ព័ត៍មានទាន់​ហេតុការណ៏
Search

ជា​រៀងរាល់ឆ្នាំ ​កូនឈើ​ប្រមាណ​៣​ម៉ឺន​ដើម​ ត្រូវ​បាន​អាជ្ញាធរ​យក​មក​ដាំ​ក្នុង​ឧទ្យាន​អង្គរ

សៀមរាប ​៖ ​អាជ្ញាធរ​ជាតិ​អប្សរា​ តែងតែ​យកចិត្តទុកដាក់​ថែរក្សា​ព្រៃឈើ​ ដែល​មាន​ស្រាប់ និង​ ដាំ​បន្ថែម​តាម​តំបន់​ជុំវិញ​ប្រាសាទ​ដែល​ជា​តំបន់​ព្រៃ​ការពារ ដោយ​មូលហេតុ​តំបន់​ខ្លះ ​ត្រូវបាន​ទន្ទ្រាន​ពី​ប្រជាជន ភ្លើង​ឆេះ​ព្រៃ និង​ក្រោយពី​កាត់​ក្រី​ដកហូត​ដើមឈើ​ងាប់​ដែល​អាច​បង្ក​ហានិភ័យ​ផ្សេងៗ​ដល់​មនុស្ស សត្វ ប្រាសាទ និង​បរិស្ថាន​។

​លោក ស៊ិន ពិសី មន្ត្រី​បច្ចេកទេស ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ បរិស្ថាន និង​ទេសភាព​វប្បធម៌ បាន​ឲ្យ​ដឹងថា ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ បែង​ចែង​ជា​បី​សំខាន់ៗ​ គឺ តំបន់​ឧទ្យាន​បន្ទាយស្រី តំបន់​ឧទ្យាន​កណ្ដាល និង​តំបន់​ឧទ្យាន​រលួស លើ​ផ្ទៃដី​៤០១​ម៉ែត្រក្រឡា និង​ចែក​ជា​១៤​ប៉ុស្តិ៍ ដែល​មាន​បុគ្គលិក​ចំនួន​៨៤​នាក់ ចុះ​យាមល្បាត​ជាប្រចាំ ថែទាំ ព្រមទាំង​ព្យាបាល​ដើមឈើ​ពេល​មាន​ជំងឺ លើ​ក​លែងតែ​តំបន់​ប្រាសាទ​បេង​មាលា ស្ថិត​នៅ​ក្រៅ​តំបន់​ឧទ្យាន​អង្គរ​។​

​លោក​បន្ត​ទៀត​ថា ក្រុម​ភ្នាក់ងារ​គ្រប់គ្រង​ព្រៃឈើ​តែង​មាន​កម្មវិធី​ដាំ​កូនឈើ​ជា​រៀងរាល់​ឆ្នាំ ហើយ​មួយ​លើកៗ​ជាច្រើន​រយ​ដើម ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ស្ថាប័នរដ្ឋ ស្ថាប័ន​អន្តរជាតិ វិស័យ​ឯកជន សហគមន៍ ព្រះសង្ឃ និង​សិស្សសាលា​ជាដើម បំពេញ​នូវ​ទីតាំង​ដែល​គ្មាន​ព្រៃឈើ សរុប​ប្រមាណ​៣​ម៉ឺន​ដើម​ក្នុង​មួយឆ្នាំៗ​នៅ​ឧទ្យាន​អង្គរ​។​

​លើសពីនេះ​ អាជ្ញាធរ​ជាតិ​អប្សរា​ ក៏បាន​ចែក​កូនឈើ​ដល់​ស្ថាប័ន​ផ្សេងៗ ព្រះសង្ឃ និង​ប្រជាជន​ក្នុង​តំបន់​អង្គរ​ទៅ​ដាំ​ក្នុង​វត្ត ភូមិ ឃុំ មូលដ្ឋាន​របស់ខ្លួន​ ដើម្បី​បង្កើន​ចំនួន​ព្រៃឈើ បង្កើន​គម្រប​បៃតង​ដល់​បរិស្ថាន​ឲ្យ​មាន​បរិយាកាស​ស្រស់ថ្លា ពិសេស ​គឺ​ទាក់ទាញ​ទេសចរ​។​

​លោក ពិសី បញ្ជាក់​ថា ព្រៃឈើ​មាន​សារៈសំខាន់​ទាំង​បរិស្ថាន និង​សោភ័ណភាព​សម្រាប់​មនុស្ស​ជាតិ​។

លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ជួយ​អប់រំ​ដល់​ប្រជាជន​កុំ​ឲ្យ​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ ធ្វើជា​កម្មសិទ្ធិ ចូលរួម​ដាំ​ដើមឈើ​ថែមទៀត​ជា​ជាង​បំផ្លាញ និង​ពេល​ដុត​ចម្ការ​ ត្រូវ​គ្រប់គ្រង​ភ្លើង​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​មាន​គ្រោះថ្នាក់ និង​មាន​ហានិភ័យ​ដល់​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​អង្គរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114