ព័ត៍មានទាន់​ហេតុការណ៏
Search

តែងតាំង​អនុប្រធាន​សហព័ន្ធ​ហែល​ទឹក​៣​រូប​ទៀត ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​ លើក​ទី​៤៣

​ហែល​ទឹក ៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ​បានសម្រេច​តែងតាំង​បន្ថែម នូវ​អនុប្រធាន​ចំនួន​៣​រូប​ទៀត ក្នុង​ខណៈ​ដែល​កម្ពុជា​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក​ជ្រើស​រើស​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី​៤៣ “ 43rd Sea AgeGroup Swimmin Championships”​ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៨ ​ដល់​ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

អនុប្រធាន​ទាំង​៣​រូបនោះ​រួមមាន អនុប្រធាន​ទី​១ លោក សួង ហេង រដ្ឋលេខាធិការ ​នៃ​ក្រសួង​សាធារណ​ការ​ និង​ដឹកជញ្ជូន លោក​ឧកញ៉ា លាង ឃុន អនុប្រធាន និង​ ប្រធាន​ក្រុមហ៊ុន ជីប ម៉ុង គ្រុប និង​អនុប្រធាន​មួយទៀត​ លោក បុ​ន ប៊ុន​ហួន អនុរដ្ឋលេខាធិការ​ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ លោក​ឧកញ៉ា លាង ឃុន តែងតែ​ជួយឧបត្ថម្ភ​ដល់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ក្នុងការ​កសាង​អាង​ហែល​ទឹក​នៅ​ខេត្តបាត់ដំបង​។​

លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹងថា សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ដែលមាន​លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល ជា​ប្រធាន​នោះ មាន​អនុប្រធាន​ចំនួន​៤​រូប​រួចមកហើយ ពេលនេះ​សហព័ន្ធ​បាន​បន្ថែម​អនុប្រធាន​ចំនួន​៣​រូប​ទៀត ដែល​សុទ្ធតែជា​ឥស្សរជន និង​សេដ្ឋី។

លោក​បាន​បន្តថា តាម​អនុសាសន៍​របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ក្នុង​ការអភិវឌ្ឍ​វិស័យ​ក្នុងប្រទេស​កម្ពុជា ​ត្រូវមាន​ការចូលរួម​ពី​ផ្នែក​ក្រុមហ៊ុន​ឯកជន ជាពិសេស​ លោក​ឧកញ៉ា ប្រធាន​ក្រុមហ៊ុន និង​អ្នក​មាន​ទ្រព្យធន​នានា​។

សូម​បញ្ជាក់​ថា ឧកញ៉ា លាង ឃុន បាន​ជួយឧបត្ថម្ភ​ដល់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​ក្នុង​ការ​កសាង​អាង​ហែល​ទឹក​នៅ​ខេត្ត​បាត់ដំបង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114