ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ប្រធាន​ក្រុមហ៊ុន Nissan បង្ហាញខ្លួន​នៅ​តុលាការក្រុង​តូ​ក្យូ​

អតីត​ប្រធាន​ក្រុមហ៊ុន Nissan លោក Carlos Ghosn បានបង្ហាញ​ខ្លួន​ក្នុង​សាលាជម្រះក្ដី​របស់​តុលាការ​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដើម្បី​ស្ដាប់​សវនាការ​លើ​ការចោទប្រកាន់​លោក​ពីបទ​ប្រព្រឹត្ត​កំហុស​ផ្នែក​ហិរញ្ញវត្ថុ​។​

នេះ​ជា​សវនាការ​ទី​១​ក្នុង​សវនាការ​បន្តបន្ទាប់​ទៀត​ដើម្បី​ឈានទៅដល់​ការកាត់ក្ដី​ពិតប្រាកដ​ដែល​កាលបរិច្ឆេទ​នៅ​មិនទាន់​កំណត់​នៅឡើយ​។​

លោក Ghosn ដែល​ធ្លាប់ជា​អ្នកដឹកនាំ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជ​ប៉ុន​អស់​២​ទសវត្សរ៍​មកហើយ​នោះ​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែវិច្ឆិកា​និង​ត្រូវ​ចោទប្រកាន់​ពីបទ​រាយការណ៍​ប្រាក់ចំណូល​មិន​ត្រឹមត្រូវ​និង​រំលោភសេចក្ដីទុកចិត្ត​។​

លោក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​កាលពី​ខែមីនា​ប៉ុន្តែ​ក៏ត្រូវ​បាន​ចាប់ខ្លួន​ម្ដងទៀត​នៅ​ថ្ងៃទី​៤​ខែមេសា ពីបទ​ចោទប្រកាន់​ផ្សេងៗ​ទៀត​។​ក្រោយមក​ក៏ត្រូវ​បាន​ដោះលែង​ម្ដងទៀត​នៅ​ថ្ងៃទី​២៥​ខែមេសា​ដោយ​បង់ប្រាក់​ធានា​ឱ្យនៅ​ក្រៅ​ឃុំ​ចំនួន​៥០០​លាន​យេន​បន្ថែម (៤,៥​លាន​ដុល្លារ​អាមេរិក)។

ទោះជា​យ៉ាងណា​លោក Ghosn នៅតែ​ធ្វើ​ដូចជា​គ្មាន​កំហុស​ដោយបាន​ប្រកាស​ជា​សាធារណៈ​ថា​ការចាប់ខ្លួន​របស់លោក​គឺជា​អំពើ​ឃុបឃិត​របស់​បុគ្គលិក​មួយចំនួន​ក្នុង​ក្រុមហ៊ុន Nissan Motor Co​។​
Nissan ដែល​រួម​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន Renault SA របស់​បារាំង​បាន​មើលឃើញថា​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​បាន​ធ្លាក់ចុះ​ភ្លាមៗ​ស្របពេល​នៃ​ការចាប់ខ្លួន​របស់លោក Ghosn។ Nissan បាន​សន្យាថា​នឹង​ពង្រឹង​គណៈ​គ្រប់គ្រង​របស់ខ្លួន​ឡើងវិញ​ដែល​អ្នកជំនាញ​ជាច្រើន​និយាយថា​ខ្លួន​កំពុង​ដើរ​ក្រោយ​ក្រុមហ៊ុន​សាកលលោក​និង​ក្រុមហ៊ុន​ជប៉ុន​កំពូលៗ​ដទៃទៀត​៕AP
​​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114