ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រឆាំង​ឥណ្ឌូនេស៊ី ​ជំទាស់​លទ្ធផល​នៃ​ការបោះឆ្នោត​នៅក្នុង​តុលាការ

បេក្ខជន​ចាញ់​ឆ្នោត​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Prabowo Subianto បានដាក់​ពាក្យបណ្តឹង​ជំទាស់​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​១៧​ខែមេសា​ទៅ​តុលាការ​ធម្មនុញ្ញ​កាលពី​ថ្ងៃ​សុក្រ ​បន្ទាប់ពី​បាន​តវ៉ា​ថា ការបោះឆ្នោត​នេះ​ត្រូវបាន​ក្លែងបន្លំ​។​

គណៈកម្មាធិការ​បោះឆ្នោត​ទូទៅ (KPU) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ប្រធានាធិបតី Joko Widodo បាន​ឈ្នះ​សំឡេង​៥៥,៥​ភាគរយ​នៅ​ក្នុង​ការបោះឆ្នោត​ដើម្បី​ដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ធំ​បំផុត​លំដាប់​ទី​៣​របស់​ពិភពលោក​មួយ​នេះ​ដោយ​ផ្តួល​ឧត្ដមសេនីយ៍​ចូលនិវត្តន៍​លោក Prabowo ដែល​បានទទួល​សំឡេង​៤៤,៥​ភាគរយ។

បន្ទាប់ពី​ការប្រកាស​នេះ លោក Prabowo បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀតថា មាន​ការ​លួចបន្លំ​ជាទូទៅ​ដើម្បី​ជួយ​ដល់​អ្នក​ដែល​កំពុងកាន់​អំណាច​ហើយ​អ្នកគាំទ្រ​រាប់ពាន់នាក់​របស់គាត់​បានធ្វើ​បាតុកម្ម​ក្នុង​រដ្ឋធានី​នៅ​សប្តាហ៍​នេះ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​លទ្ធផល​។​

អភិបាលក្រុង​ហ្សា​ការ​តា​លោក Anies Baswedan បាន​និយាយថា មនុស្ស​ចំនួន​៨​នាក់​ត្រូវបាន​សម្លាប់​ដោយ​រួមទាំង​ក្មេង​ជំទង់​៣​នាក់​ផងដែរ​ខណៈ​មនុស្ស​ចំនួន​៧៣៧​នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​រយៈ​ពេល​ពីរ​យប់​។​

អ្នក​ឈរឈ្មោះ​រួមជាមួយ​លោក Prabowo ឈ្មោះ Sandiaga Uno បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​ដំណើរការ​នៃ​ការដាក់​ពាក្យបណ្តឹង​នេះ​និង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ច្បាប់​ផ្សេងទៀត​គឺជា​ជំហាន​ដើម្បី​ធានាថា យើង​អាចអនុវត្ត​លទ្ធផល​នៃ​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​”​។​

ក្រុមបាតុករ​ចុងក្រោយ​បាន​បំបែក​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រមូល​ផ្តុំគ្នា​ជាថ្មី​ម្តងទៀត​នៅ​ចុង​សប្តាហ៍​នេះ​ក្បែរ​តុលា​ការដែល​ស្ថិតនៅ​ជិត​វិមាន​ប្រធានាធិបតី​នៅ​កណ្តាល​រដ្ឋធានី​។​

អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​លោក Muhammad Iqbal បាន​និយាយថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​ដែល​រង​ការចោទប្រកាន់ថា​បាន​ចូលរួម​ក្នុង​កុបកម្ម​ឬ​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ហើយ​ក្នុងនោះ​មាន​ពីរ​នាក់​គឺជា​សមាជិក​នៃ​ក្រុម​សកម្មប្រយុទ្ធ​មួយ​ដែល​បាន​សន្យា​គាំទ្រ​ដល់​ក្រុម​រដ្ឋ​ឥស្លាម​។​

តុលាការ​ធម្មនុញ្ញ​ត្រូវតែ​ធ្វើ​សេចក្តីសម្រេច​លើ​ពាក្យបណ្តឹង​នេះ​ក្នុង​រយៈពេល​១៤​ថ្ងៃ​បន្ទាប់ពី​តុលាការ​ពិចារណា​ថា​ដើមបណ្តឹង​បានផ្តល់​ឯកសារ​គ្រប់គ្រាន់​។ គណៈកម្មាធិការ​បោះឆ្នោត​គួរតែ​ដោះស្រាយ​ជម្លោះ​ត្រឹម​ថ្ងៃទី​១៥​ខែមិថុនា​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114