ព័ត៍មានទាន់​ហេតុការណ៏
Search

ថវិកា​៨០​លាន​រៀល ​ត្រូវបាន​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​

​ភ្នំពេញ ​៖ ថវិកា​សរុប​មាន​ចំនួន​៨០​លាន​រៀន ​ដែល​បានមកពី​ការ​រៃអង្គាស​ពី​ពលករ​ខ្មែរ ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​មាន​ចំនួន​២០​លាន​រៀល ​និង​ជា​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៦០​លាន​រៀន​របស់ លោក​ឧកញ៉ា​ ឡេង ណា​វ៉ា​ត្រា ត្រូវបាន​ប្រគល់ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ក្នុង​គោលបំណង​ដើម្បី​ជួយ​សម្រួល​ដល់​សេវា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​។​

ចំពោះ​ការប្រគល់​ថវិកា​ចំនួន​៨០​លាន​រៀន​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ ​បាន​ធ្វើឡើង ​កាលពី​ល្ងាច​ថ្ងៃទី​២៣ ​ខែឧសភា ​ឆ្នាំ​២០១៩​ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ,​លោក ហេង ឡុង និង​តារាចម្រៀង​សំឡេង​ស្អក​លោក ខេ​ម ព្រមទាំង​តំណាង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផងដែរ​។​

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា លើកឡើងថា​ ថវិកា ​ដែល​បាន​នាំ​យកទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៨០​លាន​រៀល​នេះ ​គឺ​មួយចំណែក​ជា​ថវិកា​​ដែល​បានមកពី​ការ​រៃអង្គាស​ពី​បងប្អូន​ខ្មែរ​នៅក្នុង​ប្រទេស​កូរ៉េ​(២០​លាន​រៀល​) និង ចំនួន​៦០​លាន​រៀល​ទៀត​គឺជា​ថវិកា​​ផ្ទាល់ខ្លួន​របស់លោក​ដែល​បានមក​ពីមុខ​ជំនួញ​។ ​មូលហេតុ​ដែល​លោក​ប្រើស​ជំនួយ​ជា​ក្រដាសប្រាក់​៥០០​រៀល​យកមក​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​គឺ​ដោយសារតែ​លោក​ចង់​លើក​តម្កើង​ពី​តម្លៃ​ប្រាក់​រៀល​របស់​ខ្មែរ​។​

បន្ថែម​ពីលើ​នេះ​លោក ឡេង ណា​វ៉ា​ត្រា បានបញ្ជាក់​ថា​ នេះ​ជា​លើក​ទី​៣​ហើយ ​ដែល​លោក​បាន​ប្រគល់​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ ដោយ​កាលពី​២​លើក​មុន​ គឺមាន​ចំនួន​៥០​លាន​រៀល​ និង​លើក​ទី​៣​នេះ​ មាន​ចំនួន​៨០​លាន​រៀល​ផងដែរ​។​

លោក​មិន​ប្រកាសថា នឹងធ្វើ​បែបនេះឲ្យ​បាន​ទៀងទាត់​នោះទេ ប៉ុន្តែ​លោក​ថា​នឹង​នៅតែ​បន្ត​ជួយមន្ទីរពេទ្យ​គន្ធបុប្ផា​តាម​លទ្ធភាព​។

​សូមបញ្ជាក់ថា ​មន្ទីរពេទ្យ​គន្ធបុប្ផា​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩២​រហូតដល់​ឆ្នាំ​២០១៦​អ្នកជំងឺ​ដែលមាន​ជីវភាព​ក្រីក្រ​ពិសេស​ស្ត្រី ​និង​កុមារ​ប្រមាណ​ជាង​១៥​លាន​នាក់​បាន​ទៅ​ទទួល​សេវា​ព្យាបាល ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​មនុស្សធម៌​មួយ​នេះ​។​គិត​មកដល់​ឆ្នាំ​២០១៧​មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​បុគ្គលិក​បម្រើ​ការងារ​ចំនួន​២៥០០​នាក់​។

​មន្ទីរពេទ្យ​គន្ធបុប្ផា​ បាន​ប្រកាន់ខ្ជាប់​នូវ​បទបញ្ជាផ្ទៃក្នុង គឺ​គ្រូពេទ្យ​ទាំងអស់ ដាច់ខាត​មិនត្រូវ​ទារប្រាក់​ពី​គ្រួសារ​អ្នកជំងឺ​ឡើយ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114