ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​កូនប្រសា​ វាយ​ធ្វើបាប​កូនស្រី​ខ្លួន​ចំពោះ​មុខ ម្ដាយ​យក​កាំបិត​មក​ចាក់​សម្លាប់​ រួច​ដើរមក​សារភាព​នៅ​ប៉ុស្តិ៍​ប៉ូលិស

ភ្នំពេញ​ ៖​ ស្ត្រី​២​នាក់​ម្ដាយ ​និង​កូន​ បាន​នាំគ្នា​ដើរមក​កាន់​ទីស្នាក់ការ​ប៉ុស្តិ៍​ប៉ូលិស​ដោយ​សារភាព​ថា ពួក​ខ្លួន​ជា​ឃាតក សម្លាប់​បុរស​ម្នាក់​ត្រូវជា​ប្ដី ​និង​ជា​កូនប្រសា ​ដោយសារតែ​ទប់​កំហឹង​មិនបាន​នៅ​ពេល​ឃើញ​បុរស​នោះ​ចាប់​វាយ​កូនស្រី​របស់​ខ្លួន​នៅ​ចំពោះ​មុខ ​រួមផ្សំ​នឹង​គំនុំ​ចាស់​ផង។

ហេតុការណ៍​ដ៏​ចម្លែក​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៩យប់ ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

ស្ត្រី​ជាប់ចោទ​ជា​ឃាតក ខាងលើ​ឈ្មោះ គង់ ធីតា ហៅ​ម៉ាក់​ស្រី​ស អាយុ​៤៩​ឆ្នាំ មុខរបរ​ជាង​កាត់ដេ​រ​នៅផ្ទះ​មាន​ទីលំនៅ ភូមិ​១៣ ក្រុម​៧៦ សង្កាត់​ទន្ទេបាសាក់ ខណ្ឌ​ចំការមន​(​ម្ដាយ​) និង​កូន​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ហៅ​រី អាយុ​២០​ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជួល​ជាមួយ​អតីត​ប្តី (​សព​ជនរងគ្រោះ​)​ឈ្មោះ គឹម យ៉​ត ហៅ គឹម សីហា អាយុ ២៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អេ​ច្ស​ឡែ​ន លក់​ដីឡូត៍ ផ្ទះ​ស្នាក់នៅ​ជួល​ចំណុច​ផ្ទះ​កើត​ហេតុ​ខាងលើ។

​ប៉ូលិស​និយាយថា ​៖ បើតាម​ការ​រៀប​រាប់​សារភាព​របស់​ជនសង្ស័យ​ជា​ឃាតក​ទាំង​២​នាក់ ជា​ម្តាយ​និង​កូន​នោះ បាន​អោយ​ដឹង​ថា ​៖​ កន្លងមក​ជនរងគ្រោះ បាន​មក​ទំនាក់​ស្នេហា​ជាមួយ​កូនស្រី​ខ្លួន ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី ហើយ​មក​ជួល​ផ្ទះ​ស្នាក់នៅ​ជាមួយគ្នា​នៅ​ចំណុច​ផ្ទះកើតហេតុ​នោះ​។ ក្រោយមក នាង​ជា​ម្ដាយ​(​គង់ ធីតា​)​ខ្លាច​ខាង​ប្រុស​ដោះដៃ​ ក៏បាន​ណែនាំ​ប្រាប់​អោយ​កូនប្រសា​ទៅ​ចុះ​អេតាស៊ីវិល បញ្ជាក់​ថា​ជា​ប្តី​ប្រពន្ធ​ស្របច្បាប់ ​តែ​ជនរងគ្រោះ​ជា​កូនប្រសា​ ​មិន​ព្រម​ ដោយ​ឆ្លើយតប​ថា​៖ចាំមើល​២​ទៅ​៣​ឆ្នាំ​ទៀត​។ ក្រោយមក​ចេះតែ​មានរឿង​ឈ្លោះប្រកែក​គ្នា​ជា​ញឹក​ ដោយសារ​កូនប្រសា​​វាយ​ធ្វើបាប​កូនស្រី​របស់ខ្លួន​ទំនងជា​ចង់​ដោះដៃ​គេចចេញ។

នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៩ នាង​ង៉ូ​យ សុ​ម៉ា​រី បាន​ទូរស័ព្ទ​ហៅ​ម្តាយ​របស់​ខ្លួន​អោយ​មក​ជួយ​មើល​ថែទាំ​ប្តី​របស់ខ្លួន​ដោយសារ​ឃើញ​មាន​ជំងឺ​ដេក​នៅផ្ទះ​ តែ​មិនដឹង​ឈឺ​អី​គេ​មិន​ប្រាប់​។ នៅ​ពេលនោះ​នាង គង់ ធីតា ក៏​មក​ជួយ​តាម​សំណើ​​សុំ​របស់​កូនស្រី​ខ្លួន នៅ​ថ្ងៃ​នោះ​ដែរ​នាង ង៉ូ​យ សុ​ម៉ា​រី គ្មាន​លុយ​ទិញ​ម្ហូប ក៏បាន​សុំ​លុយ ប្តី​ចំនួន​១​ម៉ឺន​រៀល តែ​ខាង​ប្តី​ជនរងគ្រោះ បែរជា​មិន​អោយ​ហើយ​ថែមទាំង​ងើប​ដើរមក​វាយ​នាង​និង​ច្របាច់​កទៀត ធ្វើអោយ​នាង​ស្រែក​អោយ​ម្តាយ​ជួយ។

ចំណែកឯ​ម្តាយ​វិញ​ពេល​ឃើញ​កូនប្រសា​ប្រើ​អំពើ​ហិង្សា​បែបនេះ មកលើ​កូនស្រី​សំណព្វចិត្ត​របស់ខ្លួន ខឹង​ពេក​ ក៏​ស្ទុះ​មក​ជួយ​ដោយមាន​កាន់​កាំបិត​២​ដៃ​ម្ខាង​កាន់​កាំបិត​ចុង​ស្រួច​ និង​ដៃ​ម្ខាង​ទៀត​កាន់​កាំបិត​បុ័ងតោ ចូលមក​ចាក់​កូនប្រសា​ចំ​ត្រង់​ចំហៀង​ខ្លួន ធ្វើអោយ​ជនរងគ្រោះ​ទន់​ដួល ហើយ​ភ្លាមៗ​នោះ​ដែរ​ នាង​ជា​ម្តាយ​ភ័យ​ខ្លាច​ជនរងគ្រោះ​វាយតប​ បាន​ស្ទុះ​ទៅ​ទាញ​យក​ខ្សែ​ភ្លើង​ក្បែរ​នោះ មក​ចង​រុំ​​​ព័ទ្ធ​ជើង​ជនរងគ្រោះ​ រួច​យក​កាំបិត​ស្រួច​ចាក់​បំពង់ក​២​កាំបិត​ទៀត​រហូត​ស្លាប់​តែម្តង​។​

ក្រោយ​ពេល​សម្លាប់​កូនប្រសា​រួច​ នាង​ជា​ម្តាយ​បាន​យក​បាវ​មក​រុំ​ចង​សាកសព​ទៅ​បោះចោល​ដើម្បី​រត់​គេច​ខ្លួន ប៉ុន្តែ​ធ្វើ​ទៅ​មិន​រួច​ក៏បាន​សម្រេចចិត្ត​ដឹក​ដៃ​កូនស្រី​នាំ​គ្នា​ដើរមក​កាន់​ទីស្នាក់ការ​ប៉ុស្ដិ៍​ប៉ូលិស​សង្កាត់​ទឹកថ្លា ដើម្បី​សារភាព​ទទួលទោស​កំហុស​តាម​ត្រង់​ថា​៖ ពួក​នាង​ជា​ឃាតក សម្លាប់​កូនប្រសា​ ​និង​ជា​ប្តី​របស់​ខ្លួន​។​

ប៉ូលិស​ក៏បាន​ចាប់​ឃុំ​ខ្លួន​ពួក​នាង​ជា​ ម្ដាយ ​និង​កូន​ សាកសួរ​ចម្លើយ​ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​វិនិច្ឆ័យ​ទោស​តាមច្បាប់ ដែល​គេ​ករណី​នេះ ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​អំពើ​ឃាតកម្ម​ដោយ​អ​ចេតនា​ច្រើនជាង​ចេតនា​ព្រោះ​ដើម្បី​ការពារ​ខ្លួន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114