ព័ត៍មានទាន់​ហេតុការណ៏
Search

តៃវ៉ាន់ ​រៀបចំ​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​អាស៊ី

ការ​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ជា​ផ្លូវការ​លើកដំបូង​របស់​កោះ​តៃវ៉ាន់​ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​មួយ​សម្រាប់​សិទិ្ធ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​តំបន់​អាស៊ី​ខណៈដែល​គូស្នេហ៍​ស្រឡាញ់​ភេទ​ដូចគ្នា​បានធ្វើ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ​ដើម្បី​ចុះឈ្មោះ​រៀបការ​បន្ទាប់ពី​ការប្រយុទ្ធ​អស់​រយៈពេល​បី​ទសវត្សរ៍​សម្រាប់​សមភា​ព។

Shane Lin និង Marc Yuan ដែលជា​គូស្នេហ៍​ស្រឡាញ់គ្នា​កាល​រៀន​មហាវិទ្យាល័យ​គឺជា​គូស្នេហ៍​ដំបូង​គេ​ដែល​បាន​មកដល់​ការិយាល័យ​រដ្ឋាភិបាល​នៅ​ទីក្រុង​តៃប៉ិ​។​

ពួកគេ​បាន​ឱប​និង​ថើប​គ្នា​នៅ​ចំពោះមុខ​អ្នកកាសែត​ដ៏​ច្រើន​មុនពេល​ចុះហត្ថលេខា​លើ​លិខិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​។​

តៃវ៉ាន់​បាន​បង្កើត​ប្រវត្តិសាស្ត្រ​កាលពី​សប្ដាហ៍​មុន​នៅពេល​កោះ​នេះ​ក្លាយទៅជា​កន្លែង​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​ក្នុង​ការធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ស្រលាញ់​ភេទ​ដូចគ្នា​ក្លាយជា​រឿង​ស្របច្បាប់​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ភាព​រីករាយ​ក្នុងចំណោម​ហ្វូង​អ្នកគាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​តៃប៉ិ​។​

ប៉ុន្តែ​បញ្ហា​នេះ​ក៏​បណ្តាល​ឲ្យ​មានការ​បែកបាក់​គ្នា​យ៉ាងជ្រៅ​ផងដែរ​នៅលើ​កោះ​មួយ​ដែល​នៅតែ​រក្សា​ការអភិរក្ស​ជាពិសេស​នៅក្រៅ​ទីក្រុង​និង​ក្នុងចំណោម​មនុស្ស​ជំនាន់​មុន​។​

យោងតាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គូ​ស្វាមីភរិយា​ភេទ​ដូចគ្នា​ប្រហែល​៣០០​គូ​ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះឈ្មោះ​នៅ​ថ្ងៃ​សុក្រ​។​

សាលាក្រុង​នឹង​រៀបចំ​ពិធី​រៀប​អាពាហ៍ពិពាហ៍​បើកចំហ​មួយ​នៅក្បែរ​អគារ​កប់​ពពក Taipei 101 ដ៏​ល្បីល្បាញ​ដោយ​ឥស្សរជន​ក្នុងស្រុក​និង​ក្រៅប្រទេស​ត្រូវបាន​គេ​រំពឹងថា​នឹងចូលរួម​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114