ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ FAA ​របស់​អាមេរិក​ថា​ មិន​ទាន់​មាន​ការ​ជួសជុល​យន្តហោះ ​737 MAX នៅឡើយ មុន​ថ្ងៃ​កិច្ចប្រជុំ​កំពូល

ប្រធាន​ទីភ្នាក់ងារ​សុវត្ថិភាព​ផ្លូវអាកាស​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ភ្នាក់ងារ​របស់លោក​មិនទាន់បាន​ធ្វើការ​វាយតម្លៃ​ការជួសជុល​របស់​ក្រុមហ៊ុន Boeing ចំពោះ​យន្តហោះ 737 MAX 8 នៅឡើយ​ទេ នៅមុន​ថ្ងៃ​នៃ​កិច្ចប្រជុំ​កំពូល​និយតករ​អាកាសចរណ៍​សាកល​ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

យន្តហោះ 737 MAX ត្រូវបាន​ផ្អាក​ដំណើរការ​ដោយសារ​តែមាន​ករណី​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines កាលពី​ថ្ងៃទី​១០ មីនា​រួមជាមួយ​ករណី​ធ្លាក់​របស់​ក្រុមហ៊ុន Lion Air ឥណ្ឌូណេស៊ី​ក្នុង​ខែតុលា​ដោយបាន​ឆក់យក​ជីវិត​មនុស្ស​៣៤៦​នាក់​និង​ត្រូវបាន​គេ​ស្ដីបន្ទោស​ថា​មកពី​កំហុស​បច្ចេកទេស​ក្នុង​យន្តហោះ​តែម្ដង​។​

កិច្ចប្រជុំ​កំពូល​ធ្វើឡើង​នៅ​ទីក្រុង​Fort Worth រដ្ឋ Texas​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្ដល់​តម្រុយ​ខ្លះ​ថា​តើ​អាជ្ញាធរ​សុវត្ថិភាព​អាកាសចរណ៍​សាកល​នឹង​សុខចិត្ត​លះបង់​ភាពស្ទាក់ស្ទើរ​ណាមួយ​ចំពោះ​រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក (FAA) ដែលជា​ស្ថាប័ន​ចុងក្រោយ​គេ​ក្នុងការ​ផ្អាក​ការហោះហើរ​របស់​យន្តហោះ​និង​មិនទាន់​បើកភ្លើង​បៃតង​ឱ្យ​យន្តហោះ 737 MAX អាច​ហោះហើរ​ឡើងវិញ​បាន​នៅឡើយ​។​

ប្រធានស្ដីទី​នៃ FAA លោក Dan Elwell បាន​និយាយថា​ភ្នាក់ងារ​របស់លោក​មិនទាន់​បានទទួល​សំណើ​ជួសជុល​ពី​ក្រុមហ៊ុន Boeing សម្រាប់​ប្រព័ន្ធគ្រប់គ្រង​ស្វ័យប្រវត្តិ​របស់​យន្តហោះ​ប្រភេទ​នេះ​នៅឡើយ​ដែល​វា​គឺជា​អ្វីដែល​គេ​ស្ដីបន្ទោស​ថា​នាំឱ្យមាន​ករណី​ធ្លាក់​យន្តហោះ​កន្លងមកនេះ​។​

លោក Elwell និយាយ​មុន​ថ្ងៃ​កិច្ចប្រជុំ​កំពូល​ថា “​យើង​នៅ​រង់ចាំ​ឱ្យ​ក្រុមហ៊ុន Boeing ដាក់សំណើ​កម្មវិធី​នោះ​មកជា​ផ្លូវការ​សិន​ដើម្បី​ទទួលបាន​ការយល់ព្រម​”

ទោះជា​យ៉ាងណា​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​របស់​អាមេរិក​ជាច្រើន​ទំនង​ដូចជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​ដាក់ឱ្យ​យន្តហោះ​ប្រភេទ​នេះ​ហោះហើរ​សាជាថ្មី​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក​និង​ភាគ​និរតី​បានកំណត់​ការហោះហើរ​ដោយ​ប្រើ​យន្តហោះ​នេះ​សម្រាប់​ខែសីហា​ខាងមុខ​ដោយ​សង្ឃឹមថា​វា​ច្បាស់​ជា​អាច​ដំណើរការ​ហោះហើរ​បាន​ឡើងវិញ​នៅពេលនោះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114