ៉ាងពិត​ប្រាកដ ខណៈ​ពេល​ដែល​អ្នក​ប្រយុទ្ធ​ទាំង​២​ឌឺដង​ពាក្យ​សម្តី​ដាក់គ្នា មុន​ការឡើង​សង្វៀន​ដណ្តើម​ខ្សែក្រវាត់ WBA​។

កីឡាករ​គ្មាន​ប្រវត្តិ​ចាញ់ Thurman វ័យ​៣០​ឆ្នាំ នឹង​ប៉ះ​ជាមួយ​កីឡាករ Pacquiao នៅ​ថ្ងៃទី​២០ ខែកក្កដា ខាងមុខនេះ ក្នុង​ទីក្រុង​ឡាស់​វេ​ហ្គាស់ សហរដ្ឋអាមេរិក​។

កីឡាករ Thurman ដែលមាន​ប្រវត្តិ​ឈ្នះ​គេ​ទាំង​២៩​លើក និង​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​២២​លើក ទើបតែ​វិលត្រឡប់​ពី​ការ​សម្រាក​រយៈពេល​២​ឆ្នាំ​របស់គាត់ ដើម្បី​ឡើង​ការពារ​បាន​ខ្សែក្រវាត់​របស់គាត់​ជាមួយនឹង​ជ័យជំនះ​ដោយ​ពិន្ទុ លើ​កីឡាករ Josesito Lopez កាលពី​ថ្ងៃទី​២៦ ខែមករា កន្លងទៅ​។

ដោយឡែក កីឡាករ Pacquiao ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​៨​ស្ថាប័ន និង​បាន​ផ្តួល​កីឡាករ Adrien Broner កាលពី​ខែមករា​នោះ មាន​វ័យ​ចាស់​ជាង​គូប្រកួត​អាមេរិក​របស់គាត់​រហូត​ដល់​១០​ឆ្នាំ​។

អ្នក​ទាំង​២ បាន​ជួប​ទល់មុខ​គ្នា​នៅក្នុង​សន្និសីទកាសែត​នៅឯ​មជ្ឈមណ្ឌល Beverly Hills កាលពី​ថ្ងៃ​ពុធ ក្នុងនោះ​កីឡាករ Thurman បាន​ប្តេជ្ញាចិត្ត​ថា នឹង​ផ្តួល​គូប្រកួត​របស់គាត់​ឲ្យ​ខាងតែបាន។

លោក Thurman បាន​និយាយ​ថា វា​នឹង​ក្លាយ​ជា​ការប្រកួត​ចុងក្រោយ​របស់ Pacquiao ហើយ​លោក​នឹង​កាច់ធ្មុង​កីឡាករ​ហ្វីលីពីន​វ័យ​៤០​ឆ្នាំ​ម្នាក់នេះ​។

លោក​បន្ត​ទៀត​ថា លោក​នឹង​បំផ្លាញ​វរបុរស​ប្រដាល់​ហ្វីលីពីន​ម្នាក់​នេះ​។ កេរ​តំណែង​របស់គាត់​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២០ ខែកក្កដា ខាងមុខនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114