ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Naby Keita និង Roberto Firmino ឆាប់​ជាសះស្បើយ​ពីរ​បួស​ដូចគ្នា​មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​Champions League

​អ្នកចាត់ការ Juergen Klopp បាន​និយាយថា កីឡាករ Naby Keita របស់​ក្រុម Liverpool​កំពុងតែ​ជាសះស្បើយ​ឆាប់រហ័ស​ជាង​ការរំពឹងទុក​ពីរ​បួស​ភ្លៅ​របស់គាត់ ហើយ​លោក​នឹង​មានឱកាស​បញ្ជាក់​ពី​សមត្ថភាព​លេង​របស់​គាត់ មុន​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​ជាមួយ​ក្រុម​មាន់​ខ្នាយ​មាស Spurs​នា​សប្តាហ៍​ក្រោយនេះ​។​

ខ្សែបម្រើ​សញ្ជាតិ​គី​នេ Keita បាន​រងរបួស​ភ្លៅ​របស់គាត់ អំឡុងពេល​បរាជ័យ​០-៣​របស់​ក្រុម Liverpool​នៅ​ជើង​ទី​១​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម Barcelona ក្នុង​ខែ​នេះ ហើយ​ត្រូវបាន​គេ​លប់ឈ្មោះ​ចេញពី​ការប្រកួត​រយៈពេល​២​ខែ ដែល​មានន័យថា គាត់​ទំនងជា​អវត្តមាន​ពី​ការប្រកួត African Cup of Nations នា​ខែមិថុនា​ខាងមុខនេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ លោក Klopp​បាន​និយាយថា កីឡាករ​វ័យ​២៤​ឆ្នាំ​ម្នាក់នេះ ជាសះស្បើយ​ឆាប់រហ័ស​ជាង​ការរំពឹងទុក​នៅក្នុង​ជំរំ​ហ្វឹកហាត់​របស់​ក្រុម Liverpool នៅ​ទីក្រុង Marbella ថ្វីត្បិតតែ​មានឱកាស​ស្តួចស្តើង​បំផុត​ក្នុងការ​ត្រៀមខ្លួន​លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League នា​ថ្ងៃទី​១ ខែមិថុនា​ខាងមុខនេះ ក្នុង​ទីក្រុង Madrid​របស់​ប្រទេស​អេ​ស្ប៉ា​ញ​យ៉ាងណាក៏ដោយ។

​លោក Klopp បាន​និយាយប្រាប់​វែបសាយ​ក្លិប Liverpool​ថា កីឡាករ Naby​គឺជា​សះស្បើយ​មុន​កាលកំណត់ ប៉ុន្តែ​វា​មិនមែន​មានន័យថា អ្វីៗ​រួចរាល់​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះទេ​។ គាត់​អាច​រត់​បាន​ឥឡូវនេះ គាត់​មាន​អារម្មណ៍​ថា​ខ្លួនឯង​ស្រួលខ្លួន​៥០​ភាគរយ​ហើយ ប៉ុន្តែ​ផ្លូវ​នៅ​ត្រូវ​ដើរ​វែងឆ្ងាយ​ទៀត​។

ដោយឡែក ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Roberto Firmino ដែល​បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​មាន​របួស​សាច់ដុំ​នោះ បាន​ឆាប់​ជាសះស្បើយ​ពីរ​បួស​របស់គាត់​ដូចគ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114