ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​-​កីឡា​ការិនី​លើក​ទម្ងន់​៨​នាក់​ ទៅ​ហាត់​នៅ​ចិន​ ត្រៀម​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​

​​ស៊ី​ហ្គេម​ ៖ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា នឹង​បញ្ជូន​កីឡាករ កីឡា​ការិនី​របស់​ខ្លួន ទៅ​ធ្វើ​ការ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​រយៈពេល​យូរ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម​(SEA GAM ES) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំ​២០១៩ នេះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ ដែល​ជា​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​មានប្រសាសន៍​ឲ្យ​ដឹង​ថា សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ចំនួន​៨​នាក់ ទៅ​ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន មុនពេល​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣០ ចាប់​ផ្តើម​ការប្រកួត​នៅ​ចុង​ឆ្នាំ​២០១៩​ខាងមុខនេះ។

លោក​ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​បន្ត​ថា សម្រាប់​ប្រភេទ​ទម្ងន់​ដែល​សហព័ន្ធ​ ត្រូវ​ទៅ​ចូលរួម SEA GAMES​ឆ្នាំនេះ រួមមាន បុរស​មាន​ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម​ ទម្ងន់​៦១​គីឡូ​ក្រាម ទម្ងន់​៦៧​គីឡូក្រាម និង​ទម្ងន់​៧៣​គីឡូក្រាម និង​ នារី​មាន​ក្នុង​ប្រភេទ​ទម្ងន់​៤៥​គីឡូក្រាម​ទម្ងន់ ៤៩​គ​.​ក្រ ៥៥​គីឡូក្រាម និង​ទម្ងន់​៥៩​គីឡូក្រាម​។​

លោក វ៉ា​ត់ ចំរើន បាន​ដាស់តឿន​សុំ​ឲ្យ​កីឡាករ កីឡា​ការិនី នៅ​ពេល​ទៅដល់​ប្រទេស​ចិន ​ត្រូវខិតខំ​ប្រឹងប្រែង​ហាត់​ឲ្យ​បាន​ម៉ត់ចត់ និង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដណ្តើម​មេដាយ​ជូន​ប្រទេសជាតិ ហើយ​លោក​អរគុណ​ដល់​កីឡា​ការិនី​ខ្មែរឥស្លាម ដែល​បាន​ក្លាយ​ជា​កីឡា​ការិនី​លើក​ទម្ងន់​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ការប្រកួត​កីឡា​SEA GAMES​ នៅ​ហ្វីលីពីន​ឆ្នាំ​២០១៩​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114