ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ ជាវ តា​យ ចុះ​ពិនិត្យ​គម្រោង​សាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ ​ក្នុង​សង្កាត់​ក្រាំង​អំពិល និង​សង្កាត់​កំពង់បាយ ​

កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ​ឆ្នាំ​២០១៩ លោក ជាវ តា​យ​ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ អម​ដំណើរ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង សង្កាត់ បាន​អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង ការសាងសង់​ផ្លូវ​បេតុង​ចំនួន​ពីរ​ខ្សែ​ ដែល​ស្ថិតនៅ​សង្កាត់​ក្រាំង​អំពិល ​និង​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត។

ផ្លូវ​ទាំងពីរ​ខ្សែ​នេះ​គឺ ​ទី​១-​ឈ្មោះ​ផ្លូវ​លាន​ស្រូវ​មាន​ប្រវែង​២០០០​ម៉ែត្រ​ មាន​ទទឹង​៩​ម៉ែត្រ ​អម​លូ​សង​ខាង​ផ្លូវ​មានមុខ​កាត់​០,៨​ម៉ែត្រ​ ដែល​ត​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៣​ ទៅ​ខាង​កើត​ក្រុង​កំពត ​ក្នុង​នោះ​មាន​ប្រវែង​១០០០​ម៉ែត្រ ​ឆ្លងកាត់​នៅក្នុង​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​និង​១០០០​ម៉ែត្រ​ទៀត ​ឆ្លង​កាត់​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ដែល​ត្រូវ​ត​ភ្ជាប់​ទៅ​នឹង​ផ្លូវ​វាង​ក្រុង​កំពត​។​

​ចំណែក​ឯ​ផ្លូវ​ទី​២​ គឺជា​ផ្លូវ​មានការ​សម្របសម្រួល​ផល​ប៉ះពាល់​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កំពង់​បាយ​ខាងជើង​សង្កាត់​កំពង់បាយ ត​បំបែក​ចេញពី​ផ្លូវជាតិ​លេខ​៣​ ទៅ​ផ្លូវ​ត្រពាំង​ព្រលឹត​មាន​ប្រែង​៥៤០​ម៉ែត្រ ទទឹង​ផ្លូវ​មួយ​ចំណែក​ទំហំ​១០​ម៉ែត្រ ​និង​មួយ​ចំណែក​ធំ​ទៀត​ មាន​ទំហំ​២០​ម៉ែត្រ​ ដែល​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​។​

​លោក ជាវ តា​យ អភិបាលខេត្ត​បាន​បញ្ជាក់ថា​ ៖​ បញ្ហា​ប្រព័ន្ធ​ផ្លូវ លូ​ទឹក ​ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត ​មិន​ថា​ក្នុង​ក្រុង​ ឬ​ស្រុក​ដទៃ​ទៀត​ឡើយ ​គឺជា​បញ្ហា​ការ​គិតគូរ​ជា​ចាំបាច់​ និង​ជាប្រចាំ​របស់​រាជរដ្ឋាភិបាល ​ក៏​ដូច​រដ្ឋបាល​ខេត្ត​ និង​ក្រុង ស្រុក ឃុំ​សង្កាត់​កន្លងមក​។ ព្រោះ​បើ​មាន​ហេដ្ឋា​រចនាសម្ព័ន្ធ​ល្អ​សម្បូរ​បែប​វា​អាច​ផ្ដល់នូវ​ភាពងាយស្រួល​សព្វបែបយ៉ាង​ក្នុង​ការ​បម្រើ​ដល់​ជីវភាព​រស់នៅ​ និង​ការ​ចរាចរ​ប្រជាពលរដ្ឋ ដោយ​មើលឃើញ​ពី​ភាពចាំបាច់​នេះ ​ឬ​ការ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ជាវ តា​យ អភិបាលខេត្ត បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ ក្រុង សង្កាត់ ​និង​ប្រជាពលរដ្ឋ​ រួម​នឹង​អ្នក​ម៉ៅការ​សាងសង់ ​ត្រូវ​រួម​សហការ​គ្នា សម្របសម្រួល​ឲ្យ​បាន​ល្អ​ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​សាង​សង់​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឆាប់រហ័ស ​និង​តាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ​ ដើម្បី​បម្រើ​ឲ្យ​ការប្រើប្រាស់​បាន​យូរ​អង្វែង​។​

ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ ​អភិបាលខេត្ត ​ក៏បាន​ណែនាំ​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​សង្កាត់ ​ត្រូវតែ​យកចិត្តទុកដាក់​ជា​ចាំបាច់​ក្នុងការ​តាមដាន​ត្រួតពិនិត្យ​ប្រព័ន្ធ​លូទឹក​ផ្លូវ​ និង​បញ្ហា​អនាម័យ​បរិស្ថាន​ក្រុង​ដោយ​ទុកដាក់​ប្រមូល​សំរាម ​និង​ពង្រីក​សេវាកម្ម​ក្រុមហ៊ុន​ប្រមូល​សំរាម​ជាពិសេស​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ និង​ចូលរួម​ទើប​ការ​អភិវឌ្ឍ​ទទួល​បាន​លទ្ធផល​ជោគជ័យ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114