ព័ត៍មានទាន់​ហេតុការណ៏
Search

Panasonic ចូល​ដៃ​ជាមួយ​ក្រុមហ៊ុន​ឯទៀត​ ដើរ​ចេញពី Huawei ដោយសារ​បម្រាម​របស់​អាមេរិក

ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ជប៉ុន Panasonic បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​នឹង​បញ្ឈប់​ការផ្គត់ផ្គង់​គ្រឿងបន្លាស់​មួយចំនួន​ដល់​ក្រុមហ៊ុន Huawei ដោយ​ចូលរួម​ក្នុង​បញ្ជី​ក្រុមហ៊ុន​ដែល​នាំគ្នា​ដកខ្លួន​ចេញពី​ក្រុមហ៊ុន​យក្ស​របស់​ចិន​មួយ​នេះ​ ក្រោយពី​មាន​បម្រាម​របស់​សហរ​ដ្ឋ​អាមេរិក​ជុំវិញ​បញ្ហា​សន្តិសុខ​ជាតិ​។​

ដោយឡែក ក្រុមហ៊ុន​ជប៉ុន Toshiba ក៏បាន​ប្រកាស​ផងដែរ​ថា​ខ្លួន​នឹង​ផ្អាក​ការ​ដឹកជញ្ជូន​ទៅឱ្យ​ក្រុមហ៊ុន Huawei ជា​បណ្ដោះអាសន្ន​សិន​ដែរ​ដើម្បី​ពិនិត្យ​មើល​ថា​គ្រឿងបន្លាស់​ ដែល​ផលិត​នៅ​អាមេរិក​ត្រូវ​ជាប់​ពាក់ព័ន្ធ​ដែរ​ឬ​យ៉ាងណា​ដើម្បី​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​នឹង​បទ​បម្រាម​ថ្មី​របស់​ក្រុង​វ៉ាស៊ីនតោន​។​

ការផ្លាស់ប្ដូរ​នេះ​ធ្វើឡើង​មួយថ្ងៃ​ក្រោយពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ទូរ​សព្ទ​ចល័ត​ដ៏​ធំ​របស់​ជប៉ុន​និង​អង់គ្លេស​ទាំងពីរ​នេះ​ប្រកាសថា​ខ្លួន​នឹង​ពន្យារពេល​ចេញលក់​ទូរ​សព្ទ​ម៉ូ​ដែល​ថ្មី​របស់ Huawei ដែលជា​ការដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​លំដាប់​ទី​២​របស់​ពិភពលោក​មួយ​នេះ​។​

នៅក្នុង​សេចក្ដីថ្លែងការណ៍​ផ្លូវការ​ជា​អ៊ីម៉េល​មួយ​បាន​ផ្ញើ​មកកាន់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមហ៊ុន Panasonic បានឱ្យដឹងថា​ខ្លួន​បានប្រកាស​ពី​ការជូនដំណឹង​ផ្ទៃក្នុង​រួចមកហើយ​ដែលថា​នឹង​ពន្យារពេល​នៃ​ការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ជា​ដៃគូ​សហការ​៦៨​ផ្សេងទៀត​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​!

គួររម្លឹកថា​កាលពី​សប្ដាហ៍​មុន​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​បានប្រកាស​អាសន្ន​ជាតិ​មួយ​ដោយ​ហាមឃាត់​ក្រុមហ៊ុន​របស់​អាមេរិក​ទាំ​ង​អស់​មិនឱ្យ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍​បរទេស​ឡើយ​ដោយ​ចាត់ទុកថា​ជា​ហានិភ័យ​សន្តិសុខ​ជាតិ​៕AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114