ព័ត៍មានទាន់​ហេតុការណ៏
Search

ផល សោ​ភ័​ណ្ឌ ឈ្នះ កូ​លាប ដាំ ខណៈ​យ៉េន ឌី​ណា​ ស្មើ​យុគ​ ផេ​ត​

អ្នក​ប្រដាល់ ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ​(Ko labdam Phran26 ) ក្នុង​ការជួប​ប្រកួត​គ្នា កាលពី​យប់​ថ្ងៃ​សុក្រ ​ទី​២៤ ខែ​​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

ផល សោ​ភ័​ណ្ឌ ឈ្នះ​កូ​លាប ដាំ ដោយ​ប្រផុតប្រផើយ​ប៉ុណ្ណោះ។ ក្នុងការ​ប្រកួត​គ្នា​៥​ទឹក​នោះ បើតាម​ការ​កត់សម្គាល់​នោះ ពួកគេ​ទាំងពីរ​ឈ្នះ​ពីរ​ទឹក​ម្នាក់ ដែល​តម្រូវ​កាត់ក្តី​ឈ្នះ​ចាញ់​ក្នុង​ទឹក​ទី​៥ ​ដែលជា​ទឹក​ចុងក្រោយ​នោះ។ នៅក្នុង​ការប្រកួត​ទឹក​ទី​៥ ដែលជា​ទឹក​ចុងក្រោយ​នោះ សោ​ភ័​ណ្ឌ បាន​យក​ប្រៀប​ឈ្នះ​លើ​កូ​លាប ដាំ ធ្វើ​ឲ្យ​ចប់​ការប្រកួត​ផល សោ​ភ័​ណ្ឌ ​ឈ្នះ​ដោយ​ពិន្ទុ។​

កូ​លាប ដាំ ប្រាន​២៦ នេះ ធ្លាប់​វាយ​ឈ្នះ​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ​ម្តង​ហើយ តែ​ពេលនេះ​ត្រូវ​ចាញ់​សោ​ភ័​ណ្ឌ​ ដោយ​ពិន្ទុ​វិញ ដែល​អាច​ថា សោ​ភ័​ណ្ឌ​ គេ​សងសឹក​កូ​លាប​ដាំ​បាន​វិញ​ហើយ​។​

សូម​បញ្ជាក់​ថា អ្នក​ប្រដាល់​ថៃ​កូ​លាប ដាំ​នេះ គេ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើន​លើក​ហើយ​កន្លងមក ដែល​ក្នុង​នោះគេ​ធ្លាប់​ឈ្នះ​ពិន្ទុ ធន ចាន់​តាក់ , ឈ្នះ​ផាន់ គ្រាន់ ដោយ​ពិន្ទុ , ឈ្នះ​សេក គឹម​រួន អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ដោយ​ពិន្ទុ​, គេ​បាន​វាយ​ឈ្នះ​សូត្រ ប៊ុន​ធី ជើង​ខ្លាំង​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ ហើយ​ថ្មីៗ​កន្លងទៅនេះ គេ​បាន​វាយ​ឈ្នះ​សេង ស្រឿ​ន ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មាសរ​ថ្ង​ក​ខេត្ត​ស្វាយរៀង​ក្នុង​ទឹក​ទី​៤ ឈ្នះ​ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។​

ចំពោះ​អ្នក​ប្រដាល់​យ៉េន ឌី​ណា សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​បាន​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ថៃ យុគ​ផេ​ត ផេ​ត​កា​សាម (Yokpetch Petchkarsam) បន្ទាប់ពី​វាយ​គ្នា​៥ ​ទឹក​ពេញ​នោះ។
​ ​
យ៉ាងណា ការផ្តល់​ពិន្ទុ​អោយ​យ៉េន ឌី​ណា ​ស្មើ​ជាមួយ​យុគ​ផេ​ត​នេះ មិន​ត្រូវ​បាន​អ្នកទស្សនា​គាំទ្រ​នោះ​ទេ។

យ៉េន ឌី​ណា ក្នុងការ​ប្រកួត​ទឹក​ទី​៣ ត្រូវ​យុគ ផេ​ត ផេ​ត​កា​សាម វាយ​មួយ​កែង​ស្តាំ ចំ​ថ្គាម​ខាងឆ្វេង​របស់​ឌី​ណា ធ្វើ​ឲ្យ​យ៉េន ឌី​ណា ដួល​វង្វេងស្មារតី ប៉ុន្តែ​ក្រោយពី​អាជ្ញាកណ្ដាល​រាប់​ដល់​៨ និង​ស្នូរ​ជួង​បញ្ចប់​ទឹក​បន្លឺ​ឡើង​ផង​នោះ ក៏​ធ្វើឲ្យ ​ឌី​ណា ​រួច​ផុត​ពី​បរាជ័យ។

តែ​យ៉ាងណា យ៉េន ឌី​ណា មិន​ត្រឹមតែ​មិន​ចាញ់​ទេ ថែមទាំង​បាន​ស្មើ​ពិន្ទុ​ជាមួយ​យុគ ផេ​ត ផេ​ត​កា​សាម ក្រោយពេល​បញ្ចប់​ការប្រកួត​នោះ។
សូម​បញ្ជាក់​ថា យុគ ផេ​ត ផេ​ត​កា​សាម​នេះ គេ​ធ្លាប់​ផ្ដួល​យ៉េន ឌី​ណា ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ម្តង​រួចមក​ហើយ​កាលពី​ជួបគ្នា​កន្លងមក។​ ហើយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​វាយ​ឈ្នះ​ផល សោ​ភ័​ណ្ឌ ​ដោយ​ពិន្ទុ​ផងដែរ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ខេត្ត​ពោធិ៍សាត់ បាន​វាយ​ឈ្នះ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ឡុង ហាក់ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម បាន​វាយ​ឈ្នះ បាង បិទ អ្នក​ប្រដាល់​ក្លិប​អា​ណា​ចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ​ដែរ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៤៨​គីឡូក្រាម​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114