ព័ត៍មានទាន់​ហេតុការណ៏
Search

សកម្ម​ប្រយុទ្ធ​កំពូល​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា ​ត្រូវបាន​សម្លាប់​ក្នុង​តំបន់​កា​ស្មៀ​រ​ឥណ្ឌា

ក្រុមមន្ត្រី​បាន​និយាយថា កងកម្លាំង​រដ្ឋាភិបាល​នៅក្នុង​តំបន់​កា​ស្មៀ​រ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា​ បានសម្លាប់​សកម្មប្រយុទ្ធ​កំពូល​ម្នាក់​ដែល​បាន​សន្យា​ភក្តីភាព​ចំពោះ​ក្រុម​អាល់​កៃ​ដា​ដោយ​ចាត់ទុក​ការស្លាប់​របស់គាត់​ថា​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​ចំពោះ​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​ទឹកដី​ដែលមាន​ជម្លោះ​នេះ​។​

ខណៈពេលដែល​ព័ត៌មាន​អំពី​ការស្លាប់​របស់លោក Zakir Musa បាន​រីក​រាលដាល​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​នោះ អ្នក​តវ៉ា​រាប់រយ​នាក់​បាន​ចេញមក​តាម​ដង​ផ្លូវ​ហើយ​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​នៅក្នុង​តំបន់​ជាច្រើន​រួមទាំង​នៅក្នុង​ទីក្រុង Srinagar ផងដែរ​។​

អាជ្ញាធរ​បាន​កាត់ផ្តាច់​សេវា​អ៊ី​ន​ធើ​ណិ​ត​នៅ​ទូទាំង​ជ្រលង​កា​ស្មៀ​រហើយ​បានដាក់​បម្រាម​គោចរ​មួយ​ក្នុង​ផ្នែក​ធំៗ​នៃ​ទឹកដី​នេះ​ដើម្បី​បញ្ឈប់​ការតវ៉ា​ដែល​កំពុង​រីក​រាលដាល​។​

មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ម្នាក់​បាន​ប្រាប់ AFP ថា លោក Musa អាយុ​២៥​ឆ្នាំ​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ទាហាន​និង​ក្រុមប៉ូលិស​បង្ក្រាប​កុបកម្ម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នៅ​ខាងក្នុង​កន្លែង​លាក់ខ្លួន​មួយ​ក្បែរ​ទីប្រជុំជន Tral ភាគខាងត្បូង​និង​ស្នើសុំ​ឲ្យ​ចុះចាញ់​។​

មន្ត្រី​រូបនេះ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា “​ជាការ​តបត គាត់​បាន​គប់​គ្រាប់បែក​បន្ទាប់មក​បាញ់កាំភ្លើង​ហើយ​ក្រោយមក​ត្រូវបាន​សម្លាប់​ក្នុងអំឡុងពេល​នៃ​ការបាញ់​កាំភ្លើង​”​។​

លោក Musa បានប្រកាស​កាលពី​ឆ្នាំ​២០១៧​អំពី​ការបង្កើត​ក្រុម​របស់គាត់​ឈ្មោះ Ansar Ghazwat-ul-Hind និង​បានប្រកាស​ភក្ដីភាព​របស់គាត់​ចំពោះ​ក្រុម​អាល់​កៃ​ដា​ដោយនិយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គាត់​កំពុង​ប្រយុទ្ធ​ដើម្បី​បង្កើត​រដ្ឋ Caliphate ឥស្លាម​នៅ​តំបន់​កា​ស្មៀ​រ​។​

លោក Musa បាន​លះបង់​ការសិក្សា​វិស្វកម្ម​របស់គាត់​នៅ​ឆ្នាំ​២០១៣​ដើម្បី​ចូលរួម​ក្នុង​ក្រុម​សកម្មប្រយុទ្ធ Hashbul Mujahideen (HM) ធំ​បំផុត​របស់​តំបន់​កា​ស្មៀ​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​ឥណ្ឌា​ហើយ​ក្រោយមក​បានក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​មួយ​ដែល​ដឹកនាំ​ដោយ​សកម្មប្រយុទ្ធ​ឈ្មោះ Burhan Wani ។​

ការស្លាប់​របស់​មេដឹកនាំ​សកម្មប្រយុទ្ធ​ដ៏​ពេញនិយម​កាលពី​ឆ្នាំ​២០១៦​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំង​ទឹកដី​នេះ​ដែល​អូស​បន្លាយពេល​ច្រើន​ខែ​ហើយ​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ជាង​១០០​នាក់​ស្លាប់​និង​រាប់ពាន់នាក់​រងរបួស​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114