ព័ត៍មានទាន់​ហេតុការណ៏
Search

ស៊ីណា វ៉ា​ត់​ត្រា ប្រកាស​ដឹក​ដៃគូ​ស្នេហ៍​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ចុងខែ​ឧសភា​នេះ​

​ភ្នំពេញ​ ៖​ ទីបំផុត​តារា​សម្ដែង​ប្រុស​កម្សត់ ស៊ីណា វ៉ា​ត់​ត្រា​ បន្ទាប់ពី​បែកធ្លាយ​ដំណឹង​មាន​ទំនាក់ទំនង​ស្នេហ៍​មាន​រយៈពេល​៤​ឆ្នាំ​ជាមួយ​នារី​កំពូល​ស្នេហ៍ ​កញ្ញា សឿន ស្រី​វីន ពេល​នេះ​ បានប្រកាស​សម្រេច​ចិត្ត​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ ​ដោយ​បើក​ចំហ​។​

តារា​សម្តែង​ប្រុស​លោក ស៊ីណា វ៉ា​ត់​ត្រា បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​សារ​អេឡិចត្រូនិក​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ដើម្បី​ស្រាយ​ជាមួយ​មន្ទិល​របស់​មហាជន​ថា ​រវាង​លោក ​និង​កញ្ញា សឿន ស្រី​វីន បាន​ដាក់​ចិត្ត​ស្រលាញ់គ្នា​យូរ​ឆ្នាំ​មកហើយ​ គ្រាន់តែ​ពេលខ្លះ​មិនសូវ​បង្ហាញមុខ​ដោយ​បើកចំហ​ទើបតែ​ពេលនេះ​បានសម្រេច​ចិត្ត​ជ្រើស​យកគ្នា​ជា​គូ​អនាគត។​

តារា​ប្រុស​រូបនេះ​បន្តថា អនាគត​ភរិយា​របស់ខ្ញុំ​ជា​អ្នករកស៊ី​ ហើយ​មូល​ហេតុដែល​ខ្ញុំ​ត្រូវតែ​ចូល​រោង​ការ​ជាមួយ​គាត់​(​គូស្នេហ៍​)​ដោយសារតែ ស្រី​វីន ស្រលាញ់​ក្រុមគ្រួសារ​របស់ខ្ញុំ​ដូចដែល​ខ្ញុំ​បាន​ស្រលាញ់​ក្រុមគ្រួសារ​របស់គាត់​ដែរ​។ ​ប៉ុន្តែ​ការកំណត់​ពេលវេលា​នៃ​ថ្ងៃ​មង្គលការ​នោះ​ មិនទាន់​ច្បាស់លាស់​នៅឡើយ​ទេ ហើយ​មិន​ទុក​យូរ​នាំ​តែ​ជូរ​ផ្អូម​នោះដែរ​ ព្រោះ​ក្រុមគ្រួសារ​ពួក​ខ្ញុំ​ទាំង​សងខាង​បាន​ឯកភាពគ្នា​អស់ហើយ​ គឺ​ចង់​ឲ្យ​ខ្ញុំ​ និង​សង្សារ​រៀបការ​ឆាប់ៗ​នេះ​។​

លោក ស៊ីណា​វ៉ា​ត់​ត្រា បញ្ជាក់ថា ​ថ្វី​ត្បិត​ថ្ងៃ​មង្គលការ​នៅ​មិនយូរ​ទៀត​មែន ​តែ​លោក​នឹង​បោះបង់​អាជីព​សិល្បៈ​ចោល​នោះទេ ​គឺ​លោក​នៅ​បន្ដ​ថត​MV​ជាធម្មតា​ដូច​មុន​ព្រមទាំង​ត្រៀម​ថត​ភាពយន្ដ​ផងដែរ​។

លោក​និយាយថា ចំពោះ​អនាគត​ភរិយា​របស់លោក​មិន​ហាមឃាត់​លោក​រឿង​ចូល​សិល្បៈ​ឡើយ​ព្រោះ​គាត់​ចូលចិត្ត​និង​ស្រលាញ់​សិល្បៈ​ដូចគ្នា​។​ ប៉ុន្តែ​ដោយសារ​ប្រាក់ចំណូល​សិល្បៈ​មាន​កម្រិត​ទើប​លោក​គ្រោង​បង្កើត​អាជីវកម្ម​អ្វីមួយ​ក្រោយពេល​រៀបការ​រួច​៕​

 

​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114