ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ង​កាប់សម្លាប់​ដើម្បី​ប្លន់​យកលុយ តែ​ជនរងគ្រោះ​រត់​ឲ្យ​គេ​ជួយ​ទាន់​​ពេល​

បាត់ដំបង ៖ យុវជនឈាមរាវ​ម្នាក់​ ដែល​គេ​ស្គាល់​យ៉ាងច្បាស់​ថា អាចជា​មុខសញ្ញា​ប្រើប្រាស់​ថ្នាំ ញៀន​ផង​នោះ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បាណន់ តាម​ស្រាវជ្រាវ​រហូត​ឈានដល់​ការ​ចាប់ខ្លួន ក្រោយពី​យុវជន​រូបនេះ​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​បុរស​វ័យ​ចំណាស់​ម្នាក់ បំណង​សម្លាប់​ដើម្បី​ប្លន់​យកលុយ។​

​គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ ម៉ោង​៣និង​៥០​នាទី​រសៀល ចំណុច​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង មាន​ករណី​ជនសង្ស័យ​ម្នាក់​មិន​ស្គាល់​សាវតារ បាន​ប្រើ​ប្រាស់​កាំបិតផ្គាក់​កាប់​ជនរងគ្រោះ ​ឈ្មោះ យ៉​ម ឈួ​ម ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ/ឃុំ ខាង​លើ បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ។​

​យោងតាម​របាយការណ៍​បឋម​ គឺ កាលណោះ ​ជនរងគ្រោះ​បាន​ក្តោប​មុខរបួស​ដែល​កំពុង​តែមាន​ឈាម​ហូរ​ជោក​ប្រាណ ​រត់​ចេញពីផ្ទះ​ ដោយ​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ ទើប​មានការ​ឆោឡោឡើង ឯ​ជន​សង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​ស្រមោល​ផងដែរ បើ​មិន​ដូច្នោះ​ទេ​ ជនរងគ្រោះ​អាច​នឹងត្រូវ​ស្លាប់​ជា​មិន​ខាន។​

​ក្រោយពី​បានធ្វើការ​ស្រាវជ្រាវ​ប៉ុន្មាន​ថ្ងៃនេះ​រួចមក នៅ​ថ្ងៃទី​២៣ ខែឆ្នាំដដែល​ វេលា​ម៉ោង​១១យប់ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ លួ​ន ថា ភេទ​ប្រុស អាយុ២១ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណន់ ដើម្បី​យកមក​សាក​សួរ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា នៅ​មុនពេល​កើតហេតុ​ គឺ​ខ្លួន​បានឮ​ដំណឹង​ថា បុរស​ដែលជា​ជនរងគ្រោះ​នោះ ទើបនឹង​លក់​គោ និង​លក់​ដីស្រែ​មាន​លុយ​ច្រើន ទើប​ខ្លួន​មានគំនិត​សម្លាប់​ដើម្បី​យកលុយ​ទាំងអស់នោះ​ ដោយ​គិត​រួច ខ្លួន​ក៏បាន​ដើរចូល​ទៅរក​បុរស​នោះ ដោយ​ធ្វើជា​សុំ​ដូង​ហូប គាត់​ក៏​ឲ្យ​ឡើង​បេះ​ទៅ ទើប​ខ្លួន​មានឱកាស​ទាញ​បាន​កាំបិត​កាប់​ទៅលើ​ជនរងគ្រោះ​ពី​ក្រោយ​តែម្តង បំណង​កាប់ ក តែ​ត្រូវ​បុរស​នេះ​ដឹងខ្លួន ​ហើយ​ងាក​ផុត​ ក៏ត្រូវ​ចំ​ស្មា​ ទើប​គាត់​រត់ចេញ​ឲ្យ​គេ​ជួយ ឯ​ខ្លួន​ឃើញ​ដូច្នេះ​ ក៏​រត់គេចខ្លួន​តែម្តង ដោយ​មិន​ហ៊ាន​នៅ​ប្រមូលយក​អ្វី​នោះឡើយ។ ទីបំផុត​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង។ បច្ចុប្បន្ន​ ជនសង្ស័យ ​ត្រូវបាន​បញ្ជូន​មកដល់​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ហើយ ដើម្បី​ចាត់ការ​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114