ព័ត៍មានទាន់​ហេតុការណ៏
Search

​ក្រុម Stuttgart ត្រូវ​ក្រុម​អ្នកគាំទ្រ​ខ្លួនឯង​ស្រែកថា​ឲ្យ​ក្រោយពេល​ទាត់​ស្មើ​២-២​ជាមួយ​ក្រុម Union Berlin

​ខ្សែប្រយុទ្ធ Mario Gomez បាន​រិះគន់​ដល់​ក្រុម​អ្នកគាំទ្រ Stuttgart ក្រោយពេល​ក្រុម​របស់គាត់ បាន​ទាត់​ស្មើ​២-២​នៅក្នុង​ទឹកដី​ខ្លួនឯង​ជាមួយ​ក្រុមសិស្ស​ប្អូន Union Berlin នៅ​ការប្រកួត​ជើង​ទី​១​នៃ​វគ្គ​កាត់សេចក្តី​សម្រាប់​កៅអី​លេង​នៅ​ក្របខណ្ឌ​កំពូល Bundesliga កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។​

លទ្ធផល​ស្មើ​នេះដែរ មានន័យថា ជើងឯក​បាល់ទាត់​កំពូល​អាល្លឺម៉ង់​៣​សម័យកាល Stuttgart ត្រូវតែ​យកឈ្នះ​ក្រុម Union​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​នា​ថ្ងៃ​ចន្ទ​ខាងមុខនេះ ដើម្បី​បញ្ចៀស​ផុត​ពី​ការ​ជ្រុះ​ចេញពី​តារាង ក្រោយ​ឈរ​នៅ​លេខ​រៀង​ទី​៣​រាប់​ពី​បាត​តារាង​មកវិញ នៅ​ក្របខណ្ឌ Bundesliga។

ក្រុម​អ្នកគាំទ្រ​ម្ចាស់ផ្ទះ បាន​ស្រែក​ឲ្យ​ក្រុម​របស់​ពួកគេ​ពេល​អាជ្ញា​កណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត ក្រោយពេល​ក្រុម Union តាម​ពីក្រោយ​២​លើក ដើម្បី​ធ្វើ​ឲ្យ​ក្តីសង្ឃឹម​នៃ​ការ​ឡើង​តារាង​របស់​ពួកគេ​រស់រាន​ឡើងវិញ ហើយ​ធ្វើ​ឲ្យ​ក្រុម Stuttgart រៀបនឹង​ជ្រុះ​ចេញពី​តារាង​កំពូល​។

កីឡាករ Gomez ដែល​បានធ្វើ​ឲ្យ​ក្រុម Stuttgart នាំមុខ​មុន​២-១​នៅក្នុង​តង់​ទី​២​នោះ បាន​និយាយថា និយាយ​តាម​ត្រង់​ទៅ លោក​មិន​ចូលចិត្ត​បរិយាកាស​បែប​ហ្នឹង​នោះទេ​។

លោក​បន្តថា ជាក់ស្តែង​ណាស់​ថា យើង​មិន​សមប្រកប​ពេញ​មួយ​រដូវ​នោះទេ ហើយ​ក្រុម​អ្នកគាំទ្រ​គឺជា​អ្នកធ្វើ​ឲ្យ​ស្ថានភាព​បែបនេះ កាន់តែ​ដុនដាប​ឡើង​ថែម​មួយកម្រិត​ទៀត ប៉ុន្តែ​ភាគច្រើន​នៃ​ក្រុម​អ្នកគាំទ្រ​នៅថ្ងៃនេះ គឺ​ឈរ​ខាង​ពួកយើង ហើយ​លោក​សង្ឃឹមថា យើង​នឹងមាន​ក្រុម​អ្នកគាំទ្រ​ទាំងអស់នេះ ជាមួយ​ពួកយើង​នៅក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​។

ក្រុម Union​នឹង​លេង​ដោយ​គ្មាន​វត្តមាន​របស់​ប្រធាន​ក្រុម Christopher Trimmel សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​ចន្ទ ក្រោយពេល​កីឡាករ​អូស្ត្រាលី​ម្នាក់នេះ ទទួលបាន​កាត​លឿង​លើក​ទី​១០​ក្នុង​រដូវ​កាល​នេះ នៅក្នុង​តង់​ទី​២ សម្រាប់​កំហុស​មកលើ​កីឡាករ Nicolas Gonzalez ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114