ព័ត៍មានទាន់​ហេតុការណ៏
Search

FINA និង​កូរ៉េខាងជើង អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ចូលរួម​ព្រឹ​ត្ត​ការណ៍​ហែល​ទឹក World Championships

​ក្រុម​រៀបចំ​ព្រឹ​ត្ត​ការណ៍​កីឡាករ​ហែល​ទឹក Swimming World Championships ដែល​ប​ចំ​ឡើង​នៅ​ខែកក្កដា ខាងមុខនេះ ក្នុង​ទីក្រុង Gwangju ប្រទេស​កូរ៉េខាងត្បូង និង​គណៈ​គ្រប់គ្រង​កីឡាហែលទឹក​ពិភពលោក​(FINA)​បាន​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​ចូលរួម​ដែរ ដើម្បី​លើកកម្ពស់​សន្តិភាព​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ​។

ការចូលរួម​របស់​កូរ៉េខាងជើង​ដែល​ប្រទេស​បំពាក់អាវុធ​នុយក្លេអ៊ែរ ស្ថិតនៅ​ក្នុងស្ថានភាព​ស្រពិចស្រពិល​ដោយសារតែ​ការបាញ់​គ្រាប់​រ៉ុក្កែត និង​មី​ស៊ី​ល​រយៈ​ចម្ងាយ​ជិត ក្នុង​ខែ​នេះ​។​

​លោក Lee Yong-sup គឹជា​អភិបាលក្រុង Gwangju បាន​និយាយប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត លោក​ចង់បង្ហាញ​ក្តីសង្ឃឹម​របស់​ពលរដ្ឋ​១​លាន​នាក់​កន្លះ​របស់​ទីក្រុង Gwangju ។​

​លោក​បាន​និយាយថា ពួកគេ​រំពឹង​ដោយស្មោះ​ត្រង់​ចំពោះ​ការចូលរួម​របស់​កូរ៉េខាងជើង វត្តមាន​របស់​កូរ៉េខាងជើង គឺ​សំខាន់​ខ្លាំងណាស់​សម្រាប់​ជោគជ័យ​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ដែលមាន​បាវចនា​ការប្រកួត “Dive into Peace”​។​

​លោក Lee Yong-sup បាន​អះអាង​ទៀតថា យើង​ចង់សង្កត់ធ្ងន់​សារ​មួយ​នេះ​ដល់​ពិភពលោក​។ កាលពី​ខែ​កុ​ម្ភៈ​ឆ្នាំមុន ក្រុម​រដ្ឋមន្ត្រី​មកពី​ប្រទេស​ទាំង​២ បាន​ជួបគ្នា​ជាមួយ​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​(IOC)​នៅក្នុង​ទីក្រុង Lausanne ហើយ​បញ្ហា​នេះ ត្រូវបាន​លើកយក​មក​ពិភាក្សា ប៉ុន្តែ​មកទល់នឹង​ពេលនេះ យើង​មិនទាន់​ទទួលបាន​ចម្លើយ​ណាមួយ​ពី​ភាគី​កូរ៉េខាងជើង​នោះទេ​។

ដោយឡែក លោក Cornel Marculescu គឺជា​ប្រធាន​ប្រតិបត្តិ​របស់ FINA​បាន​និយាយថា ការឆ្លើយ​ឆ្លង​ព័ត៌មាន ត្រូវបាន​ដោះដូរ​គ្នា ដោយ​សង្ឃឹមថា នឹង​រកបាន​វត្តមាន​របស់​កូរ៉េខាងជើង​។ ឱសានវាទ​នៃ​ការចុះបញ្ជី​នៅ​ថ្ងៃទី​១២ ខែមិថុនា ខាងមុខនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114