ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ ជា​ឃាតក​លាក់​មុខ ​សម្លាប់​មនុស្ស​ជា​រៀងរាល់ថ្ងៃ​

កំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជា​រៀងរាល់​ថ្ងៃជា​មធ្យម​ប្រមាណ​៥​ទៅ​៦​នាក់ ​ក្នុង​មួយថ្ងៃៗ​ ហើយ​ភាគច្រើន​បណ្តាលមកពី​អ្នកប្រើប្រាស់​ផ្លូវ​មិន​គោរព​ច្បាប់​ចរាចរណ៍​តែម្ដង​។​

ជាក់ស្ដែង​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយនឹង​ម៉ូតូ​បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​កន្លែង​ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៥១​ ចន្លោះ​គីឡូម៉ែត្រ​(៩-១០) ក្នុង​ភូមិ​ប្រ​កិល​ ឃុំ​ព្រះ​ស្រែ​ ស្រុក​ឧដុង្គ​ ខេត្ត​កំពង់​ស្ពឺ​ នៅ​យប់​ថ្ងៃទី​២២​ ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ​។​

មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មានឈ្មោះ​ ម៉ាត់ ​លី​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ងោក ​ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​។​

នគរបាល​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កណ្ដាល​1AB-7050 ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​ទៅដល់​ចំណុច​ខាងលើ​ បាន​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ ហើយ​បាន​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​នី​សាន​ ពណ៌​ប្រផេះ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AL-8675 បើកបរ​ដោយ ​ឈ្មោះ​ លី ​អ៊ីន​ជី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ចិន​ រស់​ភូមិ​ព្រៃ​រកា​ ឃុំ​ឆក់​ឈើ​នាង​ ស្រុក​អង្គស្នួល ​ខេត្ត​កណ្តាល ​ដែល​កំពុង​ធ្វើដំណើរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​។​

នគរបាល​បាន​បញ្ជាក់​ថា ​ជនជាតិ​ចិន​ដែល​បើកបរ​រថយន្ត​ ត្រូវ​បាន​នគរបាល​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​ ដើម្បី​សាកសួរ ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

បច្ចុប្បន្ន​ សព​ជនរងគ្រោះ ​ត្រូវបាន​នគរបាល​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​
​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114