ព័ត៍មានទាន់​ហេតុការណ៏
Search

ឆក់​កាបូប​មិនបាន១ថ្ងៃ​ផង កម្លាំង​ព្រហ្មទណ្ឌ​តាម​ក្របួច​យក​មក​វិញ​ទាំងអស់​

​បាត់ដំបង ៖ ក្រុម​ចោរឆក់​ដ៏​ក្មេងខ្ចី​មួយ​សំបុក ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នៃ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល តាម​ក្របួច​យកមក​វិញ​ទាំងអស់​ បន្ទាប់ពី​ក្រុម​ក្មេង​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់ ហើយ​គេចខ្លួន​មិនបាន​២៤​ម៉ោង ផង។​

​គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប ពី​ជនរងគ្រោះ​ឈ្មោះ ប៊ី សាវ​ឌី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង១និង១០នាទី រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់ចំណុច​ខាងមុខ​ខារ៉ាអូខេ (​ហូលីវូត​) ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយ​ក្រុមចោរ​បាន​គេចខ្លួនបាត់​អស់ សម្ភារៈ​ដែល​បាត់បង់​គឺ​ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone8 ពណ៌​ផ្កាឈូក ។​

បន្ទាប់ពី​បាន​ស្រាវជ្រាវ​រួចមក និង​ដោយមាន​ការអនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ផង​នោះ​ នៅ​ថ្ងៃទី​២៣ ​ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង៨និង៣០នាទី​យប់ នៅ​ចំណុច (​បូរី​គុយ​ហ្សេ​) ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជា​មួយ ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​(​ឆក់​កាបូប​)។​

​ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​មាន ១.ឈ្មោះ សុខ លាង​ឆាយ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង, ២.ឈ្មោះ ឯក ពេជ្រ​វិសាល ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង, ៣.ឈ្មោះ ព្រំ សុ​ផាត់​តា​ណា ហៅ មិច ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិក​ន្ទឺ​២ ឃុំ​ក​ន្ទឺ ស្រុក​បាណន់។​

​ក្នុងការ​ឃាត់ខ្លួន​នេះដែរ លោក​នាយ​ការិយាល័យ ឈឿង គឹម​សុង ក៏បាន​បញ្ជាក់ថា​ វត្ថុតាង​ដែល​ដកហូត​មកវិញ​រួមមាន ម៉ូតូ១គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង​1AC.3459 និង​ទូរស័ព្ទ​ដៃ​នោះមក​វិញ។

បច្ចុប្បន្ន​ ការិយាល័យ​ជំនាញ​ កំពុង​ធ្វើការ​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114