ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​នឹង​មិន​ចុះចាញ់​ទេ ​បើទោះបីជា​ត្រូវ​គ្រាប់បែក​ទម្លាក់​លើ​ក៏ដោយ

លោក​ប្រធានាធិបតី Hassan Rouhani បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​អ៊ីរ៉ង់ ​នឹងមិន​ចុះចាញ់​ការគាបសង្កត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ទេ​ ហើយ​នឹងមិន​បោះបង់ចោល​គោលដៅ​របស់ខ្លួន​ឡើយ​ ទោះបីជា​ខ្លួន​ត្រូវ​គ្រាប់បែក​ទម្លាក់​លើ​ក៏ដោយ​។ ការលើកឡើង​របស់លោក Rouhani បែបនេះ​គឺជា​ការបង្កើន​សង្គ្រាមពាក្យសម្តី​រវាង​សាធារណរដ្ឋ​ឥស្លាម​និង​សហរដ្ឋអាមេរិក​។​

ភាព​តានតឹង​កំពុង​ឡើងក​ម្តៅ​រវាង​ប្រទេស​ទាំងពីរ​បន្ទាប់ពី​ទីក្រុង​វ៉ា​ស៊ី​ង​តោន​បាន​បញ្ជូន​កងកម្លាំង​យោធា​បន្ថែមទៀត​ទៅកាន់​តំបន់​មជ្ឈិម​បូព៌ា​ដើម្បី​ជាការ​បង្ហាញ​កម្លាំង​ប្រឆាំងនឹង​អ្វីដែល​ក្រុមមន្ត្រី​អាមេរិក​និយាយថា ជាការ​គំរាមកំហែងរ​បស់​អ៊ីរ៉ង់​ចំពោះ​កងទ័ព​និង​ផលប្រយោជន៍​របស់ខ្លួន​នៅក្នុង​តំបន់​នេះ​។​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ស្តីទី​លោក Patrick Shanahan បានបញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ទីរ​បញ្ច​កោណ​កំពុង​ពិចារណា​បញ្ជូន​កងទ័ព​អាមេរិក​បន្ថែមទៀត​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ជា​មធ្យោបាយ​មួយ​ដើម្បី​ជំរុញ​ការការពារ​ដល់​កងកម្លាំង​អាមេរិក​នៅ​ទីនោះ​។​

បន្ទាប់ពី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភព​, ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានចាប់ផ្តើម​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ឡើងវិញ​លើ​ប្រទេស​អ៊ីរ៉ង់​កាលពី​ឆ្នាំមុន​និង​បាន​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​ក្នុង​ខែ​នេះ​ដោយ​បញ្ជា​ឲ្យ​ប្រទេស​ទាំងអស់​បញ្ឈប់ ការ​នាំចូល​ប្រេង​របស់​អ៊ីរ៉ង់​បើ​មិន​ដូច្នេះ​ទេ​នឹង​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​។​

លោក Rouhani ត្រូវបាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ IRNA ដែល​បាន​និយាយថា “​រយៈពេល​ជាង​មួយឆ្នាំ​បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ទាំងនេះ ប្រជាជន​របស់​យើង​មិនបាន​ឱនក្បាល​ទេ​បើទោះបីជា​ប្រឈម​នឹង​ការលំបាក​នៅក្នុង​ជីវិត​របស់​ពួកគេ​ក៏ដោយ​”​។​

ថ្លែង​ក្នុង​ពិធី​រំលឹក​សង្គ្រាម​អ៊ីរ៉ាក់​-​អ៊ីរ៉ង់​ឆ្នាំ​១៩៨០-៨៨ លោក​បាន​បន្ថែមថា “​យើង​ចាំបាច់​ត្រូវ​តស៊ូ​ដូច្នេះ​សត្រូវ​របស់​យើង​ដឹងថា ប្រសិនបើ​ពួកគេ​ទម្លាក់​គ្រាប់បែក​លើដី​របស់​យើង​ហើយ​ប្រសិនបើ​កូនៗ​របស់​យើង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម រងរបួស​ឬ​ត្រូវគេ​ចាប់​ធ្វើជា​អ្នកទោស​នោះ យើង​នឹងមិន​បោះបង់​គោលដៅ​របស់​យើង​ដើម្បី​ឯករាជ្យភាព​នៃ​ប្រទេស​របស់​យើង​និង​មោទនភាព​របស់​យើង​នោះទេ​”​។​
​ស្របពេល​ជាមួយគ្នា​នោះដែរ លោក Mohammad Baqeri នាយអគ្គសេនាធិការ​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់​ក៏បាន​ចង្អុល​ទៅ​ជ័យជម្នះ​របស់​អ៊ីរ៉ង់​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​ផងដែរ​ហើយ​បាន​និយាយថា លទ្ធផល​នេះ អាចជា​សារ​មួយ​ថា អ៊ីរ៉ង់​នឹងធ្វើ​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​ចំពោះ​ការ​ផ្សងព្រេង​របស់​សត្រូវ​ណា​មួយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114