ព័ត៍មានទាន់​ហេតុការណ៏
Search

ខណៈ​រដូវ​វស្សា​​ឈាន​ចូល​មកដល់​ ប្រជាកសិករ​ ខេត្ត​ព្រះសីហនុ ​ចាប់ផ្ដើម​សាប ​ពង្រោះ​ ដីស្រែ​របស់​ខ្លួន​បណ្តើរៗ​ហើយ

ព្រះសីហនុ ​៖​ លោក នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​​ប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះសីហនុ បាន​មាន ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ភ្ជួរ​រាស់​សាប​ពង្រោះ​របស់​ប្រជាកសិករ​នៅ​ស្រុក​ព្រនប់ គិត​មកដល់​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ ​មាន​ផ្ទៃដី​ភ្ជួរ​រាស់​បាន​ចំនួន​២.៦៦៨.៧៥ ​ហិកតា​ ផ្ទៃដី​សាប​បាន​ចំនួន ០,៤៣​ហិកតា និង​ផ្ទៃដី​ព្រោះ ស្រូវ​បាន​ចំនួន​​១.៥១៨.៥​ហិកតា និង​ដំណាំ​រួមផ្សំ​ជាង​៤​ហិកតា​ផង​ដែរ។

លោក​នេន ចំរើន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​លោក ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​នៅ​ឆ្នាំនេះ អំណោយ​ផល ទឹកភ្លៀង​មាន​គ្រប់គ្រាន់ ធ្វើ​ឲ្យ​បងប្អូន​ប្រជាកសិករ​មាន​ការ​សប្បាយ​ចិត្ត​ និង​រួសរាន់​ក្នុង​ការ​ភ្ជួរ​រាស់​សាប ពង្រោះ​​​បាន​ទាន់​ពេល​វេលា។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ​សម្រាប់​ប្រជាកសិករ​នៅ​ខេត្ត​ព្រះសីហនុ ​ក្នុងស្រុក​ព្រៃនប់​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ពួកគាត់ បាន​ធ្វើ​ស្រូវ​ពង្រោះ​ស្ទើរតែ​៩០​ភាគរយ​ហើយ​ ព្រោះ​ពួកគាត់​ខ្វះ​កម្លាំង​ពលកម្ម​ដក​ស្ទូង​ដោយ​បងប្អូន​កូនចៅ​របស់​ពួកគាត់​ស្ទើរតែ​១០០​ភាគរយ ​បាន​ងាក​មក​ប្រកបរបរ​ធ្វើការ​ នៅ​ក្នុង​រោងចក្រ​សហគ្រាស ដែល​មាន​ប្រាក់កម្រៃ​ច្រើន​សម្រាប់​ចិញ្ចឹម​ ជីវភាព​គ្រួសារ​របស់​ពួកគាត់​ ខណៈ​ ពេល​ដែល​ស្រុក​ព្រៃនប់ មាន​រោងចក្រ​សហគ្រាស​ច្រើន ហើយ​តម្រូវការ​បុគ្គលិក​កម្មករ ក៏​ត្រូវ​ការ​ច្រើន​ធ្វើ​ឲ្យ​ពួកគាត់​ខ្វះ​កម្លាំង​ដក​ស្ទូង ហើយ​ពួកគាត់​មានតែ​ជម្រើស​សាប​ពង្រោះ​ទោះបី​ទិន្នផល​មិនបាន​ខ្ពស់​យ៉ាង​ណា​ក៏ដោយ។

ទន្ទឹម​នឹង​ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នេះ​ដែរ លោក​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ឲ្យ​មន្ទីរ​កសិកម្ម ខេត្ត ជំរុញ​ដល់​ប្រជាកសិករ ដាំ​ដំណាំ​រួមផ្សំ និង​បង្ហាត់បង្ហាញ​អំពី​បច្ចេកទេស​ ដាំ​ដំណាំ ការ​ចិញ្ចឹម​សត្វ ចិញ្ចឹម ត្រី និង​ផ្ដល់​ពូជ​ ដល់​ពួកគាត់​ ដើម្បី​បង្កើន​ប្រាក់ចំណូល​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ព្រោះ​បច្ចុប្បន្ន​នៅ​លើ​ទីផ្សារ បន្លែ​ត្រី​សាច់​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114