ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួត​បាល់ទាត់​ប៊ែ​ល​ធី​ក្របខណ្ឌ​U-13​ បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង

​ភ្នំពេញ ​៖ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ​ក្របខណ្ឌ​U-13 បានបញ្ចប់​ដោយ​ជោគជ័យ និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​សិស្សានុសិស្ស និង​អាណាព្យាបាល​។​

​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ចូល​កម្មវិធី​កីឡា ៤​ប្រភេទ រួមមាន​៖ 1-​អប់រំ​កាយ សម្រាប់​សិស្ស​ថ្នាក់​ទី​១-៦, 2-​កីឡា តៃ​ក្វាន់​ដូ សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨, 3-​កីឡាបាល់ទាត់ Futsal (U-13)​សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨, 4-​កីឡាបាល់ទាត់ Futsal (U-16)​សម្រាប់​សិស្ស​ថ្នាក់​ទី​១០&១១​។ ហើយ​ថ្ងៃនេះ យើង​បានធ្វើ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​U-13 ដែលមាន​ការចូលរួម​ពី ១៩​ក្រុម ដែល​មកពី ១៩​សាខា សរុប​២៤៧​នាក់​ដើម្បី​ដណ្តើម ជើងឯក​ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ ដែល​ចែកចេញជា ២​ក្រុម គឺ ក្រុម​U-13 និង ក្រុម U-16 នឹង​ទទួល​រង្វាន់ ដូចខាងក្រោម ៖
​​ទី​១-​ក្រុម​ជើងឯក (The Winner)​ពានរង្វាន់​ជើង ឯក​សាលា ប៊ែ​ល​ធី អន្តរជាតិ មេដាយមាស​ ថវិកា​ចំនួន 3,000,000 រៀល​
​​ទី​២-​ក្រុម​ជើងឯក​រង (Runner-up)​មេដាយប្រាក់​ថវិកា​ចំនួន 2,000,000 រៀល​
​ទី​៣-​ក្រុម​លេខ ៣​មេដាយ សំរិទ្ធ ថវិកា​ចំនួន 1,000,000 រៀល​
ទី​៤- ក្រុម​គំរូ (Fair Play Team) ថវិកា​ចំនួន​500,000 រៀល​

ក្នុងឱកាស​នោះ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី​គ្រុប​បានឱ្យដឹងថា ការប្រកួត​កីឡា បាល់ ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៩ (BELTEI CHAMPIONS TROPHY 2019)​នេះ ត្រូវ​បាន​រៀបចំឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ក្នុងការ​ពង្រឹង​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់ រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស្របតាម​កម្មវិធីសិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានដាក់​បញ្ចូល​កម្មវិធី​កីឡា​នេះ ទៅក្នុង​កម្មវិធីសិក្សា​នៅ​ទូទាំងប្រទេស​។

លោក លី ប៊ុនឆៃ បាន​ណែនាំ​ដល់​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​រៀនសូត្រ ទៅ​សាលា​ឲ្យ​បាន​ទៀងទាត់ និង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ទៅ​ហាត់​កីឡា ដើម្បី​បង្កើន​ថាមពល​រឹងមាំ និង​នាំមក​នូវ​សុខភាព​ល្អ ក៏ដូចជា​បង្កើន​នូវ​ភាពស្និទ្ធស្នាល រវាង​មិត្តភក្តិ សិស្សានុសិស្ស​រៀន​ជាមួយគ្នា ជា​ពិសេស​ដើម្បី​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើហិង្សា លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានមនុស្ស ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ទៀតផង​។

លោក ក៏បាន​កោតសរសើរ​ចំពោះ ក្រុម​កីឡាករ​ទាំងអស់​ដែល​បាន​ប្រកួត​ជាមួយគ្នា តាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្ដិធម៌ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ហើយ​ចេះ​គោរព​ដៃគូ​ប្រកួត​របស់ខ្លួន ព្រោះ​ការប្រកួត​នេះ ជា​លក្ខណៈ​គ្រួសារ​ប៊ែ​ល​ធី បើទោះបី ឈ្នះ ឬ​ចាញ់ ក៏​នៅតែ​ជា​គ្រួសារ​ប៊ែ​ល​ធី​ដែរ​។​

ជាទី​បញ្ចប់ ប្រធាន​គណៈអធិបតី ប្រគល់​ពាន និង​រង្វាន់​ដល់​ក្រុមកីឡា ករ​ជ័យលាភី U-13 ប្រចាំឆ្នាំ​២០១៩​។​

សូមបញ្ជាក់ថា សាលា ប៊ែ​ល​ធី អន្តរជាតិ ទទួល​ចុះឈ្មោះ​ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​គ្រប់​ទីតាំង​ប៊ែ​ល​ធី ទាំង ១៩​សាខា ថ្នាក់​ចំណេះ​ទូទៅ និង ថ្នាក់​ភាសា​អង់គ្លេស វគ្គ​ថ្មី​ចូលរៀន​ថ្ងៃទី០៣ ខែ​មិថុនា ឆ្នាំ​២០១៩ បង់ថ្លៃ​សិក្សា ១​វគ្គ ផ្តល់ជូន សៀវភៅ​គូ​ល័​រ​ច្បាប់ដើម ១​ឈុត ផុតកំណត់ ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០១៩៕

​   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114